បញ្ហាច្រើនណាស់ដែលត្រូវប្រឈម និងដោះស្រាយ ។ សម្តេចតេជោបានដាក់អ្នកមានសមត្ថភាពឲ្យមកគ្រប់គ្រងខេត្តព្រះសីហនុ ។ រីឯក្រុងព្រះសីហនុ មិនទាន់ឮថា រកអ្នកខ្លាំងមកដឹកនាំនៅឡើយ ។ កម្សោយនៃការដឹកនាំគឺជាការពិតដែលសូម្បីតែភ្លៀងបន្តិចបន្តួច ក៏លំនៅឋានប្រជាពលរដ្ឋត្រូវលិចលង់…? ផ្លូវជាច្រើនខ្សែនៅក្នុងទីក្រុងមួយនេះរងការខូចខាតខ្លាំង ដោយមិនរំពឹងថា នឹងបានទទួលការជួសជុលឲ្យប្រសើរឡើងក្នុងពេលឆាប់ៗនោះឡើយ ។ អ្វីដែលសំខាន់ជាងនេះ គឺបង្គោលភ្លើង ដែលហ៊ុំព័ទ្ធទៅដោយខ្សែកាបទាញយឹតយោង តែងតែបង្កឲ្យមានភ្លើងឆេះជាញឹកញាប់ ។ គេមិនដែលឃើញមានប្រតិកម្មពីអាជ្ញាធរក្រុងក្នុងរឿងនេះទេ ។
ក្នុងនាមប្រជាពលរដ្ឋនៅទីក្រុងមួយនេះ ពិតជាចង់ឃើញ អាជ្ញាធរចាត់វិធានការ ឬរៀបចំឲ្យមានសណ្តាប់ធ្នាប់ចំពោះបញ្ហាបង្គោលភ្លើងទាំងនោះ ។ ករណីអគ្គិភ័យឆេះខ្សែលើបង្គោលភ្លើងជិតកន្លែងលក់ហ្គាស ម្តុំហាងអប្សរាថតរូប កាលពីម៉ោងជាង៩ យប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ បង្កឲ្យប្រជាពលរដ្ឋ នៅតំបន់នោះ ព្រួយបារម្ភ ។ សមត្ថកិច្ចចំណាយពេលជិតកន្លះម៉ោងដើម្បីពន្លត់ភ្លើងដែលឆេះនៅលើបង្គោលដ៏រញ៉េរញ៉ៃទាំងនោះ ។ យើងខ្ញុំប្រជាពលរដ្ឋនៅក្បែរខាងមានសេចក្តីព្រួយបារម្ភ ពីព្រោះថា ភ្លើងមិនយល់អ្នកមាន ឬអ្នកក្រនោះឡើយ ។ រីឯអាជ្ញាធរហាក់ដូចជាមិនបានធ្វើអ្វីជាដុំកំភួនចំពោះបញ្ហាបង្គោលភ្លើងដែលហ៊ុំព័ទ្ធទៅដោយខ្សែកាបឡើងទ្រេតទៅហើយនោះ ។
បញ្ហាជាច្រើននៅក្រុងព្រះសីហនុ ដែលត្រូវពឹងទៅលើសមត្ថភាពនៃអ្នកដឹកនាំខ្លាំង ។ បញ្ហាសំរាម ឃើញអាជ្ញាធរខេត្ត-ក្រុងប្រជុំច្រើនលើកច្រើនសារ ប៉ុន្តែនៅតែមិនអាចដោះស្រាយបាន ។ ប្រជាពលរដ្ឋ ត្រូវប្រឈមនឹងបញ្ហាសំរាមនេះជាយូរខែមកហើយ ។ យើងខ្ញុំសង្ឃឹមថា ថ្នាក់ដឹកនាំខេត្ត ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ អាចនឹងជួយចែករំលែកការលំបាកបញ្ហារបស់ប្រជាពលរដ្ឋបានខ្លះ ជាពិសេសបញ្ហាសំរាម ដែលអាជ្ញាធរក្រុងមិនអាចដោះបាន ។ ជាងនេះទៅទៀត បញ្ហាបង្គោលភ្លើងដែលហ៊ុំព័ទ្ធទៅដោយខ្សែកាបរយីងរយោង, ហេដ្ឋារចនាសម្ព័ន្ធក្នុងទីក្រុង… ក៏រំពឹងថា នឹងប្រសើរឡើងនៅពេលដែលលោក គួច ចំរើន មកដល់ ។ ការរំពឹង ឬសង្ឃឹមទៅលើលោកអភិបាលក្រុងដឹកនាំបែបសព្វថ្ងៃនេះ មិនអាចទៅរួចទេ ៕ ប្រជាពលរដ្ឋម្នាក់