ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធររាជធានីភ្នំពេញ ប្រកាសដាក់ឲ្យដំណើរការAPP ដើម្បីគ្រប់គ្រងប្រតិបត្តិការ និងតាមដាន ចលនាបម្លាស់ទី រថយន្តក្រុងសាធារណៈ

ចែករំលែក៖

ភ្នំពេញ៖ ក្រោយពីបានដំណើរការសេវារថយន្តក្រុងសាធា រណៈ ក្នុងឆ្នាំ២០១៤ រហូតមកដល់ឆ្នាំ២០១៩នេះសេវារថយន្ដក្រុង ពិតជាទទួលបានការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ ដោយបានចូលរួមក្នុងការកាត់បន្ថយ ចំណាយលើការធ្វើដំណើរ របស់ប្រជាពលរដ្ឋ កម្មករ កម្មការិនី ពិសេសបានចូលរួមមួយចំណែក លើការ កាត់បន្ថយការកកស្ទះចរាចរណ៍ ក្នុងរាជធានីភ្នំពេញផងដែរ ។

ដើម្បីអោយសេវាកម្មសាធារណៈមួយនេះកាន់តែប្រសើរឡើងមួយកម្រិតថែមទៀត កាលពីព្រឹកថ្ងៃព្រហស្បតិ៏៣កើត ខែអាសាឍ ឆ្នាំកុរឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ នៅរដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសដាក់ ឲ្យដំណើរការប្រើប្រាស់ជាផ្លូវការ នូវប្រព័ន្ធគ្រប់គ្រង ប្រតិបត្តិការរថយន្តក្រុង APP សម្រាប់តាមដាន ចលនាបម្លាស់ទីរថយន្តក្រុង ក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។

លោក ឃួង ស្រេង ក្នុងឱកាសនេះ បានអគុណ ដល់ទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុនJICA ដែលបានផ្តល់ជាជំនួយបច្ចេកទេស និងហិរញ្ញវត្ថុដល់ការអនុវត្ត គម្រោងធ្វើឲ្យប្រសើរឡើង នូវសេវាដឹកជញ្ជូនរថយន្តក្រុងសាធារណៈ ដែលហៅថាកាត់គម្រោង PIBO ព្រមទាំងសម្រេចបាននូវលទ្ធផលជាំច្រើនគួរជាទីមោទនៈ ។

លោកបានសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ ក្រោមឱវាទរដ្ឋបាលរាជធានីភ្នំពេញ រួមមានមន្ទីរសាធារណការ និងដឹកជញ្ជូន រដ្ឋាករស្វយ័តសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ (រ.ដ.ស) ទីចាត់ការរៀបចំក្រុង ដែលបានផ្តល់កិច្ចសហការយ៉ាងល្អ ដល់ក្រុមជំនាញការនៃគម្រោង PIBO ដើម្បីអោយការអនុវត្តគម្រោងនេះ ដំណើរការទៅដោយរលូន និងទទួលបានប្រសិទ្ធភាពខ្ពស់ ។

លោក ឃួង ស្រេង បានបន្ដថា៖ ក្នុងក្របខណ្ឌនៃការអនុវត្តគម្រោង PIBO ក្រុមអ្នកជំនាញការ JICA និងរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ បានបង្កើតនូវប្រព័ន្ធគ្រប់គ្រង ប្រតិបត្តិការរថយន្តក្រុង និងប្រព័ន្ធតាមដានទីតាំង ចលនា បម្លាស់ទីរថយន្តក្រុង ។ ប្រព័ន្ធទាំងពីរនេះ រំពឹងថា នឹងរួមចំណែកធ្វើឲ្យប្រតិបត្តិការរថយន្តក្រុង កាន់តែមានប្រសិទ្ធភាព និងផ្តល់ភាពងាយស្រួល ដល់អ្នកប្រើប្រាស់ សេវាដឹកជញ្ជូនសាធារណៈ តាមរថយន្តក្រុងផងដែរ ។

លោកបានបន្តថា៖ មុនពេលដែលប្រព័ន្ធគ្រប់គ្រងប្រតិបត្តិការនេះ ត្រូវបានដាក់ អោយដំណើរការ អ្នកប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈ តាមរថយន្តក្រុង មិនអាចដឹងថារថយន្តក្រុង កំពុងស្ថិតនីទីតាំងណាឡើយ ក្រោយពេលរថយន្តក្រុងនោះចាកចេញ ពីស្ថានីយចំណតដឹកអ្នកដំណើរណាមួយ ហើយនៅពេលខ្លះ នៅលើតម្រាយផ្លូវរត់ដូចគ្នា យើងសង្កេតឃើញថា មានរថយន្តពីរគ្រឿង បានមកដល់ក្នុងពេលតែមួយ ដែលធ្វើអោយខាតជើងរថយន្តក្រុង ដែលត្រូវបញ្ចេញទៅទទួលអ្នកដំណើរ តាមចំណតរថយន្តក្រុងដទៃទៀតផង ធ្វើឲ្យការផ្តល់សេវាពុំទទួលបាន ប្រសិទ្ធភាពខ្ពស់ ។

