ព័ត៌មានទាន់ហេតុការណ៍៖

គណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ បង្រាបហ្គេមបាញ់ត្រីទំនើប ប្តូរពីទូ មកប្រើកំព្យូទ័រ

ចែករំលែក៖

ភ្នំពេញ៖ ទីតាំង អ៊ីធើណេតយីហោCH net បង្កប់ ទៅដោយ ហ្គេម បាញ់ ត្រីដ៏ ទំនើប មួយ កន្លែង ស្ថិត នៅ ចូលវត្តតាំងកសាង ក្នុងភូមិ ក្បាលដំរី២ សង្កាត់កាកាប២ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ចុះបង្ក្រាប ដោយដកហូតបានហ្គេមបាញ់ត្រីចំនួន ៧គ្រឿង, កំព្យូទ័រ ចំនួន២៧គ្រឿង និងកៅអី ចំនួន២៩គ្រឿង ។ ទោះបីជាយ៉ាង ណា សមត្ថកិច្ចពុំបានឃាត់ខ្លួន អ្នកមើលការនោះទេ ។

ប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងនេះ ធ្វើឡើង កាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០១៩ ដោយមានការដឹកនាំពីលោកប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ។

តាមព័ត៌មានបានឲ្យដឹងថា ទីតាំងហ្គេមបង្កប់ល្បែងស៊ីសង មានថៅកែជាជនជាតិចិន នៅពីក្រោយ និងមានអ្នកឈរឈ្មោះ និងខ្នងក្រាស់នោះ ឈ្មោះ ហ៊ុន គឹមជាតិ និងមេការឈ្មោះ ព្រំ ណារាជ្យ ។ ទីតាំងនោះត្រូវបានគេដឹងថា បានបើកដំណើរ ប្រមាណជាង១ខែមកហើយ ក្រោមរូបភាព អ៊ីនធើណេត តែល្បែងស៊ីសងសុទ្ធសាធ ។

តាមអាជ្ញាធរ បានឲ្យដឹងថា ដោយមានការផ្តល់ព័ត៌មានពីប្រជាពលរដ្ឋ ពីទីតាំង CH net ដែលបង្កប់ហ្គេមបាញ់ត្រី លោក ហែម ដារិទ្ធ ប្រធានគណៈបញ្ជាការឯកភាព ក៏បានបញ្ជាឲ្យលោក ប៉ាងលី ដា អភិបាលរងខណ្ឌ ចុះបង្ក្រាបតែម្តង ។

តាមព័ត៌មានឲ្យដឹងទៀតថា នៅពេលគណៈបញ្ជាការឯកភាពទៅដល់ហើយ ត្រួតពិនិត្យ ឃើញទីតាំងមានវិញ្ញាបនបត្រ អនុញ្ញាតអាជីវកម្មពីសាលារាជធានីភ្នំពេញ និងឃើញ ទីតាំងខាងលើ បង្កប់ល្បែងស៊ីសង ខុសច្បាប់ ធ្វើឲ្យប៉ះពាល់ដលសណ្តាប់ធ្នាប់សង្គមហើយ អាជ្ញាធរ ក៏បានដកហូត សម្ភារ ដែលជាមធ្យោបាយ ក្នុងការបើកល្បែងស៊ីសង ព្រមទាំងបិទបណ្តោះអាសន្ន ។

តាមព័ត៌មានឲ្យដឹងថា នៅមានទីតាំងជាច្រើនកន្លែង ទៀត ដែលមានថៅកែជាជនជាតិចិន និងឈ្មោះខាងលើ បានឈរ បើកលេងដោយបង្កប់នូវល្បែងស៊ីសង ៕ សុខាសែនជ័យ​


ចែករំលែក៖