សកម្មភាពរបស់លោកត្រាំទៅជួបមេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុនរងការថ្កោលទោសយ៉ាងខ្លាំងពីអ្នកនយោបាយអាមេរិក ។ ប៉ុន្តែលោកទទួលបានកោតសសើរយ៉ាងខ្លាំងពីបណ្តាមេដឹកនាំនៅជុំវិញពិភពលោក ដោយចាត់ទុកទាំងនោះជាសញ្ញាសន្តិភាព។
ប្រធានាធិបតីអាមេរិកដូណាលត្រាំ បានបង្កើតប្រវត្តិសាស្ត្រសម្រាប់ប្រធានាធិបតីអាមេរិក ក្នុងរយៈពេលជិត៧០ឆ្នាំកន្លងមក ដោយលោកត្រាំបានឈានជើងចូលក្នុងទឹកដីកូរ៉េខាងជើងបាន២០ ជំហាននៅតំបន់ព្រំដែនកូរ៉េទាំងពីរ។ កន្លងមកមានតែអតីតប្រធានាធិបតីអាមេរិក ប៉ុណ្ណោះ ចូលទៅកាន់កូរ៉េខាងជើង ចំណែកប្រធានាធិបតីកំពុងតែកាន់អំណាចមិនដែលចូលទៅឡើយ។
ប៉ុន្តែជំហានប្រវត្តិសាស្ត្រ នោះ ទទួលរងការប្រឆាំងថ្កោលទោស ក៏ដូចជាកោតសសើរជាច្រើនផងដែរ។
បណ្តាបេក្ខភាពប្រធានាធិបតីអាមេរិកមកពីគណបក្ស ប្រជាធិបតេយ្យ បានថ្កោលទោសយ៉ាងខ្លាំង ដល់ដំណើរទស្សនកិច្ចទៅកាន់ ព្រំដែន DMZ នៅឧបទ្វីបកូរ៉េ ។ សារព័ត៌មានរ៉យទ័របានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់នៅក្នុងជួរគណបក្ស ប្រជាធិបតេយ្យ បានបញ្ជាក់ថា ប្រធានាធិបតីត្រាំ មិនខុសឡើយពេលនិយាយជាមួយ សត្រូវអាមេរិក ក្នុងនោះមានមេដឹកនាំកូរ៉េខាងជើង ។ ប៉ុន្តែជំនួបពិភាក្សានោះ ចំបាច់ត្រូវតែ រៀបចំឲ្យបានល្អិតល្អន់ នឹងមានផែនការនយោបាយច្បាប់លាស់ ពឹងផ្អែកទៅលើដំណើរសំសាយអាវុធបរមាណូរបស់កូរ៉េខាងជើង ។
មន្ត្រីអាមេរិកជាច្រើន រូបទៀតក្នុងនោះមានទាំង Elizabeth Warren, Bernie Sanders , Kamala Harris បានថ្កោលទោសលោកត្រាំ ថាធ្វើឲ្យបាត់បង់ឥទ្ធិពលរបស់អាមេរិក ពិសេស ធ្វើឲ្យក្រសួងការបរទេសអាមេរិកចុះខ្យោយ។ មន្ត្រីអាមេរិកបានលើកឡើងថា ប្រសិនបើយើងចង់បានសន្តិភាពឲ្យពិភពលោក យើងចំបាច់ត្រូវតែមានក្រសួងការបរទេសរឹងមាំ ជំរុញកិច្ចពិភាក្សា តាមរយៈកិច្ចការបរទេស។
ប៉ុន្តែចំពោះបណ្តាប្រទេសជុំវិញពិភពលោកវិញ បានបង្ហាញការគាំទ្រយ៉ាងខ្លាំងដល់សកម្មភាព របស់ប្រធានាធិបតីអាមេរិកដែលបានទៅកាន់ព្រំដែនជួបជាមួយ គីម ជុងអ៊ុន ជាជំហានជួយដល់ឧបទ្វីបកូរ៉េទទួលបានសន្តិភាព ក៏ដូចពិភពលោកទាំងមូល៕
ដោយ៖ មែវ សាធី