ព័ត៌មានទាន់ហេតុការណ៍៖

ជំងឺគ្រុនឈាមបានកើត និងកើនឡើងជាង១ពាន់ករណីក្នុងខេត្តបន្ទាយមានជ័យ ប៉ុន្តែមិនទាន់មានករណីស្លាប់នៅឡើយនោះទេ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ មន្រ្តីសុខាភិបាលប្រាប់ថានៅរដូវវស្សាឆ្នាំនេះជំងឺគ្រុនឈាមបាន និងកំពុងកើតឡើងនៅខេត្តបន្ទាយមានជ័យមានការកើនឡើងជាង១ពាន់ករណីស្មើ និងអ្នកជំងឺជាង១ពាន់នាក់ ។ ប៉ុន្តែមកដល់ពេលនេះមិនទាន់មានករណីស្លាប់ដោយជំងឺគ្រុនឈាមនៅឡើយនោះទេសម្រាប់ខេត្តបន្ទាយមានជ័យ ។

បញ្ហាជំងឺគ្រុនឈាមកើតឡើងគួរឲ្យព្រួយបារម្ភនោះហើយគេសង្កេតឃើញមន្រ្តីសុខាភិបាលខេត្តបន្ទាយមានជ័យរួម និងកម្លាំងសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន សហការគ្នាចុះមានវិធានការបង្ការទប់ស្កាត់ជំងឺគ្រុនឈាម ដោយកម្លាំងនាំគ្នាចូលរួមសម្អាតអនាម័យ បរិស្ថានតាមទីធ្លាសាលារៀន ការចុះផ្សព្វផ្សាយអប់រំឲ្យយល់ដឹងពីជំងឺគ្រុនឈាមជូនប្រជាពលរដ្ឋ,ការបាញ់ថ្នាំ និងចែកថ្នាំអាល់បែតកំចាត់មូសខ្លា ភ្ញាក់ងារចម្លងមេរោគគ្រុនឈាម ។

ទន្ទឹមដែលរបាយការណ៍របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងជំងឺគ្រុនឈាមបង្ហាញឲ្យដឹងថានៅទូទាំងប្រទេសកម្ពុជាគិតត្រឹមសប្តា៍ទី៣ ខែមិថុនា ជំងឺគ្រុនឈាមបានកើតឡើង១៣ពាន់ករណីក្នុងនោះអ្នកជំងឺ២៤នាក់បណ្តាលឲ្យស្លាប់បាត់បង់ជីវិត ។ មជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងជំងឺគ្រុនឈាមនៃក្រសួងសុខាភិបាល ក៏បានប្រកាសឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺគ្រុនឈាមជាពិសេសទៅលើកុមារគ្រាដែលជំងឺគ្រុនឈាមបានផ្ទុះខ្លាំងនៅឆ្នាំ២០១៩នេះ ។

លោកវេជ្ជបណ្ឌិត កែវ សុភក្រ្តា ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ ប្រាប់អ្នកយកព័ត៌មានយើងឲ្យដឹងថា ខេត្តបន្ទាយមានជ័យជំងឺគ្រុនឈាមបានផ្ទុះខ្លាំងចាប់ពី ខែឧសភា រហូតដល់ចុង ខែមិថុនា មានអ្នកជំងឺជាង១ពាន់នាក់ នោះហើយបានកើតជំងឺគ្រុនឈាម ។ ករណីជំងឺគ្រុនឈាមមិនទាន់មានការថយចុះនៅឡើយនោះទេ ជំងឺនេះនៅតែអាចបន្តកើនឡើងសម្រាប់នៅខេត្តបន្ទាយមានជ័យ ។

លោកប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យប្រាប់ទៀតថា ក្នុងចំណោមអ្នកជំងឺជាង១ពាន់នាក់ភាគច្រើនកើតឡើងទៅលើកុមារ ចំណែកមនុស្សចាស់មានតែ១ភាគរយប៉ុណ្ណោះ ។ លោកថានៅឆ្នាំ២០១៩ជំងឺគ្រុនឈាមកើតនៅខេត្តបន្ទាយមាមជ័យមានភាពចម្លែកដោយសារតែតំបន់ដែលពុំធ្លាប់កើតមានជំងឺគ្រុនឈាម បែរជាកើតជំងឺគ្រុនឈាម ចំណែកតំបន់ដែលធ្លាប់កើតមានគឺនៅឆ្នាំនេះពុំមានកើតជំងឺគ្រុនឈាមនេះទៅវិញ ។

