ព័ត៌មានទាន់ហេតុការណ៍៖

កាន់តែរំជួលចិត្ត ស្រក់ទឹកភ្នែក ក្រោយស្តាប់បទ សោកនាដកម្ម របស់មរតកមេឌៀ

ចែករំលែក៖

ភ្នំពេញ៖ ប្រជាជនខ្មែរបានបង្ហាញពីអារម្មណ៍ក្តុកក្តួលខ្លាំង ចំពោះការការបាត់បង់ជីវិត នៅទីក្រុងព្រះសីហនុ ដោយសារការរលំអគារ ។ កាន់តែរំជួល និងក្តុកក្តួលចិត្តក្រោយពីតារាចម្រៀងមួយចំនួនរបស់ផលិតកម្មមរតកមេឌៀ បានបញ្ចេញបទចម្រៀងថ្មីមួយភ្លាមៗគឺបទ សោកនាដកម្ម ដែលធ្វើឲ្យអ្នកស្តាប់ទប់ទឹកភ្នែកមិនបាន ។

យ៉ាងហោចណាស់មានសិល្បករ ប្រចាំផលិតកម្មខាងលើចំនួន៩រូប បានរួមគ្នាច្រៀងបទចម្រៀង សោកនាដកម្ម ដែលរៀបរាប់អំពីភាពសោកសង្រេងរបស់សាច់ញាតិក្រុមគ្រួសារសព ដែលបានបាត់បង់សមាជិកក្រុមគ្រួសារពិសេសឪពុកម្តាយ ដែលត្រូវបានថ្ម និងដែកនៃសំណង់អគាររលំសង្កត់ដោយមិនបានលាមួយម៉ាត់ ។

ជាបទ លំនាំបទមរតកដើមមានចំណងជើងថា កត្តញ្ញូ នេះបានធ្វើឲ្យអ្នកស្តាប់សម្រក់ទឹកភ្នែក អមដោយខ្លឹមសារ និងរូបភាពដ៏គួរឲ្យខ្លោចផ្សារ ។

បទចម្រៀងនេះ ច្រៀងដោយតារាចម្រៀង លោក នាងប្រាក់សុគន្ធ កញ្ញា ដានីកា លោក សយ រតនា នាយព្រែក អ្នកស្រី ចាន់ធឿន លោក សុភ័ស កញ្ញា សុវណ្ណរ័ត្ន កញ្ញា គ្រីប លក្ខិណា និង លោក ណាវ៉ាត់ ។ បទនេះនិពន្ធទំនុកច្រៀងដោយលោកសយ រតនា ។

ក្នុងខ្លឹមសារបទចម្រៀងនេះ ក៏បានផ្ញើសាររំលែកទុក្ខជូន ចំពោះអ្នក ដែលបាត់បង់សមាជិកគ្រួសារ និងមិត្តភក្តិ នៅក្នុងគ្រោះថ្នាក់នេះ ។ នៅលើគណនីយរបស់ផលិតកម្ម ក៏បានបង្ហោះសារអមដោយបទចម្រៀងនេះថា យើងខ្ញុំជាតារាចម្រៀង​ បុគ្គលិក​ របស់​ ផលិតកម្ម​ មរតក​ មេឌៀ​ សូមចូលរួមសោកស្ដាយចំពោះការបាត់បង់អាយុជីវិត ​នៃជនរងគ្រោះទាំងដោយ​ ឧបទ្ទវហេតុ​ រលំអគារប្រាំពីរជាន់ ក្នុងខេត្តព្រះសីហនុ! សូម​វិញ្ញាណក្ខន្ធ​របស់អស់លោក បានទៅកាន់សុគតិភពផងចុះ! ។

គួរបញ្ជាក់ដែរថា សំណង់​អគារ​កម្ពស់៧ជាន់ ដែលបានដួលរលំខាងលើ​ ដែល​មាន​ម្ចាស់​ឈ្មោះ ជីង គ័ង ជា​ជនជាតិ​ចិន បាន​សាង​សង់​លើ​ផ្ទៃដី​ទំហំ ៥៨៣ ម៉ែត្រការ៉េ មិន​មាន​ច្បាប់​អនុញ្ញាត​នោះ​ទេ បានបាក់រលំរាបដល់ដីកាលពី ព្រលឹមថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ។ រដ្ឋបាលខេត្តព្រះសីហនុ បានបិទបញ្ចប់ការរុករកជនរងគ្រោះ ក្នុងអគារ៧ជាន់ ដែលបាក់រលំ នៅត្រឹមម៉ោង៧កន្លះយប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ ។ ជនរងគ្រោះទាំងអស់ មាន៥៤នាក់ ដោយក្នុងនោះ មាន២៨ស្លាប់ (ស្រី៤នាក់) និង២៦នាក់របួស (ស្រី២នាក់)៕ វឌ្ឍនា


ចែករំលែក៖