ខេត្តកណ្ដាល៖ រថយន្តមួយគ្រឿងឈប់លើចិញ្ចើមផ្លូវ ដើម្បីជួសជុលប្តូរកង់ ដោយពុំដាក់ស្លាកសញ្ញាសម្គាល់ ពេលនោះ ម៉ូតូមួយគ្រឿងទៀត បើកមកដល់ បុកពេញមួយទំហឹង ធ្វើឲ្យបុរសជាអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើង នៅវេលាម៉ោង២២ និង៣០ នាទី ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ នៅលើផ្លូវលេខ១១៥ ស្ថិតនៅភូមិតាក្ដុលត្បូង សង្កាត់តាក្ដុល ក្រុងតាខ្មៅ ។
មន្ត្រីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះស្លាប់ឈ្មោះ នល មួយហៀង ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល បើកបរម៉ូតូម៉ាកYAMAHA R6 ពណ៌ក្រហម+ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CZ-1475 ។ ចំណែករថយន្តបង្កម៉ាក HINO ពណ៌ស ពាក់ស្លាកលេខ កណ្ដាល3A-1444 អ្នកបើកបរដោយជនមិនទាន់ស្គាល់អត្តសញ្ញាណ ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ សាក្សីបានឃើញរថយន្តខាងលើ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១១៥ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ រថយន្តខាងលើបានចតអែបលើចិញ្ចើមផ្លូវ ដើម្បីដោះដូរកង់ ដោយពុំដាក់ស្លាកសញ្ញាសម្គាល់នោះ ខណៈនោះ ក៏មានម៉ូតូមួយគ្រឿងធ្វើដំណើរស្របទិសគ្នា បើកដោយល្បឿនលឿន ក៏ឈប់មិនទាន់បានបុករថយន្តពីក្រោយពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីអ្នកបើកបររថយន្ត បានទុករថយន្តចោល រួចរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចជំនាញ បានចុះមកដល់កន្លែងកើតហេតុ រួចធ្វើការពិនិត្យ វាស់វែង កសាងឯកសារយករថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុង ចាត់ការតាមនីតិវិធីច្បាប់ ។ ចំណែកសាកសព ត្រូវបានសមត្ថកិច្ចជំនាញ ប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។
ការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញបញ្ជាក់ថា ករណីនេះ គឺបង្កឡើងរថយន្តមានការធ្វេសប្រហែស ឈប់នៅកន្លែងងងឹតដោយ
មិនដាក់ភ្លើងសញ្ញា ពីក្រោយឲ្យបានត្រឹមត្រូវ ។ ចំណែកម៉ូតូបើកក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ៕ ស្អាងជ័យ