លោក កែវ សុភក្រ្តា ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យប្រាប់ទៀតថា ជំងឺគ្រុនឈាមអាចសង្រ្គោះព្យាបាលជាសះស្បើយ បើសិនអ្នកជំងឺមកសម្រាកព្យាបាលទាន់ពេលវេលាមិនចាំបាច់ទៅសម្រាកព្យាបាលមន្ទីរពេទ្យឯកជននោះទេមកសម្រាកនៅមន្ទីរពេទ្យរដ្ឋ ក៏អាចព្យាបាលសង្រ្គោះបានដែរ ។ លោកថា ប្រភពនៃការចម្លងមរោគគ្រុនឈាមគឺបង្កដោយមូសខ្លា ។ មូសខ្លាវារស់នៅក្នុងពាងទឹកស្អាត ទឹកអាង គ្មានគម្រប សំបកកង់ឡានចាស់ៗដែលមានដក់ទឹក និងរស់នៅតាមព្រៃនោះផងដែរ ។ បច្ចុបបន្នមន្រ្តីសុខាភិបាល ក៏បានចែកថ្នាំអាល់បែត ជូនប្រជាពលរដ្ឋយកដាក់ក្នុងពាងទឹក ក្នុងអាងទឹក និងបាញ់ថ្នាំកំចាត់មូស នៅតាមតំបន់ដែលកំពុងផ្ទុះជំងឺគ្រុនឈាម មិនតែប៉ុណ្ណោះមន្រ្តីសុខាភិបាល ក៏បានចុះទៅផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នពីជំងឺគ្រុនឈាមដោយដេកដាក់មុងត្រឹមត្រូវ និងនៅពេលចូលកេងឲ្យកូនតូចៗពាក់អាវដៃវែង ខោជើវែង ការពារកុំឲ្យមូសខ្លាខាំ ។

ជុំវិញនៃការព្រួយបារម្ភជំងឺគ្រុនឈាម និងចូលរួមចាត់វិធានការបង្ការទប់ស្កាត់ជំងឺគ្រុនឈាម គេសង្កេតឃើញកម្លាំងនគរបាលខេត្តបន្ទាយមានជ័យប្រមាណជាង៨០០នាក់ដឹកនាំផ្ទាល់ដោយស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ អាត់ ខែម នៅព្រឹកថ្ងៃទី២៨ ខែមិថុនា បានចុះសម្អាតអនាម័យ បរិស្ថាន ដើម្បីសុខភាពសិស្ស និងទប់ស្កាត់ជំងឺគ្រុនឈាមចំនួន២៣សាលារៀន ក្នុង ក្រុងសិរីសោភ័ណ ដែលនៅទីធ្លាសាលានីមួយៗនៅរដូវវស្សានេះមានព្រៃស្មៅដុះស៊ុបទ្រុប និងអាចមានមូសខ្លារស់នៅ វាជាបញ្ហាប្រឈមងាយ និងមូសខ្លាខាំទៅលើសិស្សតូចៗនៅទីនោះ បង្កជាជំងឺគ្រុនឈាម ។ ខណៈនោះលោកឧត្តមសេនីយ៍ស្នងការ អាត់ ខែម ក៏បានអំពាវនាវឲ្យអាណាព្យាបាលសិស្ស លោកគ្រូអ្នកគ្រូ ក៏ដូចក្មួយៗជាសិស្សរៀននៅក្នុងសាលានោះត្រូវផ្សព្វផ្សាយអប់រំឲ្យមានការប្រុងប្រយ័ត្នពីជំងឺគ្រុនឈាម ។ ជាពិសេសបង្ការទប់ស្កាត់កុំឲ្យមូសខ្លាខាំ បង្កឲ្យកើតជំងឺគ្រុនឈាម បើក្នុងករណីកើតជំងឺគ្រុនឈាមនោះហើយប្រញ៉ាប់បញ្ជូនកូនៗទៅព្យាបាលនៅមន្ទីរពេទ្យឲ្យទាន់ពេលវេលា៕សំ វិច្ឆិកា


ចែករំលែក៖