ខេត្តកំពង់ស្ពឺ៖ នាថ្ងៃ អាទិត្យ ១៣រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង ថៃ្ងទី៣០ ខែមិថុនា ឆ្នាំ២០១៩ មន្រ្តីបច្ចេកទេស នាយកដ្ឋានវិស្វកម្ម ក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យ ការងារជួសជុលទំនប់អាងទឹកអូរកូនត្រុំ និងសាងសង់សំណង់សិល្បការ និងទំនប់ដំបូកខ្ពស់ ស្ថិតនៅឃុំ ត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
មន្ត្រីបានអោយដឹងថា៖ ទំហំការងាររួមមាន ៖
១-ទំនប់អាងទឹកអូរកូនត្រុំ
– ជួសជុលទំនប់ប្រវែង ១៥០០ម៉ែត្រ
– សាងសង់សំណង់បង្ហៀរ ០១កន្លែង
២-ទំនប់ដំបូកខ្ពស់
– ជួសជុលទំនប់ប្រវែង ៣០០០ម៉ែត្រ
– សាងសង់សំណង់សិល្បការ ០៣កន្លែង
ក្រោយពេល ជួសជុល និងសាងសង់រួចទំនប់អាងទឹកនេះ ផ្តល់ប្រយោជន៍ ដល់ប្រជាកសិករដែលរស់នៅក្នុងតំបន់នោះចំនួន ១២៦៥គ្រួសារ ស្មើ៣៤៣៣នាក់ ស្រី១៥៤១នាក់ និងអាចស្រោចស្រពបានលើផ្ទៃដីស្រូវវស្សា ចំនួន៨៣១ហិកតា ស្រូវប្រាំងចំនួន ៥៤ហិកតា និងដំណាំរួមផ្សំចំការចំនួន ២០១១ហិកតា ព្រមទាំងរួមចំណែកកាត់បន្ថយទឹកជំនន់ស្ទឹងព្រែកត្នោតមួយកម្រិត ដោយបង្វែរទិសទឹកអោយហូរចាក់ទៅស្រុកបសេដ្ឋតាមប្រឡាយអូរកូនត្រុំ។ គិតមកដល់ថ្ងៃនេះការងារជួសជុល និងសាងសង់សម្រេចបាន ៧០% នៃគម្រោង៕ សុខ ខេមរា