ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ៣៥គ្រួសារតំណាងឲ្យ១៤៥គ្រួសារបានតវ៉ាប្រឆាំងនិងការលើកឡើងរបស់យោធាមូលដ្ឋានកងការពារអាកាសវរៈ៩១ ដែលមានទំនាស់រឿងដីធ្លីជាមួយពួកគាត់ជិត២០ឆ្នាំកន្លងមកហើយនោះ ។ ដោយពួកគាត់បានចោទប្រកាន់ថា យោធាខាងលើមិនត្រឹមតែរំលោភុកដីរបស់ពួកគាត់ប៉ុណ្ណោះទេថែមទាំងប្រឆាំង នឹងចំណាររបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្រេចប្រគល់ដីជូនពួកគាត់ផង និងនិយាយបំភ្លៃខុសពីការពិតប្រាប់ដល់សារព័ត៌មានក្នុងស្រុកមួយ ដើម្បីធ្វើឲ្យសម្ដេចយល់ច្រឡំថា ទំនាស់នោះត្រូវបានដោះស្រាយចប់ហើយអ្នកភូមិទាំងអស់ទទួលបានដី ប៉ុន្តែជាការពិតដីទំហំជិត១០ហិចតា ត្រូវបានយោធាយកលក់ជិតអស់ហើយ ចំណែកពួកគាត់ បើរឿងនោះចប់ និងទទួលបានដីតាមចំណាររបស់សម្ដេចនោះក៏មិនតវ៉ារហូតមកដល់ពេលនេះឡើយ ។
ប្រជាពលរដ្ឋទាំងនោះបានលើកគ្នាទៅតវ៉ាដល់ទីតាំងដីទំនាស់ស្ថិតនៅជាប់បន្ទាយមូលដ្ឋាកងការពាអាកាស ស្ថិតនៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង១ និង៣០នាទីថ្ងៃត្រង់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ។
ប្រជាពលរដ្ឋបាននិយាយថា ពួកគាត់បានតវ៉ាតែរហូតមកហើយនៅពេលយោធារំលោភបំពានចាក់ដី និងឈ្លានពានលើដី ដែលជាចំណែករបស់ពួកគាត់ទំហំ ៤៣,៧៥០ម៉ែត្រការ៉េ ដែលក្រុមការងារបែងចែកកាត់ចេញពីដីទំហំ៩ហិចតា៣០អារ ហើយការបែងចែកនោះក៏ផ្អែក និងយោងតាមចំណារដ៏ខ្ពង់ខ្ពស់របស់សម្ដេចនាយរដ្ឋមន្រ្តីផងដែរ ។ ប៉ុន្តែថ្មីៗនេះយោធាបានលួចចាក់ដីលុបស្រះនៅលើដី ដែលជាចំណែកពួកគាត់ខាងលើទើបពួកគាត់តវ៉ាហើយបែរជាយោធាខាងលើនិយាយបែបបំភ្លៃការពិតប្រាប់ដល់កាសែតក្នុងស្រុកមួយថា «អ្នកភូមិខាងលើតវ៉ា៣០ទៅ៤០ដងមកហើយ ប៉ុន្តែខាងអធិការកិច្ចបានដោះស្រាយប្រគល់ដីឲ្យពួកគាត់រួចហើយដែរ តែអ្នកភូមិទាំងនោះចេះតែកើកូនកើតចៅបន្តទៀត ចំណែកអ្នក ដែលតវ៉ាមិនមែនជាអ្នកនៅក្នុងបញ្ជីឡើយ ហើយមិនដឹងយ៉ាងម៉េចពួកវានៅតែតវ៉ាទៀត» ដែលការនិយាយបែបនេះអាច និងធ្វើឲ្យសម្ដចយល់ច្រឡំថាទំនាស់នោះត្រូវបានដោះស្រាយចប់ហើយអ្នកភូមិទាំងអស់ទទួលបានដី ប៉ុន្តែជាការពិតដីទំហំជិត១០ហិចតា ត្រូវបានយោធាយកលក់ជិតអស់ហើយចំណែកពួកគាត់បើរឿងនោះចប់ និងទទួលបានដីតាមចំណាររបស់សម្ដេចនោះក៏មិនតវ៉ារហូតមកដល់ពេលនេះឡើយ ។
