ភ្នំពេញ៖ បុរសម្នាក់ដេកស្លាប់ក្នុងមជ្ឈមណ្ឌលឱកាសខ្ញុំ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកពិនិត្យ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០៧ និង០៥នាទី ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចក្នុងមជ្ឈមណ្ឌលឱកាសខ្ញុំ ផ្លូវបេតុង ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
សពមានឈ្មោះ ម៉ន សម្ភស្ស ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអង្គរមាន ឃុំចង្រុក ស្រុកគងើពិសី ខេត្តកំពង់ស្ពឺ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ នគរបាលអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានទទួលព័ត៌មានថា នៅចំណុចខាងលើមានករណី មនុស្សប្រុស១នាក់ដេកស្លាប់ នៅចំណុចកើតហេតុខាងលើ ក្រោយពីទទួលព័ត៌មានសមត្ថកិច្ចចុះដល់ចំណុចកើតហេតុ និងដោយមានការសហការជាមួយការិយាល័យកោសល្យវិច្ច័យវិទ្យាសាស្ត្រ និងតាមការពិនិត្យ សន្និដ្ឋាន របស់លោក នង សុវណ្ណារ័ត្ន គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ បានសន្និដ្ឋានថា សពខាងលើ ស្លាប់ដោយជំងឺគាំងបេះដូង ។
បច្ចុប្បន្ន សពខាងលើត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យនៅខេត្តកំពង់ស្ពឺ ៕ តុង សីហា