ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋចោទលោកអនុប្រធានមន្ទីរសាធារណការខេត្ត រំលោភយកផ្លូវសាធារណៈជាកម្មសិទ្ធិ និងដាំដើមឈើធ្វើរបងបិទផ្លូវសាធារណៈ

ចែករំលែក៖

ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋ០៦គ្រួសារ តំណាងឲ្យ៣៦គ្រួសារ ត្រូវសមត្ថកិច្ចចាប់ឃុំអស់រយៈពេល២យប់៣ថ្ងៃ ក្នុងរឿងវិវាទដីផ្លូវដែលប្រជាពលរដ្ឋចោទប្រកាន់ ទៅលោកអនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តម្នាក់ រំលោភយកផ្លូវសាធារណៈទៅធ្វើជាកម្មសិទ្ធិ និងដាំដើមឈើធ្វើរបងបិទផ្លូវសាធារណៈ ដែលប្រជាពលរដ្ឋប្រើប្រាស់ធ្វើដំណើរតាំងពីឆ្នាំ១៩៧៩រហូតមកម្ល៉េះ ។

ចំពោះករណីរឿងនេះដែរ ស្រ្តីម្នាក់ឈ្មោះ ប៉ិច ចិន្តា អាយុ៥១ឆ្នាំ បានឲ្យដឹងថា: តាមពិតគឺជារឿងទម្នាស់ដីផ្លូវសាធារណៈ រវាងប្រជាពលរដ្ឋចំនួន៣៦គ្រួសារ នៅភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ជាមួយលោក សុខ សុផល តួនាទីជាអនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ដែលមានទីលំនៅភូមិស្រះវង្ស សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ទៅចាក់ដីរំលោភយកផ្លូវសាធារណៈរបស់ប្រជាពលរដ្ឋ៣៦គ្រួសារ ធ្វើដំណើរតាំងពីឆ្នាំ១៩៧៩រហូតមក ទៅធ្វើជាកម្មសិទ្ធិហើយបានដាំដើមឈើធ្វើរបងបិទផ្លូវរបស់ប្រជាពលរដ្ឋបណ្តាលឲ្យប្រជាពលរដ្ឋបាត់បង់ផ្លូវធ្វើដំណើរ ទើបប្រជាពលរដ្ឋកាប់ដើមឈើ ដែលដាំបិទផ្លូវចោល ដើម្បីយកផ្លូវសាធារណៈមកប្រើប្រាស់វិញ ក៏ត្រូវលោកអនុប្រធានមន្ទីររូបនោះ ប្តឹងចាប់ប្រជាពលរដ្ឋតែម្តង ។

បើតាមតំណាងជនរងគ្រោះទាំង៦នាក់បានឲ្យដឹងទៀតថា: ដំណើររឿង នៅអំឡុងឆ្នាំ២០០៧_២០០៨ មានឈ្មោះ សុខ សុផល អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង បានមកទិញដីស្រែមួយកន្លែងនៅជាប់ប្រឡាយនៅក្នុងភូមិស្វាយជ្រំ ក្រោយមកបានចាក់ដីលើកជាភូមិម្ករ សម្រាប់ដាំដំណាំ កាលណោះ គឺបានចាក់ដីរំលោភយកផ្លូវសាធារណៈ ទំហំ៣ម៉ែត្រ (ជាភ្លឺភ្លោះសម័យប៉ុលពត) បណ្តោយ៨០ម៉ែត្រ ដែលប្រជាពលរដ្ឋចំនួន៣៦គ្រួសារ ធ្វើជាផ្លូវលំធ្វើដំណើរចេញពីភូមិមកផ្លូវប្រឡាយ ឡើងមកផ្លូវជាតិតាំងពីឆ្នាំ១៩៧៩រហូតមក ហើយឈ្មោះ សុខ សុផល បានដាំដើមប្រេងខ្យល់បិទផ្លូវ និងដាំដើមអាកាស្យា និងដើមស្វាយលើដីផ្លូវនោះទៀត ធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ផ្លូវធ្វើដំណើរ ។

ប្រជាពលរដ្ឋបានប្តឹងទៅលោកមេភូមិស្វាយជ្រំ ឲ្យដោះស្រាយមិនចេញ រួចក៏ប្តឹងទៅលោកមេឃុំស្វាយជ្រំ ក៏ដោះស្រាយមិនចេញទៀត គឺទម្នាស់រ៉ាំរ៉ៃចាប់តាំងពីឆ្នាំ២០០៩ រហូតបច្ចុប្បន្នឆ្នាំ២០១៩ គឺ១០ឆ្នាំមកហើយ លោកមេឃុំដោះស្រាយ ៣លើកដោះមិនចេញ ទើបនៅឆ្នាំ២០១៩នេះ ប្រជាពលរដ្ឋបានរៃអង្គាសប្រាក់គ្នា លើកផ្លូវលំមួយខ្សែនេះ ប្រវែង៨០០ម៉ែត្រ មកដល់ចំណុចទំនាស់ ហើយបានទៅចរចាជាមួយប្រពន្ធលោក សុខ សុផល ដើម្បីបើកផ្លូវវិញ ប៉ុន្តែលោក សុខ សុផល បានតបថា លើកថ្នល់ឲ្យមកដល់ដីគាត់ទៅ ចាំគាត់បើកផ្លូវឲ្យវិញ ក៏ប៉ុន្តែពេលប្រជាពលរដ្ឋលើកផ្លូវមកដល់ហើយ បែរជាក្រឡាស់សំដីថា មិនឲ្យវិញ ទើបនៅថ្ងៃអាទិត្យ ទី២៣ ខែមិថុនា ឆ្នាំ២០១៩ ប្រជាពលរដ្ឋនាំគ្នាតវ៉ា និង កាប់កូនដើមប្រេងខ្យល់ដាំបិទផ្លូវអស់០៧ដើម អាកាស្យា០៣ដើម និងដើមស្វាយដាំលើផ្លូវ២ដើម ដើម្បីបើកផ្លូវឡើងវិញ ។