ប្រជាពលរដ្ឋបាននិយាយថា រឿងរ៉ាវ ដែលនាំឈានដល់ការទំនាស់គ្នារវាងពួកគាត់ និងយោធាអង្គភាពខាងលើនោះ ក៏ព្រោះតែពួកគាត់ចិត្តល្អ និងទុកចិត្តយោធានោះពេក ហើយក៏មិននឹកស្មានដល់ដែរ ។ ដោយកាលពីអំឡុងឆ្នាំ១៩៨៧ កងទ័ពការពារដែនអាកាសវរៈ៩១នេះខ្ចីដីរួមសាមគ្គីភូមិព្រៃទា ពីពួកគាត់ទំហំជាង៩ហិកតា ដើម្បីធ្វើជាមូលដ្ឋានកងទ័ពជាបណ្ដោះអាសន្នប៉ុណ្ណោះ ហើយបានសន្យាថា នឹងប្រគល់មកឲ្យពួកគាត់វិញនៅពេល ដែលអ្នកភូមិត្រូវការ ។ រហូតដល់ឆ្នាំ២០០២ ពួកគាត់បានទាមទារយកដីមកវិញដើម្បីចែកកូនចៅក្នុងភូមិ ដែលបែកគ្រួសារដើម្បីរស់នៅ ស្រាប់តែយោធាមិនព្រមប្រគល់ឲ្យវិញឡើយ ។
ប្រភពដដែលបានបន្តថា ក្រោយយោធាក្បត់ពាក្យសន្យាបែបនេះ ពួកគាត់បាននាំគ្នាតវ៉ាជាបន្តបន្ទាប់ ក្រោយមកយោងតាមចំណាររបស់សម្ដេចនាយករដ្ឋមន្រ្តី ក្រុមការងារដឹកនាំដោយក្រសួងការពារជាតិបានសម្រេចដូចខាងក្រោមគឺ ទី១ កាត់ដីទំហំជាង៣ហិចតា និងផ្តល់ប័ណ្ឌកម្មសិទ្ធិជូនទៅគ្រួសារកងទ័ពចំនួន១២៤គ្រួសារ ។ ទី២ កាត់ដីទំហំ៤៣,៧៥០ម៉ែត្រការ៉េ ប្រគល់ជូនពួកគាត់៣៥គ្រួសារ តំណាងឲ្យ ១៤៥គ្រួសារ និងទី៣ ដី ដែលនៅសល់ទំហំជាង១ហិចតា៤០អារ រួមជាមួយដី២ហិចតាកន្លះ ស្ថិតនៅក្នុងភូមិអង្គ សង្កាត់ចោមចៅ ប្រគល់ជូនកងទ័ពខាងលើនោះ ។ ម្យ៉ាងកាលពីអំឡុងឆ្នាំ២០១៨ លោកហ៊ុន ម៉ាណែត ក៏បានចុះទៅសម្របសម្រួល និងសន្យាជួយដោះស្រាយដែរ ប៉ុន្តែក្រោយម កស្រាប់តែស្ងាត់ឈឹងទៅវិញ ។
ប្រភពដដែលបានបន្តថា ក្រោយពេលឯកភាពគ្នាអស់ហើយ នៅរយៈពេលត្រឹមតែ២ថ្ងៃប៉ុណ្ណោះ ដល់ពេលប្រគល់ទៅហើយ ស្រាប់តែអត់វិញ ដោយក្រុមការងារឈប់ដោះស្រាយទៅវិញ ហើយមូលហេតុ ដែលមិនដោះស្រាយនោះ ក៏នៅតែជាអាថ៌កំបាំងរហូតមកទល់ពេលនេះ ។ បន្ទាប់មកយោធាបានធ្វើសកម្មភាពរំលោភលើដីទំនាស់ស្រេចតែចិត្ត ចំណែកពួកគាត់នៅតែបន្តតវ៉ាជាបន្តបន្ទាប់ដែរ ហើយរឿងនោះ ថ្វីតែមិនទាន់ដោះស្រាចេញ ប៉ុន្តែបានស្ងប់ស្ងាត់មួយរយៈមកហើយ លុះដល់ពេលនេះ ស្រាប់តែយោធាចាក់ដីលុបស្រះដើម្បីពុះឡូត៌លក់ ទើបពួកគាត់នាំគ្នាតវ៉ាជាថ្មីទៀត ។ ខាងលើនេះ គឺជាការឲ្យដឹងពីអ្នកភូមិ ដោយឡែកខាងយោធា មិនអាចទំនាក់ទំនងសុំការបំភ្លឺបានឡើយ ៕ សុខាសែនជ័យ