ភ្នំពេញ៖ អាជ្ញាធរខណ្ឌសែនសុខក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកម៉ូវ ម៉ានិត អភិបាលនៃគណះអភិបាលខណ្ឌបានឲ្យលោកឆាយ វាសនា នាយករដ្ឋបាលខណ្ឌដឹកនាំមន្ត្រីជំនាញចុះពិនិត្យ និងបិទទីតាំងអ៊ីនធើណេតចំនួន៣កន្លែង ដែលបង្កប់ល្បែងស៊ីសងខុសច្បាប់ កាលពីវេលាម៉ោង១០ និង៥០នាទីព្រឹក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវ១៩៨៦ ក្នុងភូមិទំនប់ និងភូមិភ្នំពេញថ្មី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
យោងតាមរបាយការណ៍របស់គណៈបញ្ជាការឯកភាពខណ្ឌសែនសុខបានឲ្យដឹងថា៖ អាជ្ញាធរបានចុះត្រួតពិនិត្យទីតាំងអុធើណេតចំនួន៣ទីតាំង គឺទីតាំងទី១ មានយីហោ TK2 Net ផ្ទះលេខ2A ផ្លូវ១៩៨៦ បានជួបជាមួយបុគ្គលឹកឈ្មោះ អុវ ស្រីនិច ភេទស្រី ។ ក្នុងទីតាំងនេះ អាជ្ញាធររកឃើញថា មានបង្កប់ល្បែងស៊ីសងខុសច្បាប់ហើយបានសម្រេចបិទ និងដកហូតសម្ភារមានដូចជា ម៉ូនីទ័រចំនួន២២គ្រឿង ម៉ាសុនកុំព្យូទ័រចំនួន១៤គ្រឿង ម៉ាស៊ីនហ្គេមចំនួន១០គ្រឿង យកទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលខណ្ឌសែនសុខ ។
ដោយឡែក ២ទីតាំងទៀត មានយីហោ៦៦ K Net ផ្ទះលេខ៨៣c និងយីហោ២BB Net ស្ថិតនៅផ្ទះលេខ៧៦E0 ក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ដែលមានម្ចាស់ឈ្មោះ ឃ្លាំង សុភក្រ ភេទប្រុស ស្នាក់នៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ អាជ្ញាធរសម្រេចបិទ បណ្តោះអាសន្នដើម្បីឲ្យម្ចាស់ទៅសុំច្បាប់ទម្លាប់ត្រឹមត្រូវ ។
សូមបញ្ជាក់ផងដែរថា ម្ចាស់ទីតាំងអ៊ីនធើណេតទាំងនោះ ភាគច្រើនតែងតែបង្កប់នូវល្បែងភ្នាល់ស៊ីសងគ្រប់ប្រភេទ តាមប្រព័ន្ធអនឡាញ ស្ទើទាំងអស់នឹងដោយសារតែម្ចាស់ទីតាំងសំអាងថា មានច្បាប់ពីសាលារាជធានីភ្នំពេញ ៕ តុង សីហា