យ៉ាងហោចណាសក៏មានមនុស្ស១៣នាក់ស្លាប់ ដោយសារគ្រោះថ្នាក់រថភ្លើងពីរគ្រឿងមុខគ្នា កាលពីថ្ងៃទី១ ខែកក្កដា ។ រថភ្លើងទាំងពីរដែលជួបគ្រោះថ្នាក់មិនមែនជារថភ្លើងដឹកអ្នកដំណើរឡើយ គឺរថភ្លើងដឹកទំនិញ ។ ប្រសិនបើរថភ្លើងខាងលើដឹកអ្នកដំណើរនោះ ប្រហែលមានអ្នកស្លាប់ យ៉ាងច្រើន ។
កាលពីថ្ងៃទី១ ខែកក្កដា ប៉ូលិសសាធារណរដ្ឋកុងហ្គោ បានប្រកាសឲ្យដឹងថា មានមនុស្ស ១៣នាក់ស្លាប់ និង រងរបួសជាច្រើន ក្នុងហេតុការណ៍គ្រោះថ្នាក់រថភ្លើងពីរគ្រឿងបុកគ្នា នៅជិតទីក្រុង កំពង់ផែ Pointe Noire របស់ប្រទេសនេះ ។
តាមការប្រកាសរបស់ក្រុមហ៊ុនផ្លូវដែក Congo Ocean បានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់កើឡើង នៅពេលនាវាដឹករ៉ែ មានបញ្ហាបច្ចេកទេស ហើយបុកទៅលើរថភ្លើងដឹកទំនិញ នៅពេលយប់ ។ ប៉ូលិសបានឲ្យដឹងថា ជនរងគ្រោះភាគច្រើន ជាអ្នកខកដំណើរ រថភ្លើងដឹកមនុស្ស ។
រថភ្លើងដឹករ៉ែ ជារបស់ក្រុមហ៊ុនឃួងរ៉ែ Sapro ធ្វើដំណើរពីតំបន់ Mayoko ដែលជាទីតាំងក្រុមហ៊ុនឃួងយករ៉ែដែក ។ ទីតាំងខាងលើមានចម្ងាយពីទីក្រុង Pointe-Noire ៣០០គីឡូម៉ែត្រ ។
ផ្លូវដែក ពីទីក្រុង Pointe-Noire ទៅកាន់រដ្ឋធានី Brazzaville ជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់បំផុត របស់ សាធារណរដ្ឋកុងហ្គោ ។ កាលពីឆ្នាំ២០១៦ដល់ឆ្នាំ២០១៨ ផ្លូវដែកនេះត្រូវបានផ្អាក់ដោយសារតែ សង្គ្រាមស៊ីវិលរវាងទាហានរដ្ឋាភិបាល និង ក្រុងមឧទ្ទាម ។ គ្រោះថ្នាក់ផ្លូវដែក កើតឡើងចុងក្រោយបំផុតនៅតំបន់នេះ គឺនៅឆ្នាំ២០១០ សម្លាប់មនុស្ស ៥៣នាក់ ៕