ព័ត៌មានទាន់ហេតុការណ៍៖

ទីតាំង​កែច្នៃ ដំឡើងរថយន្ត​ចង្កូតស្តាំគ្មាន​ច្បាប់នៅស្រុកអង្គស្នួលត្រូវនគរបាលប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តកណ្ដាលចុះបង្ក្រាប​

ចែករំលែក៖

ខេត្តកណ្តាល៖ កម្លាំងនគរបាលប្រឆាំង​បទល្មើស​សេដ្ឋកិច្ចនៃស្នងការនគរបាលខេត្តកណ្ដាលដោយមានការបញ្ជាយ៉ាងមុឺងម៉ាត់ពីសំណាក់លោកឧត្តមសេនីយ៍ទោ អ៊ាវ​ ចំរើន​ ស្នងការនគរបាលខេត្តកណ្តាល និងមាន​ការសម្របសម្រួល​នីតិវិធី​ដោយ​លោក ឯក ស៊ុន​រស្មី ជា​ព្រះរាជអាជ្ញារងនៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្ដាល​ បានចុះបង្ក្រាប​ទីតាំង​កែច្នៃ ដំឡើងរថយន្តចង្កូតស្តាំគ្មាន​ច្បាប់នៅស្រុកអង្គស្នួល ខុសបច្ចេកទេស និងកាត់ត។
ហេតុការចុះបង្ក្រាបនេះកាលពី​ព្រឹក​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០១៩ ស្ថិតនៅ​ក្នុងភូមិ​ដំណាក់​កកោះ​ ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។
​ក្នុងការ​ចុះបង្ក្រាប​នេះ សមត្ថកិច្ច​បាន​រកឃើញ​រថយន្ត​ម៉ាក NISSAN DiESAlL​ចំនួន ០៦​គ្រឿងទំងន់​៥​តោន រថយន្ត​ចង្កូត​ស្ដាំ​(​គ្មាន​ពន្ធ​)​ជាក់ស្តែង។​
លោកឧត្តមសេនីយ៍ទោ អ៊ាវ​ ចំរើន​ ស្នងការនគរបាលខេត្តកណ្តាលបាន​ឲ្យ​ដឹងថា៖ នៅ​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០១៩ វេលា​ម៉ោង ១១​និង​៥​នាទី ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តកណ្ដាល បាន​សហការ​ជាមួយ កម្លាំង​សាខាគយ​និង​រដ្ឋាករ​ខេត្តកណ្ដាល កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល ប៉ុស្តិ៍នគរបាល​រដ្ឋបាល​និង​អាជ្ញាធរ​មូលដ្ឋាន ភូមិ ឃុំ ដោយមាន​ការសម្របសម្រួល​នីតិវិធី​ដោយ​លោក ឯក ស៊ុន​រស្មី​ជា​ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្ដាល តាមរយៈ​ទូរស័ព្ទ បាន​ចុះមក​ដល់ទី​តាំង​កែច្នៃ ដំឡើង រថយន្ត​គ្មាន​ច្បាប់ ចង្កូត​ស្ដាំ គ្មាន​ពន្ធ ស្ថិតនៅ​ក្នុងភូមិ​ដំណាក់​កកោះ​ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។
ជនសង្ស័យ​ជា​ម្ចាស់​ទីតាំង​រថយន្ត​កែច្នៃ​មានឈ្មោះ សុខ បញ្ញា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ផ្ទះជួល​ភូមិ​ដំណាក់​កកោះ ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។
វត្ថុតាង​ចាប់យក ​រួមមានៈ រកឃើញ​រថយន្ត​ម៉ាក NISSAN DiESAlL​ចំនួន ០៦​គ្រឿង ទំងន់ ៥​តោន រថយន្ត​ចង្កូត​ស្ដាំ​(​គ្មាន​ពន្ធ​) ក្នុងនោះ​មាន​ពណ៌​ទឹកប្រាក់ ចំនួន ២​គ្រឿង និង​ពណ៌​ស ចំនួន ៤​គ្រឿង តំឡើង​ទ្រុង​រួច​ចំនួន ៣ គ្រឿង និង​មិនទាន់​តំឡើង​ទ្រុង​ចំនួន ៣ គ្រឿង​។ ចំពោះ​រថយន្ត​ទាំង ៦​គ្រឿង នេះ​គឺជា​ប្រភេទ​រថយន្ត​ដឹក​ធម្មតា កែច្នៃ​ទៅជា​រថយន្ត​បែន​សម្រាប់​ដឹក​ដី​ ហើយ​មាន​ម្ចាស់​​រៀងៗខ្លួន​។​

​ចំពោះ​វត្ថុតាង​ខាងលើ​ក្រុមចម្រុះ​សម្រេច​រក្សាទុក​នៅ​កន្លែងកើតហេតុ បណ្ដោះអាសន្ន រង់ចាំ​ការអនុវត្ត​នីតិវិធី​ប​ន្ត​ស្អែក​បន្តទៀត ដោយបាន​ឲ្យ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល ជា​អ្នកមើល​ថែរក្សា​វត្ថុតាង​ទាំងនេះ​មិន​ឲ្យ​បាត់បង់​៕

ដោយ៖ ឆ ដា


ចែករំលែក៖