ព័ត៌មានទាន់ហេតុការណ៍៖

មេដឹកនាំកោះហុងកុង អំពាវនាវដល់ក្រុមបាតុករ ឲ្យគោរពច្បាប់

ចែករំលែក៖

នៅថ្ងៃគម្រប់ខួប​២២ឆ្នាំ ដែលហុងកុងត្រូវបានអង់គ្លេស សងទៅឲ្យចិនវិញ នាថ្ងៃទី​១ ខែកក្កដា ក្រុមបាតុករ បានសម្រុកចូលដណ្តើមទីតាំងរដ្ឋាភិបាល បង្កឲ្យមានអំពើហិង្សាកើតឡើង ។

ក្រុមបាតុករបានប្រើប្រាស់រថយន្តបុកទម្លុះរនាំងការពារ ចូលទៅគ្រប់គ្រងទីតាំងសំខាន់ៗរបស់រដ្ឋ ធ្វើឲ្យកម្លាំងសន្តិសុខត្រូវប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក ។ គោលដៅរបស់ក្រុមបាតុករគឺរារាំងពិធី​គោរពទង់ជាតិ ក្នុងឱកាសខួបទី​២២ ថ្ងៃអង់គ្លេសប្រគល់ឲ្យចិនវិញ នាថ្ងៃ​១ ខែកក្កដា ដោយមានការចូលរួម​ពីមេដឹកនាំកោះហុងកុង គឺលោកស្រី​ Carrie Lam ។

ក្រុមបាតុករ​ប្រឆាំងរដ្ឋាភិបាល​ហុងកុងរាប់ពាន់​នាក់​​ បាននាំគ្នាដណ្តើមគ្រប់គ្រង​អគារ​រដ្ឋសភា ប៉ុន្តែ​នៅព្រឹកព្រលឹម​ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ កងកម្លាំងប៉ូលិស​បង្ក្រាប​បាតុកម្ម​បានបាញ់ឧស្ម័ន​បង្ហូរទឹកភ្នែក បំបែកហ្វូងបាតុរ​ទាំងនោះ ហើយបានគ្រប់គ្រងស្ថាន​ការ​ទាំងស្រុង​ នៅទីតាំង​អគាររដ្ឋសភា​នោះឡើងវិញ ។

មេដឹកនាំ​ដែនដី​ហុងកុង​ លោកស្រី Carrie Lam បានថ្លែងថ្កោលទោស​អំពើហិង្សា និងការដណ្តើមគ្រប់គ្រងអគាររដ្ឋាភិបាល ​ពីសំណាក់​ហ្វូងបាតុករនៅពេលនេះ ។ លោកស្រីបានថ្លែងថា វាជារឿងគួរឲ្យរន្ធត់ចិត្ត និងតក់ស្លុតបំផុត ។

សូមបញ្ជាក់ថា ផ្តើមចេញ​ពីច្បាប់ធ្វើបត្យាប័ន​​ពីហុងកុង​ទៅចិនដីគោក បាននាំឲ្យមានរលកបាតុកម្ម​ពីពលរដ្ឋហុងកុង​​រាប់ពាន់នាក់​ ប្រឆាំងរដ្ឋាភិបាល ទាមទារឲ្យលុបច្បាប់ និង​ទាមទារឲ្យមេដឹកនាំដែនដីនេះចុះចេញពីតំណែង ដែលអូសបន្លាយមកដល់ពេលនេះ​ ៣សប្តាហ៍មកហើយ ។

ក្រុមបាតុករ​ដែលខឹងសម្បារនោះ​ កាលពីថ្ងៃទី​១ ខែកក្កដា បានទម្លុះ​របាំង​ការពារ​របស់​នគរបាល សម្រុក​ចូលទៅកាន់​អគារ​រដ្ឋសភា រុះរើសម្ភារ ខណៈកំពុងតែមានការបះទង្គិច​ជាមួយ​ប៉ូលិស​កើតឡើងនោះ ។ ហ្វូងបាតុករ​ភាគច្រើន​ជាមនុស្សវ័យក្មេង ​ពាក់អាវ និងមួកពណ៌លឿង ។

ប៉ូលិស​បានព្រមាន​អំពីវិធានការបន្តបង្ក្រាប​​ទៅលើក្រុមបាតុករ ។ លុះវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែកក្កដា ប៉ូលិស​បាន​មកពីទិសដៅ​ផ្សេងៗ បាញ់ឧស្ម័នបង្ហូរទឹកភ្នែក បំបែក​ក្រុមបាតុករតែម្តង ។ ទីក្រុងទាំងមូល​ពោរពេញដោយផ្សែង និងការប្រឈមមុខតានតឹង ។ គ្មានការចាប់ខ្លួន​​ណាម្នាក់​ត្រូវបានប្រកាស​នោះទេ ។

ស្នងការប៉ូលិស​ក្រុងហុងកុង​ លោក Stephen Lo បានថ្លែងថា «បាតុករ ធ្វើសកម្មភាពហិង្សា រុលទៅមុខហួស​ពីដែនកំណត់ ស្តីអំពីការទាមទារ​ ឬបាតុកម្មដោយសន្តិវិធី» ។

ពុំមាន​ការផ្សាយ​ពីគ្រោះថ្នាក់ របួស ឬស្លាប់ ទាំងខាងបាតុករ និងខាងប៉ូលិស​នោះទេ អំឡុងពេល​ហេតុការណ៍ប៉ះទង្គិច​គ្នា កើតឡើងកាលពីព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩នេះ ។

ក្រុមបាតុករ​បានទាមទារ​ឲ្យលោកស្រី Carrie Lam លាលែងពីតំណែង​ផងដែរ តាមអ្វីដែលពួកគេយល់ឃើញថា គឺដើម្បីសង្គ្រោះ​សិទ្ធិសេរីភាព​​នៅហុងកុង​ដែលត្រូវបានរិតត្បិតជាយូរឆ្នាំមកហើយនោះ ៕


ចែករំលែក៖