លុះដល់ថ្ងៃចន្ទ័ទី២៤ ខែមិថុនា ឆ្នាំ២០១៩ នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្វាយជ្រំ បានមកចាប់ប្រជាពលដ្ឋចំនួន០៦នាក់ យកទៅប៉ុស្តិ៍ ដែរលោកសុខសុផល ដាក់ពាក្យប្ដឹងទាមទារឲ្យសងការខូចខាតជាទឹកប្រាក់៤លានរៀល ប៉ុន្តែប្រជាពលរដ្ឋគ្មានប្រាក់បង់ ក៏បញ្ជូនទៅនគរបាលខេត្ត ឃុំខ្លួនពួកគាត់២យប់៣ថ្ងៃ ធ្វើការដោះស្រាយឈ្មោះសុខសុផល ទាសំណងចុះត្រឹម២លាន៥សែនរៀល ចំណែកប៉ូលីស បានទាប្រាក់ពីប្រជាពលរដ្ឋក្នុងម្នាក់៤០០ដុល្លារ សរុប០៦នាក់ ស្មើ២,៤០០ដុល្លារ ដើម្បីរត់ការបញ្ចប់រឿងបណ្តឹងអាជ្ញា ប្រជាពលរដ្ឋបានប្រាប់ថា ពួកគាត់ជាកម្មករក្រីក្រគ្មានប្រាក់ទេ បើ៤០០ដុល្លារទាំងអស់គ្នាគាត់ និងទៅរៃអង្គាសគ្នាឲ្យ ។

រួចការចរចាមិនត្រូវនៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ សមត្ថកិច្ច ក៏បញ្ជូនពួកគាត់ទៅតុលាការ សាលាដំបូងខេត្តស្វាយរៀង លោកព្រះរាជអាជ្ញាចោទប្រកាន់ពីបទបំផ្លេចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ រួចបញ្ជូនទៅលោកចៅក្រមស៊ើបសួរចាត់ការបន្ត ។

ប្រភពដដែលបន្តទៀតថា: លោកចៅក្រមបានសួរម្នាក់ម្តងៗ ហើយបានឲ្យប្រជាពលរដ្ឋទាំង០៦នាក់ បង់ប្រាក់តម្កល់ចំនួន៤លានរៀល ក៏ប៉ុន្តែប្រជាពលរដ្ឋគ្មានប្រាក់បង់ទេ ។ ក្រោយមក ធ្លាយរឿងនេះដល់ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាប្រធានក្រុមការងារបណ្តាញផ្សព្វផ្សាយសង្គម ខេត្ត និងលោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្ត ធ្វើអន្តរាគមន៍ទើប លោកចៅក្រមឲ្យប្រជាពលរដ្ឋ០៦នាក់ បង់ប្រាក់តម្កល់នៅក្រៅឃុំក្នុងម្នាក់២សែនរៀល ទាំង៦នាក់សរុប១,២០០,០០០រៀលរហូតដល់ម៉ោង៩ និង១០នាទីយប់ ទើបប្រជាពលរដ្ឋបានមានសេរីភាពត្រឡប់ទៅផ្ទះវិញ ។

ទាក់ទិនករណីនេះដែរលោក ហែម សារិទ្ធ អភិបាលស្តីទីស្រុកស្វាយជ្រំ បានឲ្យដឹងថា: ការពិតលោកសុខ សុខផលបាន រំលោភយកដីផ្លូវរបស់ប្រជាពលរដ្ឋពិតប្រាកដមែន ហើយសុរិយោដីបានចុះបញ្ជីដីជាលក្ខណៈប្រពន្ធ័រួចហើយ គឺផ្លូវលំនេះទំហំ០៣ម៉ែត្រ ដូច្នេះឈ្មោះ សុខ សុផល បានចាក់ដីបិទផ្លូវប្រជាពលរដ្ឋពិតប្រាកដមែន ហើយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ លោកនឹងកោះហៅភាគីលោកសុខ សុផល ឲ្យមកបើកផ្លូវឲ្យប្រជាពលរដ្ឋវិញ ចំពោះរឿងតុលាការលោកមិនលូកដៃទេ ។

ចំពោះរឿងនេះដែរ មិនអាចសុំការបំភ្លឺពី លោក សុខ សុផល អនុប្រធានមន្ទីរសាធារណការខេត្ត បាននោះទេ ៕ យឹម សុថាន

 


ចែករំលែក៖