ខេត្តឧត្តរមានជ័យ ៖ កម្លាំងកងរាជអាវុធហត្ថស្រុកអន្លង់វែង ចំនួន៥នាក់ ដឹកនាំដោយលោកអនុសេនីយ៍ទោ គង់ ណង ជំនួយការអាវុធហត្ថស្រុក បានចុះបង្ក្រាបករណីក្មេងទំនើង (ផឹកស៊ីវាយគ្នា) កាលពីវេលាម៉ោង១៩ និង២០នាទីយប់ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុច ភូមិស្លែងព័រ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្នុងនោះកម្លាំងអាវុធហត្ថស្រុក ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់រួមវត្ថុតាងមួយចំនួន ។
លោកអនុសេនីយ៍ទោ គង់ ណង បានឲ្យដឹងថា ក្មេងទំនើងទាំង២នាក់ ដែលកម្លាំងយើងឃាត់ខ្លួនបាននោះមានឈ្មោះ ទី១÷ឈ្មោះ បូ សើ ភេទប្រុស អាយុ ២៣ឆ្នាំបច្ចុប្បន្នរស់នៅ ភូមិ គោកសំព័រ ឃុំត្រពាំងតាវ ស្រុក អន្លង់ វែង ទី២ ឈ្មោះ ភាព នី ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិ ឃុំ ដូចអ្នកទី១ ព្រមទាំងដកហូតកាំបិតខ្វែវ ចំនួន០១ និងម៉ូតូC125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ចំនួន ០១គ្រឿង ។
បច្ចុប្បន្នជនបង្ករទាំងពីរនាក់ខាងលើ ត្រូវបាន កងរាជអាវុធហត្ថស្រុក បានឲ្យធ្វើកិច្ចសន្យា និងអប់រំ ឲ្យវិលត្រឡប់ទៅលំនៅឋានវិញ ៕ ប៉ែន នួន