ព័ត៌មានទាន់ហេតុការណ៍៖

សម្លាប់បុរសម្នាក់រួចយកសពទៅទម្លាក់ចោលតាមផ្លូវ ​សមត្ថកិច្ចអះអាងថា ជាករណី​ប្លន់សម្លាប់យករថយន្ត

ចែករំលែក៖

ខេត្តកណ្តាល៖ សាកសពបុរសម្នាក់ ត្រូវបានឃាតកដៃដល់យកមកផ្លុងចោលតាមអូរដងផ្លូវ នៅចំណុចស្ពានព្រែករូងទី២ ផ្លូវជាតិលេខ៨ ចន្លោះគីឡូម៉ែតលេខ ២៨-២៩ ភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បង្កការភ្ញាក់ផ្អើលកាលពីព្រឹក ថ្ងៃអាទិត្យ ១៣ រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ ហើយត្រូវបានសមត្ថកិច្ចអះអាងថា ជាករណីប្លន់សម្លាប់យករថយន្ត។
មន្រ្តីនគរបាលស្រុកខ្សាច់កណ្តាលនៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ ឲ្យដឹងថា ក្រោយស្រាវ​ជ្រាវ​ជាជំហ៊ានដំបូង បានបង្ហាញថា ករណីនេះជាអំពើសម្លាប់យករថយន្ត​ពីជនរងគ្រោះ ដែល​បាន​ជួលដឹកមនុស្សចេញ ពីក្រុងប៉ោយប៉ែត ឆ្ពោះមកភ្នំពេញ ។ មកដល់ពេលនេះកម្លាំង​ជំនាញ ខេត្តកណ្តាលកំពុង សហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បាននិងកំពុងតាមដាន​ស្រាវ​ជ្រាវដើម្បីបំបែកសំណុំរឿងមួយនេះហើយ ។
ប្រភពដដែលបានឲ្យដឹងទៀតថា​ នៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃអាទិត្យ ១៣រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩នៅ ចំណុចស្ពាន​ព្រែករូងទី២ ផ្លូវជាតិលេខ៨ ចន្លោះគីឡូម៉ែត្រលេខ ២៨-២៩ ភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល មានការភ្ញាក់ផ្អើលមួយដោយប្រជាពលរដ្ឋបានប្រទះឃើញ​សពជនបុរសម្នាក់ នៅអូរក្បែរចិញ្ចើមថ្នល់ រួចនាំគ្នារាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ។
ក្រោយសមត្ថកិច្ចជំនាញទទួលដំណឹងនេះភ្លាម ក៏ទៅដល់កន្លែងកើតហេតុ​ដើម្បីស្រាវជ្រាវ​និងធ្វើកោសល្យវិច័យ ទើបដឹងថា ជនរង​គ្រោះ​មានឈ្មោះ មឿក សុភ័ណ ភេទប្រុស អាយុ​៣៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ​រថយន្តឈ្នួលមានទីលំនៅ ភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ។សាកសពបុរសនេះដេកផ្កាប់មុខបែរក្បាលទៅ​ទិសខាងលិច​ចម្ងាយ ៧,៣០ម៉ែត្រ ពីចិញ្ចើមផ្លូវជាតិ ពាក់អាវយឺតដៃវែង ពណ៌ខ្មៅ មានឆ្នូតបីពណ៌លឿង ខាងខ្នងមានអក្សរ LFC រូបហង្ស មានរូតពីមុខ អាវយឺត សក់ខ្លី ខាងក្នុងដៃខ្លីពណ៌​ខៀវលាយ​ខ្មៅ ស្លៀកខោជើងវែងសាច់ក្រណាត់គគីរ ពណ៌ដី ខោទ្រនាប់ក្នុងពណ៌ក្រហម ពាក់ខ្សែចង្កេះ​និង មានកម្ពស់ ១,៥៥ ម៉ែត្រ ។នៅដៃទាំងសងខាងនៃសពមានចង​ខ្សែភ្លើង​ពណ៌លឿងរិតភ្ជាប់​គ្នា នៅត្រង់​កមានខ្សែក្រវាត់រឹត​ជាប់នឹងក មានស្នាមទ្រុឌកលើគ្រាប់ពោនពីមុខដល់​គល់​ថ្គាមទាំងសង​ខាង។​ក្រោយការពិនិត្យសមត្ថកិច្ចជំនាញសន្និដ្ឋានថា ជាករណីឃាតកម្ម​ស្លាប់​ដោយចោររឹតកប្លន់យករថយន្ត ប៉ុន្តែមិនបញ្ជាក់ឲ្យដឹងថារថយន្តនោះម៉ាកអ្វីនោះទេ ។
រីឯវត្ថុតាងជាឧបករណ៍ធ្វើមនុស្សឃាតរឹបអូសបាន មានរ៉ូឡូភ្លើងពណ៌លឿងចំនួន ១ មានខ្សែ​ភ្លើងពណ៌លឿងមួយកំណាត់ ប្រវែង ២,៦៤ម៉ែត្រ ជាប់នឹងរ៉ូឡូខ្សែក្រវ៉ាត់ក្បាលដែក​​មាន​រូប​ក្បាលខ្មោចចំនួន០១ មានប្រវែង ១,០៩ម៉ែត្រខ្នើយចំនួន១។ ដោយឡែកសាកសពត្រូវ​បាន​សមត្ថកិច្ច​ជំនាញប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕ ​

ដោយ៖ សហការី


ចែករំលែក៖