ព័ត៌មានទាន់ហេតុការណ៍៖

ភ្ជង់ប្លន់ម៉ូតូបានសម្រេច ព្យាយាមគេចខ្លួន តែមិនរួចពីនគរបាល

ចែករំលែក៖

ភ្នំពេញ ៖ កម្មករសំណង់២នាក់ ជាមុខសញ្ញាចោរប្លន់ បានយកដាវជាអាវុធធ្វើសកម្មភាព ភ្ជង់ប្លន់យកម៉ូតូ សេ១២៥ ស៊េរី២០១៩ បានសម្រេចហើយ នៅតាមផ្លូវបេតុងបុរីជា រី ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ កាលពីវេលាម៉ោង៤ព្រឹក ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ ហើយរត់គេចបាត់ រហូតដល់វេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃដដែល ត្រូវបានជនរងគ្រោះ និងសមត្ថកិច្ចតាមរកឃើញជនសង្ស័យ បានរត់ឆ្លងផ្លូវជាតិលេខ៣ ពីបុរីជា រី ទៅសម្ងំលាក់ខ្លួនក្នុងការដ្ឋានសំណង់ បុរី ធូន លន ផ្លូវជាតិលេខ៣ ភូមិព្រៃព្រីង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ចាប់ក្របួចជាប់ ដកហូតបានដាវមួយដើម ចំណែកបក្ខពួកគេចខ្លួនបាត់ ។

ជនសង្ស័យ​ឈ្មោះ​ សុវណ្ណ ​រតនា​ ភេទ​ប្រុស ​អាយុ​២៣ ឆ្នាំ​ មុខរបរ​កម្មករ​សំណង់​ ស្នាក់នៅបុរីធូ លន​ ភូមិ​ ព្រៃ​ព្រីង​ត្បូង​២ ​សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ មាន​ស្រុក​កំណើត​នៅ​ភូមិ​ អន្លង់​គគី​ ឃុំ​ស្តៅ​ ស្រុក​កង​មាស ​ខេត្ត​កំពង់ចាម​ ។ ចំណែកជនរងគ្រោះ​ឈ្មោះ​ ម៉ៅ​ មួន ​ភេទ​ប្រុស ​អាយុ​២៩ ឆ្នាំ ​មុខរបរ​កម្មករសំណង់ ជាង បៀកថ្នាំ​ និងស្នាក់នៅ ​ក្នុង​ការដ្ឋាន​សំណង់​បុរី​ជា រី​ ដែល​ស្ថិត​នៅ​ភូមិ​ព្រៃ​ព្រីង​ត្បូង​១ សង្កាត់​ចោមចៅ​​២ ​ខណ្ឌ​ពោធិ៍​សែនជ័យ​ ។ រីឯម៉ូតូ​ដែល​ជន​សង្ស័យ​ប្លន់​យកទៅបាត់​ ម៉ាក​ហុងដា សេ១២៥ ​ស៊េរី​២០១៩​ ពណ៌​ខ្មៅ​ពាក់ស្លាក​លេខ ​ភ្នំពេញ​1HH-8559 ។ ជនសង្ស័យ និងជនរងគ្រោះជាមនុស្សធ្លាប់ស្គាល់គ្នា ខណៈដែលធ្វើជាកម្មករ នៅក្រុមហ៊ុន ជា រី និង ធូ លន តែមួយទេ ។

តាមប្រភពបានឲ្យដឹងថា កាលវេលាម៉ោង៤ព្រឹក ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ ជនសង្ស័យ ប្រើប្រាស់ដាវ ធ្វើសកម្មភាពភ្ជង់គម្រាមប្លន់យកម៉ូតូ របស់ជនរងគ្រោះ តាមផ្លូវបេតុង ក្នុងបុរី ជា រី ខាងកើតផ្លូវជាតិលេខ៣ លុះដល់តាមស្រាវជ្រាវ រកឃើញចាប់ខ្លួនជនសង្ស័យបាន កំពុងសង្ងំលាក់ខ្លួនក្នុងបុរី ធូ លន ខាងលិចផ្លូវជាតិលេខ៣ ទល់មុខគ្នាម្ខាងម្នាក់ នៅវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃដដែលនេះ ចំណែកម៉ូតូ របស់ជនរងគ្រោះ ត្រូវបានបក្ខពួកយកគេចទៅបាត់ ។

បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរងចាំដោះស្រាយតាមច្បាប់ ៕ សុខាសែនជ័យ​


ចែករំលែក៖