ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ៖ អាជ្ញាធររាជធានីភ្នំពេញ នឹងមានវិធានការបង្ក្រាបគ្រឿងញៀនតាមក្លឹបកម្សាន្តទាំងតូច ធំក្នុងរាជធានីភ្នំពេញឲ្យអស់ នៅក្នុងឆ្នាំ២០១៩នេះ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលអាជ្ញាធររាជធានីភ្នំពេញ និងមានវិធានការជាថ្មីម្តងទៀត លោកថា នឹងបង្ក្រាបឲ្យអស់នូវគ្រឿងញៀននៅតាមក្លឹបកម្សាន្ត ខារ៉ាអូខេ ទាំងតូច ទាំងធំនៅក្នុងរាជធានីភ្នំពេញ នៅក្នុងឆ្នាំ២០១៩នេះ ខណៈគ្រឿងញៀន នៅតែជាបញ្ហាប្រឈម ប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់ស្រទាប់យុវវ័យ ។

លោកបានបញ្ជាក់បែបនេះ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃអង្គារ ៨រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវ នឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីអាជ្ញាធរខណ្ឌទាំង១៤កម្លាំង មានសមត្ថកិច្ច និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត ។

លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ការបង្ក្រាបគ្រឿងញៀននៅតែអនុវត្តបន្ត នៅតាមក្លឹបកម្សាន្ត នានានៅក្នុងរាជធានីភ្នំពេញ បើទោះបី នៅតាមក្លឹបកម្សាន្តទាំងនោះមានខ្នងបង្អែកធំប៉ុណ្ណា ក៏ដោយ ដោយយើងនឹងអនុវត្តតាមអនុសាសន៍របស់សម្ដេចក្រឡាហោម ស ខេង ថា នៅឆ្នាំ២០១៩ នេះគឺជាឆ្នាំដែលយើងត្រូវលុបបំបាត់ឲ្យអស់បញ្ហាគ្រឿងញៀននៅតាមបណ្ដាក្លឹបកំសាន្តខារ៉ាអូខេ នានានៅទូទាំងប្រទេស ។

លោកបន្ដថា៖ នៅតាមក្លឹបកម្សាន្ត ទាំងនោះភាគច្រើនលើសលប់គឺសុទ្ធតែជាស្រទាប់យុវជន យុវវ័យ នាំគ្នាពពាក់ពពូនទៅសេបគ្រឿងញៀននៅក្នុងក្លឹបដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ ធនធានមនុស្ស ។

លោក ស ថេត បានបញ្ជាក់ថា៖ ក្នុងនាមសមត្ថកិច្ច ត្រូវតែបង្ក្រាបអោយអស់ បទល្មើសនានានៅតាមមូលដ្ឋាន រួមទាំងបទល្មើសក្មេងទំនើងអុកឡុកនៅតាមមូលដ្ឋានជាដើម សំដៅធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ និងជឿជាក់មកលើកម្លាំងមានសមត្ថកិច្ចរបស់យើង ។

លោក ឃួង ស្រេង បានបញ្ជាក់ថា៖ កិច្ចការពារសន្តិសុខ ជូនប្រជាពលរដ្ឋ គឺជាការងាររបស់សមត្ថកិច្ច និងអាជ្ញាធររបស់យើង ដូច្នេះទេយើងត្រូវតែរួមគ្នាធ្វើយ៉ាងណាឲ្យភូមិសង្កាត់មានសុវត្ថិភាព ។ ពាក់ព័ន្ធនឹងក្លឹប កំសាន្តនានាទោះបីតូចឬធំនៅក្នុងរាជធានីភ្នំពេញទាំងអស់ អាជ្ញាធរខណ្ឌទាំង១៤ត្រូវតែចុះត្រួតពិនិត្យ ហើយបើដឹងថា នៅក្នុងក្លឹបកម្សាន្តដំបូងមានបង្កប់ទៅដោយគ្រឿងញៀនដាច់ខាតត្រូវតែបង្ក្រាបបិទអាជីវកម្មក្លឹបទាំងនោះតែម្ដង ។

លោក ឃួង ស្រេង បានបញ្ជាក់ថា៖ រាល់ក្លឹបកំសាន្ត និង ktv ទាំងអស់ អាជ្ញាធរខណ្ឌយើងត្រូវណែនាំពួកគាត់ ឲ្យជៀសឆ្ងាយពីបញ្ហាគ្រឿងញៀននៅក្នុងក្លឹបកម្សាន្តទាំងនោះ បើពួកគាត់មិនស្ដាប់តាមការណែនាំរបស់យើងទេ យើងក្នុងនាមជាអាជ្ញាធរមូលដ្ឋានត្រូវតែបិទកាសអាជីវកម្មក្លិបរបស់ពួកគាត់ ។

លោកបន្ដថា៖ ប្រទេសកម្ពុជា គឺជាប្រទេសមួយមានភាពស៊ីវីល័យហើយ ដូច្នេះទេត្រូវតែមានអ្វីៗគ្រប់យ៉ាង មានទាំងក្លិបកម្សាន្តមានទាំងខារ៉ាអូខេមានទាំងកន្លែងហូបចុកផឹកស៊ី និងកន្លែងសប្បាយភាពមួយចំនួនទៀត ប៉ុន្តែអ្វីដែលសំខាន់ទីមួយនោះគឺ គឺបញ្ហាសន្តិសុខ ហើយអ្នកដែលការពារ និងរក្សាបាននូវសន្តិសុខនេះ គឺមានតែកងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចរបស់យើងនឹងហើយ ដូច្នេះទេយើងត្រូវតែអូនរួមគ្នាការពារឲ្យបានសន្តិសុខ ធ្វើយ៉ាងណាឲ្យភូមិឃុំមានសុវត្ថិភាព ទទួលបានភាពកក់ក្តៅពីប្រជាពលរដ្ឋ៕ សំរិត


ចែករំលែក៖