ខេត្តកំពង់ស្ពឺ ៖កូនចៅស្តេចត្រាញ់ប្រចាំស្រុកភ្នំស្រួចមួយក្រុម បានធ្វើកម្មភាពស្ទាក់រំដោះរថយន្តដឹកដីមួយ គ្រឿង តាមផ្លូវពីសមត្ថកិច្ចនគរបាល បន្ទាប់ពីគណៈបញ្ជាការឯកភាពស្រុកឃាត់បានមួយគ្រឿង និងបានបញ្ជូនទៅកាន់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ ដើម្បីមានវិធានការ និងផាកពិន័យតាមច្បាប់ ។
មន្ត្រីនគរបាលស្រុកភ្នំស្រួចបានបង្ហើបប្រាប់ឲ្យដឹងនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩នេះថា មានមនុស្សមួយក្រុមដែលជាបក្ខពួករបស់លោកមេបញ្ជាការរងស្រុកភ្នំស្រួច បាននាំគ្នាស្ទាក់រំដោះយករថយន្តបែនដឹកដីមួយគ្រឿងដែលគណៈបញ្ជាការឯកភាពស្រុក ឃាត់ទុក រួចបញ្ជូនទៅមន្ទីរជំនាញចាត់ការបន្ត ប៉ុន្តែពេលដល់ចំណុចវត្តគ្រួស ឃុំកាហែង ស្រុកសំរោងទង ត្រូវបានគេស្ទាក់រំដោះយកទៅបាត់ ។
មន្ត្រីនគរបាលដដែលបានបន្តថា រថយន្តបែនដឹកដីរបស់លោកម៉ែន ភីរីណា មានតួនាទីជាមេបញ្ជាការរងស្រុកភ្នំស្រួច ដែលធ្វើសកម្មភាពចាក់អាចម៍ដីនិងលុបទាំងប្រឡាយរបស់រដ្ឋជិតស្ពានថ្ម ក្នុងឃុំមហាសាំង ស្រុកភ្នំស្រួចខុសច្បាប់ ទើបគណៈបញ្ជាការឯកភាពចុះឃាត់ និងបញ្ជូនបន្តទៅឲ្យមន្ទីរសាធារណការខេត្ត ចាត់ការតាមនីតិវិធី ប៉ុន្តែត្រូវបក្ខពួកលោកមេបញ្ជាការរង ស្ទាក់រំដោះយកទៅបាត់ ។
លោកហន ពិសិដ្ឋ អភិបាលស្រុកភ្នំស្រួចបានប្រាបឲ្យដឹងថា «ក្រោយពីមានលើកឡើងក្នុងវេទិកាសាធារណៈ ក្រុមការងារថ្នាក់ជាតិ គឺគេលើកចំណុចនេះតែម្តង ។ ខ្ញុំបានដឹកនាំកម្លាំងឃាត់បានរថយន្តរបស់លោកម៉ែន ភីរីណា មួយគ្រឿង មករក្សាទុកត្រៀមបញ្ជូនទៅជំនាញមន្ទីរសាធារណការខេត្តចាត់ការតាមនីតិវិធី តែដល់ចំណុចវត្តគ្រួស ត្រូវមនុស្សក្រុមតូចស្ទាក់យករថយន្ត ហើយគេចបាត់» ។
លោកអភិបាលស្រុកបានបញ្ជាក់ថា «ករណីនេះកើតឡើងពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ មានការអន្តរាគមន៍សុំដោះលែងដែរ តែស្រុកមិនឯកភាព» ។
អភិបាលស្រុកភ្នំស្រួចបញ្ជាក់ថា «ករណីលោកម៉ែន ភីរីណា មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកភ្នំស្រួចចាក់ដីនេះ គឺអត់ច្បាប់ទាំងអស់ ។ ទោះឃាត់ ក៏នៅបំពានចាក់ដែរ» ។
