ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងចុះអនុវត្តន៍ដីការក្សាការពារប្រទះឃើញ និងរិបអូសម៉ូតូអត់ពន្ធបានជាច្រើនគ្រឿង

ចែករំលែក៖

ខេត្តរតនគិរី៖ ម៉ូតូអត់ពន្ធជាច្រើនគ្រឿងត្រូវបានកម្លាំងសមត្ថកិច្ច ចុះអនុវត្តន៍ដីការក្សាការពារ សំណង់មានទំនាស់ ប្រទះឃើញ និងរិបអូសប្រគល់ឲ្យសាខាគយ ចាត់ការតាមនីតិវិធី ។

ការចុះអនុវត្តន៍ដីការក្សាការពារ និងរិបអូសបានម៉ូតូអត់ពន្ធនោះ បានធ្វើឡើងនៅព្រឹកថ្ងៃអង្គារ ៨រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគីរី ។

ការចុះអនុវត្តន៍ដីកានោះដឹកនាំកម្លាំងដោយ លោក រ៉ា បូរ៉ាន់ឌី ព្រះរាជ្ញារងអមសាលាដំបូងខេត្ត រតនគីរីបញ្ហាសំណង់មានទំនាស់ព្រំដីមួយកន្លែង ដែលមានទីតាំងខាងលើ ។

បើតាមប្រភពបានឲ្យដឹងថា សាលាដំបូងខេត្ត បានចេញដីការក្សាការពារ រួចម្ដងមកហើយ ដែលហាមឈ្មោះ ចន ចំរើន ម្ចាស់សំណង់ឲ្យផ្អាកការសាងសង់បណ្ដោះអាសន្ន តែម្ចាស់សំណង់រូបនេះ នៅតែមិនគោរពតាម ហើយ ឈ្មោះ លីវ លឿ ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅជាប់ព្រំដីកន្លែងកើតហេតុ ខាងលើ បានប្ដឹងសុំដីការក្សាការពារ សំអាងថា ឈ្មោះ ចន ចំរើន បាន សាងសង់សំណង់រំលោភ មកលើព្រំដីរបស់ខ្លួន ។

តុលាការបានរកឃើញថា ម្ចាស់សំណង់ឈ្មោះ ចន ចំរើន ពិតជាបានសាងសង់ ប៉ះពាល់ទៅលើព្រំដីរបស់ឈ្មោះ លីវ លឿ ពិតប្រាកដមែន ព្រមទាំងមានលិខិតទទួលស្គាល់ពីអាជ្ញាធរត្រឹមត្រូវទៀតផង ហើយ នៅតែបន្តសាងសង់ ទើបលោក ព្រះរាអាជ្ញារងដឹកនាំកម្លាំងចុះ ហាមឃាត់ម្ដងទៀតហើយក៏បានប្រទះឃើញ ម៉ូតូអត់ពន្ធ ដែលម្ចាស់សំណង់នេះដាក់តាំងលក់នៅទីនោះក៏រិបអូសតែម្តង ។

ម៉ូតូដែលសង្ស័យអត់ពន្ធមានចំនួន១៧គ្រឿង ហើយត្រូវកម្លាំងរិបអូសដឹកយកទៅរក្សាទុក នៅសាខាគយដែលទីតាំងនៅសង្កាត់កាចាញ ក្រុងបានលុង ដើម្បីរង់ចាំឲ្យម្ចាស់យកឯកសារពាក់ព័ន្ធ ទៅផ្ទៀងផ្ទាត់ដោះស្រាយតាមច្បាប់បន្តផងដែរ ។

លោក លីវ លឿដើមបណ្តឹងម្ចាស់ដីជាប់ព្រំ បានឲ្យដឹងថា ដោយសារឈ្មោះ ចន ចំរើន នេះសាងសង់សំណង់រំលោភច្បាប់ឲ្យសាងសង់ថយឃ្លាតពីរបងចម្ងាយ ០.៤៥ម៉ែត្រ តែ គេមិនស្ដាប់ថែមទាំងកាត់របងលួសគាត់ចោលទៀតទើបសុំអន្តរាគមន៍ពីអាជ្ញាធរ ក្រុង និងសូរិយោដីក៏នៅតែគេមិនស្ដាប់រហូតឈានដល់តុលាការចេញមកដោះស្រាយ តាមច្បាប់តែម្តងបែបនេះ ៕ ជីវន្ត័


ចែករំលែក៖