ព័ត៌មានទាន់ហេតុការណ៍៖

ទុស្សេខ្សែភ្លើងឆេះ​រោងចិញ្ចឹមមាន់ និងរាលឆេះផ្ទះបាយ​អ្នកជិតខាង​២ខ្នង

ចែករំលែក៖

ខេត្តប៉ៃលិន៖ មានករណីអគ្គិភ័យឆាបឆេះរោងចិញ្ចឹមមាន់ បណ្ដាលឲ្យរាលដាលឆ្លងដល់ផ្ទះបាយពលរដ្ឋនៅជិតខាង២គ្រួសារ និងបណ្ដាលឲ្យសត្វមាន់ដែលនៅក្នុងទ្រុងងាប់ជាង១០០ក្បាល ទាំងកូន ទាំងមេ និងឈ្មូល ហើយមានសម្ភារខូចខាតមួយចំនួន សំណាងល្អ បានអ្នកជិតខាង ជួយ និងរថយន្តអគ្គិភ័យរបស់ស្នងការខេត្តប៉ៃលិនបានជួយទាន់ រថយន្ត២គ្រឿងបានមកពន្លត់ ប្រើប្រាស់ទឹកអស់២រថយន្ត ។

ករណីនេះ បានកើតឡើងវេលាម៉ោង២ និង៣៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចខាងផ្សារប៉ាហ៊ីខាងជើង ក្នុងភូមិប៉ាហុីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។

ម្ចាស់រោងទ្រុងមាន់ឈ្មោះ ឃុត សុខុន ភេទស្រី អាយុ៤៩ឆ្នាំ មុខរបរ លក់ដូរ ទីលំនៅបច្ចុប្បន្នរស់នៅភូមិ ឃុំកើតហេតុខាងលើ រោងទ្រុងមាន់ដែលឆាបឆេះនោះទទឹង០៤ម៉ែត្រ បណ្ដោយ៨ម៉ែត្រ ប្រក់ស័ង្កសី គ្រោងឈើ ជញ្ជាំងស័ង្កសី បណ្តាលឲ្យខូចខាតសម្ភារ ដូចជា ទូរទស្សន៍១គ្រឿង ធុងទឹកកក១, កង្ហារ២គ្រឿង ងាប់មាន់ជាង១០០ក្បាល និងសម្ភារផ្សេងៗមួយចំនួនទៀត និងរាលដល់ឆេះចង្ក្រានបាយរបស់ពលរដ្ឋជាប់នោះចំនួន២ខ្នង ទី១.ផ្ទះជនរងគ្រោះឈ្មោះ អ៊ុំ ប៊ុនធឿន ភេទប្រុស អាយុ ៥៤ឆ្នាំ មុខរបរលក់ត្រី រស់នៅនៅភូមិប៉ាហីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ បណ្តាលឲ្យខូចខាត់សម្ភារដូចជា ឆេះជញ្ជាំងផ្ទះបាយ កង្ហារ២គ្រឿង ងាប់មាន់ចំនួន២៥ក្បាល, និងទី២ ម្ចាស់ ឈ្មោះ ខាត់ សុគង់ ភេទប្រុស អាយុ៤១ឆ្នាំ មុខលក់ដូរ រស់នៅភូមិប៉ាហុីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្ដាលឲ្យខូចខាតដូចជា ឆាបឆេះជញ្ជាំងចង្ក្រានបាយតិចតួច ។

សមត្ថកិច្ចបញ្ជាក់ថា ករណីអគ្គិភ័យនេះ កើតឡើងដោយសារមូលហេតុ ផ្ទុះសេខ្សែភ្លើង ។ ករណីនេះ មិនបានបង្កគ្រោះថ្នាក់ដល់ពលរដ្ឋឡើយ ។

កម្លាំងជំនាញការិយាល័យពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនបានពន្លត់ទាន់ពេលវេលា ៕ ស សារ៉េត


ចែករំលែក៖