ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគថៃ-កម្ពុជា ត្រូវបានបិទបញ្ចប់នៅព្រឹកនេះហើយ

ចែករំលែក៖

ទីក្រុងបាងកក៖ កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគថៃ-កម្ពុជា លើកទី២៧ រវាង កងទ័ពភូមិភាគទី១(ថៃ) និងយោធភូមិភាគទី៥ (កម្ពុជា) បានបិទកិច្ជប្រជុំនៅព្រឹកនេះហើយ ក្រោយពីបានប្រព្រឹត្តធ្វើឡើងអស់រយះពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២-៤ ខែកក្កដា ឆ្នាំ២០១៩ នៅសណ្ឋាគារហូលីដេអុីន ក្រុងបាងកក នៃព្រះរាជាណាចក្រថៃ ។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ ភាគី(កម្ពុជា) ឯភាគីថៃ ដឹកនាំដោយ ឧត្តមសេនីយ៍ទោ ណារ៉ុងផាន់ ជិតកែវធែ មេបញ្ជាការកងទ័ពភូមិភាគទី១ (ថៃ) ជាសហប្រធាននៃការប្រជុំរួម ។

ការប្រជុំនេះមានគោលបំណងដើម្បីពិភាក្សារកទិសដៅដោះស្រាយ និងរំលឹកឡើងវិញនូវភាពរីកចម្រើននៃការអភិវឌ្ឍលើវិស័យផ្សេងៗ ពាក់ព័ន្ធទៅ នឹងសម្ព័ន្ធភាពទ័ព និងសន្តិសុខតាមព្រំដែន ដោយពិចារណាក្នុងការកំណត់ទស្សនវិស័យក្នុងក្របខ័ណ្ឌគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ។

អង្គប្រជុំបានរំលឹកឡើងវិញ អំពីលទ្ធផលនៃការប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ កម្ពុជា-ថៃ លើកទី២៦ រវាងយោធភូមិភាគទី៥ និងកងទ័ពភូមិភាគទី១ ដោយនាំលទ្ធផលនៃការប្រជុំដូចបានពោលខាងលើដើម្បីយកមកពិចារណានឹងរៀបចំធ្វើកំណត់ហេតុរួមក្នុងការប្រជុំលើកនេះ ។

ក្នុងរយៈពេលបីថ្ងៃនេះអង្គប្រជុំមានការពិភាក្សានិងផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមកពាក់ព័ន្ធនិងបញ្ហាផ្សេងៗក្នុងក្របខ័ណ្ឌគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ(RBC) ក្រៅពីនេះភាគីទាំងពីរបានលើកស្ទួយឲ្យមានការអនុវត្តទៅតាមអនុស្សរណៈនៃការយោគយល់គ្នាស្តីអំពីការត្រួតពិនិត្យ និងរៀបចំបោះបង្គោលសីមាព្រំដែន ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ មានប្រសិទ្ធភាពខ្ពស់។

ភាគីទាំងពីរបានឯកភាពរួមគ្នាឲ្យមានការប្រជុំពិភាក្សាដើម្បីកំណត់ទិសដៅក្នុងការទប់ស្កាត់ការលបលួចកសាងសំណង់ខុសច្បាប់ និងការចោលសំណល់រឹង បង្ហូរសំណល់រាវចូលអូរព្រំដែន កម្ពុជា-ថៃ ភាគីទាំងពីរបានឯកភាពគ្នាឲ្យស្នើឲ្យមានការដើរល្បាតដោយមានការទំនាក់ទំនងគ្នាតាមបណ្ដោយព្រំដែន កិច្ចសហប្រតិបត្តិការល្បាតដើម្បីទប់ស្កាត់ការលបលួចកាប់ឈើខុសច្បាប់ និងការប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែន តាមបរិវេណព្រំដែន ទាំងការល្បាតផ្លូវអាកាស តាមបណ្តោយព្រំដែនស្នើឲ្យមានការទំនាក់ទំនងជាមុនសិនមុនការអនុវត្តហោះហើរ ។

អង្គប្រជុំបានឯកភាពរៀបចំការប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគកម្ពុជាថៃលើកទី២៨ នៅប្រទេសកម្ពុជា សំរាប់ការកំណត់ពេលវេលានិងទីកន្លែង និងមានការជូនដំណឹងតាមរយៈក្រុមលេខាភាគីទាំងពីរ ។

កំណត់ហេតុរួមការប្រជុំគណៈកម្មការព្រំដែនភូមិភាគ ថៃ-កម្ពុជា លើកទី២៧នេះ បានរៀបចំ និងចុះហត្ថលេខានៅសណ្ឋាគារ ហូលីដេអីុន ក្រុងបាងកក នៃព្រះរាជាណាចក្រថៃ នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ ។

កិច្ចប្រជុំបានបញ្ចប់ទៅក្រោមបរិយាកាសដ៏រីករាយបំផុត និងបានជូនកាដូអនុស្សាវរីយ៍ទៅវិញទៅមកផងដែរ៕

ដោយ៖ សហការី


ចែករំលែក៖