ខេត្តឧត្តរមានជ័យ ៖ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១៦និង០០នាទី កម្លាំងផ្នែកនគរបាលយុត្តិធម៌ បានទទួលពាក្យបណ្ដឹងពីឈ្មោះ គៀត វណ្ណា ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នភូមិសំរោង សង្កាត់សំរោង ក្រុងសំរោងថា នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង២០និង០០នាទី ចំណុចផ្ទះឈ្មោះ ណាង ស្ថិតក្នុងភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ មានកើតករណីហិង្សាដោយចេតនា បង្កឡើងដោយជនសង្ស័យឈ្មោះ ឃិន មាន ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិកណ្តែក សង្កាត់សំរោង ក្រុងសំរោង ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ គៀត វណ្ណា ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
ក្រោយពីទទួលបានពាក្យបណ្ដឹង នៅវេលាម៉ោង១៧និង០០នាទី កម្លាំងនគរបាលជំនាញក្រុងសំរោង បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍សំរោង ចុះធ្វើការស្រាវជ្រាវ និងឈានទៅ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះខាងលើ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលក្រុងសំរោង ។ ក្នុងពេលសួរនាំ ជនសង្ស័យរូបនោះបានឆ្លើយសារភាពថា នៅថ្ងៃកើតហេតុ រូបខ្លួន និងឈ្មោះ រ៉ា (ជាបងស្រី), ឈ្មោះ ភា (ជាមិត្តភ័ក្ត),ឈ្មោះ ធូ ឈ្មោះ គៀត វណ្ណា បាននាំគ្នាទៅផឹកស៊ីនៅផ្ទះរបស់ឈ្មោះ ណាង នៅភូមិបុរីរដ្ឋបាល (ជាម្ចាស់ផ្ទះ) ក្នុងពេលនោះ ឈ្មោះ គៀត វណ្ណា បានហៅបងស្រីរបស់ខ្លួនថា អូនម៉ោះជល់កែវមួយ ពេលនោះរូបខ្លួនបានតបទៅឈ្មោះ គៀត វណ្ណា ថា ៖ បងឯងហៅបងស្រីខ្ញុំ ឲ្យស្រួល គាត់មិនមែនជាស្រីខារ៉ាអូខេទេ បន្ទាប់មកក៏កើតរឿងទាស់សំដីគ្នា ភ្លាមតែម្ដង ពេលនោះ ឈ្មោះ ឃិន មាន បានយកចានថ្មគប់ទៅលើឈ្មោះ គៀត វណ្ណា តែត្រូវឈ្មោះ គៀត វណ្ណា គេចផុត ហើយបានយកសម និងស្លាបព្រាបាយ ចាក់ទៅលើឈ្មោះ ឃិន មាន វិញ ក្នុងពេលនោះក៏កើតរឿងប្រតាយប្រតប់គ្នា ចៃដន្យពេលនោះឈ្មោះ ឃិន មាន ទាញបានគម្របឆ្នាំងវាយទៅលើឈ្មោះ គៀត វណ្ណា ចំក្បាលបណ្តាលឲ្យបែក ចំនួន០២កន្លែង ដេរ១៨ថ្នេរ ក្រោយមកក៏មានឈ្មោះ ណាង (ម្ចាស់ផ្ទះ) ចូលមកឃាត់ ហើយឈ្មោះ គៀត វណ្ណា ត្រូវបានឈ្មោះ ធូ យកម៉ូតូដឹកចេញទៅ ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងសំរោង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕ ប៉ែន នួន