សូមរំឭកថា លោកម៉ែន ភីរីណា មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកភ្នំស្រួចរងការរិះគន់យ៉ាងខ្លាំងពីការចាក់អាចម៍ដីខុសច្បាប់ និងរំលោភយកប្រឡាយរបស់រដ្ឋ ហើយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ បានចុះទៅហាមឃាត់ និងធ្វើរបាយការណ៍ទៅអភិបាលខេត្តកំពង់ស្ពឺយ៉ាងណា ក៏លោកនៅតែមិនខ្លាចឡើយ ។
ប្រជាពលរដ្ឋភូមិព្រៃស្តុក ឃុំមហាសាំង ស្រុកភ្នំស្រួច បានប្រាប់ថា លោកម៉ែន ភីរីណា ជាមន្ត្រីស្រុកភ្នំស្រួច មានឪពុកក្មេកជាប៉ូលិសស្រុកភ្នំស្រួច ដែលសកម្ម ខាងមើលផ្លូវ និងប្រមូលលុយបទល្មើសព្រៃឈើបានបន្តចាក់ដីលុបអូររបស់រដ្ឋយ៉ាងគឃ្លើន មិនគោរពច្បាប់នោះទេ ។
លោកញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ ធ្លាប់បានប្រាប់កាសែតថា «លោកបានឲ្យជំនាញចុះទៅជាមួយអាជ្ញាធរឃុំ ដើម្បីឲ្យផ្អាក និងបានរាយការណ៍ជូនទៅលោកអភិបាលខេត្តផងដែរ» ។
បើទោះជាបែបនេះក្តីកន្លងមក អ្នកព័ត៌មានធ្លាប់បានសំភាសន៍លោក ម៉ែន ភីរីណា ដែរពាក់ព័ន្ឋនឹងការចាក់ដីលុបអូរនេះ ដោយលោកបាននិយាយថា លោកបានទាក់ទងជាមួយថ្នាកដឹកនាំខេត្តអស់ហើយ ។
មានការលើកឡើងជាចម្ងល់ថា «មិនដឹងថា តើថ្នាក់ដឹកនាំខេត្តរូបណានោះទេ ដែលជាខ្នងបង្អែករបស់លោក ម៉ែន ភីរីណា ទើបបានជាលោកនៅតែគឃ្លើនមិនខ្លាចរអារច្បប់បន្តិចណាទាល់តែសោះ» ។ ករណីលោក ម៉ែន ភីរីណា ចាក់ដីរំលោភអូររបស់រដ្ឋនេះ ថ្នាកដឹកនាំមិនចាត់វិធានការចំពោះបុគ្គល និងដកហូតដីមកជាសម្បត្តិរដ្ឋវិញទេ សបញ្ជាក់ឲ្យឃើញពីភាពកម្សោយរបស់អាជ្ញាធរ និងសមត្ថកិច្ចដែនដីជាក់ជាមិនខាន ឬមួយក៏មានអ្នកនៅកាងពីក្រោយ ចាំទទួលលាភសក្ការពីការលក់ដីខាងលើ ទើបបានជាបណ្តោយឲ្យបុគ្គលខាងលើធ្វើអ្វីតាមអំពើចិត្តបែបនេះ?
មហាជនសំណូមពរដល់លោកអភិបាលស្រុកមេត្តាចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គល ម៉ែន ភីរីណា នេះផង ដើម្បីទុកជាគំរូដល់មន្ត្រីផ្សេងៗទៀត កុំឲ្យយកគំរូអាក្រក់តាម ។
ពាក់ព័ន្ធករណីបក្ខពួកលោកមេបញ្ជាការរងស្រុកភ្នំស្រួច នាំគ្នាស្ទាក់រំដោះយករថយន្តបែនដឹកដីមួយគ្រឿងពីគណៈបញ្ជាការឯកភាពស្រុកភ្នំស្រួចនេះ នាថ្ងៃទី២៩ ខែមិថុនានេះ មិនអាចទាក់ទងសុំការបកស្រាយពីសាម៉ីខ្លួនបាននៅឡើយទេ ៕ សេនាស័ក្តិ