ដោយមើលឃើញពីកង្វះខាតទាំងនេះ និងដើម្បីដោះ ស្រាយបញ្ហាប្រឈមនេះ ក្រុមជំនាញការនៃគម្រោង PIBO និងរដ្ឋាករស្វយ័តដឹកជញ្ជូនបានធ្វើការសិក្សា ស្រាវជ្រាវ រហូតឈានដល់ការបង្កើតប្រព័ន្ធគ្រប់គ្រង ប្រតិបត្តិការរថយន្តក្រុង និងប្រព័ន្ធ APP តាមដានទីតាំងចលនាបម្លាស់ទីរថយន្តក្រុង និងផ្តល់នូវព័ត៌មាន អំពីទីតាំងជាក់ស្តែងរបស់រថយន្តក្រុង ដែលបង្កលក្ខណៈងាយស្រួលទាំងអ្នកគ្រប់គ្រងប្រតិបត្តិការ អ្នកបើកបរ និងអ្នកប្រើប្រាស់សេវា ។ នៅពេលដែលទទួលបានព័ត៌មានអំពីទីតាំងរថយន្តក្រុងរួចនោះ គឺអាចផ្តល់ដំណឹងបន្តទៅអ្នកបើកបរ ដើម្បីបញ្ជៀសកុំអោយរថយន្តក្រុងពីរ ឬច្រើនគ្រឿងមកដល់ក្នុងពេលតែមួយ ។ ចំពោះអ្នកប្រើប្រាស់សេវាវិញ គឺពួកគេអាចដឹងជាមុន អំពីពេលវេលាដែលរថយន្តក្រុងនឹងមកដល់ ដោយពុំចាំបាច់ចំណាយពេលវេលារង់ចាំយូរនៅតាមចំណត រថយន្តក្រុងនោះឡើយ ។

លោក ឃួង ស្រេង បានបន្ដថា៖ សមិទ្ធផលគួរអោយគត់សម្គាល់មួយទៀត ដែលក្រុមជំនាញការ JICA និងរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ រថយន្តក្រុងសម្រេចបាន គឺការបង្កើតទិន្នន័យទីតាំងរថយន្តក្រុង ត្រូវបានបង្កើតនិងរក្សាទុកជាទម្រង់ GTFS ។ ទិន្នន័យនេះ នឹងបង្កភាពងាយ ស្រួលសម្រាប់ក្រុមហ៊ុនឯកជន ក្នុងការអភិវឌ្ឍកម្មវិធីនៅលើ App របស់ខ្លួន ។ មកដល់បច្ចុប្បន្ន ក្រុមហ៊ុនឯកជន ៣ កំពុងសហការជាមួយក្រុមជំនាញការ JICA និងរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ រថយន្តក្រុង ដើម្បីផ្សព្វផ្សាយ អោយកាន់តែទូលំទូលាយ នូវកម្មវិធីតាមដានចលនាបម្លាស់ទីរថយន្តក្រុង ។

លោក អ៊ាន សុឃីម អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង បានឲ្យដឹងថា៖ ក្នុងគម្រោងធ្វើអោយប្រសើរឡើង នូវសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង នៅរាជធានីភ្នំពេញ ដែលមានរយៈពេល៤ឆ្នាំ ចាប់ពីខែមករា ឆ្នាំ២០១៧ ដល់ខែធ្នូ ឆ្នាំ២០២០ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ និងក្រុមជំនាញការ JICA បានដាក់ឲ្យដំណើរការ សេវាដឹកជញ្ជូនសាធារណៈ ជូនប្រជាពលរដ្ឋ បានចំនួន១៣ខ្សែ ប្រើប្រាស់រថយន្ត ២៣៥គ្រឿង និងមានអ្នកជិះរថយន្តក្រុងពី២៦.០០០នាក់ ទៅ៣០.០០០នាក់ ក្នុងមួយថ្ងៃ ។

លោកបញ្ជាក់ថា៖ រដ្ឋាករ បានបំពាក់នូវម៉ាស៊ីនទូទាត់ប្រាក់តាមប្រព័ន្ធ អេឡិកត្រូនិក ដោយប្រើប្រាស់កាត NFC របស់ធនាគារឯកទេសវីង និងអេស៊ីលីដា ទាន់ចិត្ត (QR-Code) របស់ធនាគារអេស៊ីលីដា នៅលើរថយន្តក្រុងទាំងអស់ និងបានរៀបចំជម្រករង់ចាំថ្មី (Bus Shelter) ចំនួន ១៧៧ទីតាំង លើចំណតរង់ចាំ (Bus Stop) ចំនួន ៩០៤ទីតាំង ដោយបំពាក់ភ្លើងបំភ្លឺ និង WIFI នៅលើរថយន្តក្រុងផងដែរ ៕ សំរិត

 


ចែករំលែក៖