ខេត្តមណ្ឌលគិរី៖ មន្រ្តីយោធាអនុសេនីយ៍ឯកស័ក្តិ៣ខាងអន្តរាគមន៍ម្នាក់ នៃប្រតិបត្តិការសឹករងមណ្ឌលគិរី ដែលគេស្គាល់ថាឈ្មោះ ស្រេម ផ្លូន រស់នៅក្នុងក្រុមរកាថ្មី ភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី រងការចោទប្រកាន់ពីប្រជាពលរដ្ឋរស់នៅក្នុងក្រុមរការថ្មី ភូមិពូហ្យាមថា បានដើរប្រមូលប្រជាពលរដ្ឋនៅក្នុងឃុំមេមង់ ស្រុកកែវសីមាផ្តិតមេដៃយកដីដែនជម្រកសត្វព្រៃសីមា ដើម្បីលក់ទៅឲ្យឈ្មួញជនជាតិចិនរាប់រយហិកតា ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋសុំមិន បញ្ចេញឈ្មោះបានអះអាងថា កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ កន្លងមកនេះឈ្មោះ ស្រេម ផ្លូន បានឲ្យគេទៅកាប់ព្រៃ និងដាក់បង្គោលរបងនៅតាមផ្លូវចំណុចអូរគុណ ស្ថិតក្នុងព្រៃដែនជម្រកសត្វព្រៃសីមាក្នុងភូមិសាស្រ្តភូមិពូហ្យាម។ លុះឃើញដូចឆ្នេះប្រជាពលរដ្ឋនៅក្រុមរកាថ្មីបានមកហាមឃាត់ ហើយមន្រ្តីយោធារូបនេះ បានគំរាមកំហែងដល់ប្រជាពលរដ្ឋ ដោយអាងខ្លួនជាមន្រ្តីយោធាអន្តរាគមន៍ស័ក្តិ៣ នៃប្រតិបត្តិការសឹករងមណ្ឌលគិរី ។
ប្រភពដដែលបានបន្តែមថា នាពេលកន្លងមកកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥ មន្រ្តីយោធា ឈ្មោះ ស្រេម ផ្លូន បានយកដីព្រៃដែនជម្រកសត្វព្រៃសីមាលក់ម្តងដែរ តែត្រូវបានប្រជាពលរដ្ឋនៅក្នុងក្រុម រកាថ្មី បានប្តឹងតវ៉ា ដោយបានផ្តិតមេដៃ ប្រជាពលរដ្ឋចំនួន៨៩នាក់ ហើយអាជ្ញាធរស្រុកអូររាំងបានដោះស្រាយដោយឲ្យមន្រ្តីយោធាឈ្មោះ ស្រេម ផ្លូន ធ្វើកិច្ចសន្យា បញ្ឈប់ការរុករានដីព្រៃដែនជម្រកសត្វព្រៃសីមាលក់ម្តងរួចមកហើយ។
ប្រភពដដែលបានបន្តែមទៀតថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋរស់នៅក្នុងក្រុម រកាថ្មី បានដាក់ពាក្យប្តឹងតវ៉ាដោយនាំគ្នាផ្តិតមេដៃចំនួន១០១នាក់ ដើម្បីឲ្យអាជ្ញាធរស្រុកអូររាំង មានចំណាត់ការទៅលើមន្រ្តីយោធាខាងលើនេះ។ បើមិនដូច្នេះទេមន្រ្តីយោធារូបនេះនឹងយកដីដែនជម្រកសត្វព្រៃសីមាទៅលក់ឲ្យឈ្មួញជនជាតិចិន ច្បាស់ជារលាយហិនហោចព្រៃដែលជាទីជម្រកសត្វព្រៃជាក់ជាមិនខាន។
ប្រជាពលរដ្ឋរស់នៅក្នុងក្រុមរកាថ្មីថា បើរឿងនេះជ្រាបដល់លោក សាន គឹមអឿន មេបញ្ជាការប្រតិបត្តិសឹករងមណ្ឌលគិរី តើលោកមានវិធានការយ៉ាងណាលើមន្រ្តីយោធាក្រោមឱវាទរបស់លោកដែលដើរចង្អុលដីព្រៃដែនជម្រកសត្វព្រៃសីមាលក់រាប់រយហិកតា និងអាងអំណាចខ្លួនជាមន្រ្តីយោធាគំរាមកំហែងដល់ប្រជាពលរដ្ឋ ក្នុងនាមខ្លួនជាមន្រ្តីយោធាអនុវត្តន៍ ច្បាប់។
ពាក់ព័ន្ធទៅនឹងការចោទប្រកាន់ខាងលើ មិនអាចសុំការបំភ្លឺពីលោក ស្រេម ផ្លូន មន្រ្តីយោធា នៃប្រតិបត្តិការសឹករងមណ្ឌលគិរី បានឡើយយ៉ាងណាក៏ដោយមន្ត្រីដែន ជម្រកសត្វព្រៃសីមាបានឲ្យដឹងថាបង្គោលដែលមន្ត្រីយោធាបោះត្រូវបានមន្ត្រីឧទ្យានុរក្សដកចោលហើយ។ដូច្នេះស្ថានភាពបានដូចដើមវិញហើយ ៕ នរិន្ទ្រ