ថ្មីៗនេះមន្ត្រីគណនេយ្យតាមបណ្ដាមន្ទីរអង្គភាពចំណុះសាលាខេត្តបាត់ដំបង បានអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក ប៉ោទ្រី ខឿន ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបាត់ដំបង ខ្លះផង។ ដោយហេតុថាច្រើនឆ្នាំកន្លងទៅនេះលោក ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបាត់ដំបង ព្រមទាំងបក្ខពួកមួយចំនួនឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយដោយគ្មានញញើតអ្វីទាំងអស់ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ការងាររបស់មន្ទីរអង្គភាពចំណុះសាលាខេត្តបាត់ដំបង កាន់តែខ្លាំងជាងមុនទៅទៀត។
តាមការបង្ហើបពីមន្ត្រីគណនេយ្យតាមបណ្ដាមន្ទីរអង្គភាពនានាចំណុះសាលាខេត្តបាត់ដំបង បានឲ្យដឹងថា ច្រើនឆ្នាំកន្លងទៅនេះលោក ប៉ោទ្រី ខឿន និងបក្ខពួកឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយកាត់លុយទឹកតែពីគម្រោងរបស់មន្ទីរនានាដែលត្រូវការដកសាច់ប្រាក់ចេញពីមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ប្រភពបានឲ្យដឹងទៀតថា ក្រោយលេសនៃការសម្រួលឯកសារដកសាច់ប្រាក់ គឺលោក ប៉ោទ្រី ខឿន និងបក្ខពួកបានកាត់លុយទឹកតែពីគម្រោងនានាតាមអំពើចិត្តរបស់ខ្លួន ហើយបើមន្ទីរនានាមិនកាត់លុយទឹកតែឲ្យទេនោះ គឺលោក ប៉ោទ្រី ខឿន ប្រើវិធីពន្យារពេលយ៉ាងគឃ្លើន។ ដូច្នេះហើយទើបមន្ត្រីគណនេយ្យតាមបណ្ដាមន្ទីរនានាអត់ធ្មត់តទៅទៀតលែងបាន ក៏បើកកកាយជាសាធារណៈរឿងអាស្រូវពុករលួយរបស់លោក ប៉ោទ្រី ខឿន ។
ប្រភពដែលស្និទ្ធនឹងលោក ប៉ោទ្រី ខឿន បានឲ្យដឹងថា ពេលដែលមន្ត្រីគណនេយ្យតាមបណ្ដាមន្ទីរអង្គភាពនានាចំណុះសាលាខេត្តបាត់ដំបង រត់ការដកសាច់ប្រាក់យកទៅប្រើប្រាស់សម្រាប់គម្រោងផ្សេងៗត្រូវបានលោក ប៉ោទ្រី ខឿន និងបក្ខពួកទាមទារលុយទឹកតែយ៉ាងច្រើនពី១០ភាគរយរហូតដល់៤០ភាគរយទៀតផង។ អំពើពុករលួយនិងទង្វើមិនប្រក្រតីរបស់លោក ប៉ោទ្រី ខឿន ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបាត់ដំបង គឺជារឿងដែលមិនអាចបិទបាំងតទៅទៀតបានទេ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន មិនគួរបណ្ដែតបណ្ដោយតទៅទៀតឡើយ ហើយលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក៏មិនគួរទុកឲ្យលោក ប៉ោទ្រី ខឿន ប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើនបន្តទៀតដែរ ៕