ភ្នំពេញ៖ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ តារាសម្តែងអាលីយ៉ា បានទទួលមរណភាព គួរឲ្យសូរក្រោយជំងឺប្រចាំកាយរួមរិតរហូតរាងកាយស្គមស្បែកដណ្តប់ឆ្អឹង ។ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ គឺជាខួបគម្រប់មួយឆ្នាំ នៃការបាត់បង់ជីវិត ដែលធ្លាប់ធ្វើឲ្យមហាជនអាណិតអាសូរចំពោះជីវិតកម្សត់ អត់ឪពុក ម្តាយគ្រាមានជីវិត ។
ដោយសារជំងឺរលាកសួតធ្ងន់ធ្ងរ តារាចម្រៀងអាលីយ៉ាបានចូលសម្រាកក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រកាលពីដើមខែមិថុនាមកម្ល៉េះ ។ ពិធីបុណ្យសពរបស់នាងគ្រានោះ ត្រូវបានធ្វើរៀបចំឡើងនៅវត្តទួលអស់លោក ហើយបើទោះបីជាមិនមានសាច់ញាតិ និងអ្នកសិល្បៈចូលរួមច្រើន ប៉ុន្តែនាងនៅតែស្ថិតក្នុងការចងចាំរបស់មហាជន ។ ឆ្នាំនេះ គេមិនទាន់ដឹងនៅឡើយទេថា តើសាច់ញាតិ របស់នាងដែលបានដឹងបានរៀបចំពិធីឲ្យនាងដែរឬយ៉ាងណាទេ ប៉ុន្តែមានមិត្តរួមអាជីពគឺកញ្ញា ស៊ូ ដាណេ បានប្រកាសថានាងនិងរៀចំចង្ហាន់ខ្លះដើម្បីប្រគេនព្រះសង្ឃគង់នៅវត្តទួលអស់លោកនាខណ្ឌឬ្សីកែវដើម្បីឧទ្ទិសកុសលផលបុណ្យខ្លះដល់នាងបើទោះបីជារវល់ខ្លាំងក៏ដោយ ។ តារាស្រីរូបនេះក៏ជាអ្នកជិតដិតដែលបានចេញចូលសួរសុខទុក្ខនាងញឹកញាប់ គ្រានាងនៅសម្រាកមន្ទីរពេទ្យ និងចូលរួមខ្នះខ្នែងក្នុងកិច្ចការងារបុណ្យសពជាមួយមិត្តមួយចំនួន និងសមាគមសិល្បករគ្រានោះផងដែរ ។
គួរបញ្ជាក់ដែរថា អាលីយ៉ា បានចាប់ផ្តើមធ្លាក់ខ្លួនពីភាពស៊ីវីល័យក្រោយពីនាងរការវាយ ដំពីអតីតសង្សារ ហាងត្រូវគេរំលោភយក ការងារសិល្បៈត្រូវបាត់បង់ និងរងចាំភាពយុត្តិធម៌អស់ជាង២ឆ្នាំមកហើយ ។ គ្រារស់រានមានជីវិតនិងធ្លាប់មានជីវភាពធូរធារ នាងធ្លាប់បង្កើតព្រឹត្តិការណ៍សិល្បៈ និងការប្រគំតន្ត្រីសប្បុរសធម៌ជួយកុមារកំព្រា និងកម្មវិធីសង្គមនានាជាច្រើន ពិសេសជួយដល់សិល្បករចាស់ៗពិសេស លោកព្រឹទ្ធាចារ្យ គង់ ណៃ និងប្រាជ្ញ ឈួនជាដើម៕ វឌ្ឍនា