ភ្នំពេញ៖ អធិការនគរបាលខណ្ឌសែនសុខ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង បញ្ជាក់ប្រាប់ ថា នៅព្រឹកថ្ងៃទី២៦ ខែមិថុនា នេះ នគរបាលនឹងបញ្ជូនលោក ហេង សុវណ្ណារ៉ា នាយរងការិយាល័យប្រឆាំងគ្រឿងញៀន នៃមន្ទីរប្រឆាំងគ្រឿងញៀន(ក៤) ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ករណីបាញ់រះក្នុងចេតនាសម្លាប់មនុស្ស ព្រោះតែរឿងគំនុំ ។
ហេតុការណ៍នៃការបាញ់បោះសេរីក្នុងអំពើប៉ុនប៉ងឃាតកម្មនេះ គឺ កើតឡើងនៅថ្ងៃ២៤ ខែមិថុនា វេលាម៉ោង២២៖៣៥នាទី នៅចំណុចក្នុងផ្ទះជួល ផ្លូវបេតុង ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ សុង សូណា ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបោកអ៊ុតខោអាវ ស្នាក់នៅផ្ទះជួលលេខ១០ ផ្លូវបេតុង ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ សម្ភារៈខូចខាត រួមមានធ្លុះការ៉ូ , ធ្លុះទ្វារកញ្ចក់ , ធ្លុះពិដាន និង ធ្លុះកញ្ចក់បង្អួចឡៅតឿ ។ សម្ភារៈបន្សល់ទុក រួមមាន អាកាស្វាយបត់១ដើម លេខ១៦២០៤៦១ , បង់១ មានគ្រាប់១២គ្រាប់ សំបកគ្រាប់១១ , ក្បាលគ្រាប់០២ , រថយន្តមួយគ្រឿង ម៉ាកស្តារិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AX-9509 ។
លោកអធិការខណ្ឌសែនសុខ បញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះកំពុងដេកក្នុងបន្ទប់ជួល របស់ខ្លួន ស្រាប់តែឮសំលេងផ្ទះគ្រាប់កាំភ្លើង ចូលក្នុងផ្ទះជួលរបស់ខ្លួនជាច្រើនគ្រាប់ រួចជនសង្ស័យបានបើកឡានគេចខ្លួនទៅបាត់ ។
បន្ទាប់មកកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ បានចុះដល់ចំណុចកើតហេតុ ធ្វើការស្រាវជ្រាវ តាមកាមេរ៉ាសុវត្ថិភាព កំណត់បានភិនភាគជនសង្ស័យ និងបានឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាង នៅក្នុងផ្ទះរបស់ខ្លួនលេខ៤៨ស្ទួន ផ្លូវបេតុង ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរនៅអធីការដ្ឋាននគរបាលខណ្ឌសែនសុខ ។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមច្បាប់ ។
មាត្រា២៧និងមាត្រា១៩៩នៃក្រមព្រហ្មទណ្ឌ បទល្មើស”ប៉ុនប៉ងឃាតកម្ម” ចែងថា អំពើសម្លាប់មនុស្សដោយចេតនា ដោយប្រើអាវុធឬមិនប្រើអាវុធ ដោយគ្មានស្ថានទម្ងន់ទោសណាមួយ ត្រូវកំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី១០ឆ្នាំទៅ១៥ឆ្នាំ ៕ ចេស្តា