ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញសាកសពបុរសម្នាក់ជនជាតិបរទេស សង្ស័យត្រូវគេសម្លាប់ នៅចម្ការកៅស៊ូ

ចែករំលែក៖

ខេត្តកំពង់ធំ៖ ជនជាតិវៀតណាមម្នាក់ត្រូវបានគេប្រទះឃើញស្លាប់នៅតាមដងផ្លូវ ក្រួសក្រហម ក្នុងចម្ការកៅស៊ូ X.Y. 24 កសិដ្ឋាន៣ ក្រុមហ៊ុនតានបៀនកំពង់ធំអភិវឌ្ឍន៍កៅស៊ូ ស្ថិតនៅភូមិថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ កាលពី ថ្ងៃ២ ខែកក្កដា ឆ្នាំ២០១៩ ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះឈ្មោះ ឌ័ន ថាញ់ហាយ ភេទប្រុស អាយុ ៥២ ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិដុងលើយ ឃុំតឹងដុង ស្រុកតឹងចូវ ខេត្តតៃនីញ (ប្រទេសវៀតណាម) បច្ចុប្បន្នជាបុគ្គលិកកសិដ្ឋាន៣ ក្រុមហ៊ុនតានបៀនកំពង់ធំអភិវឌ្ឍន៍កៅស៊ូ ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះដល់ទីតាំងខាងលើ ដើម្បីស្រាវជ្រាវ និងត្រួតពិនិត្យ សន្និដ្ឋានថា ជាអំពើឃាតកម្ម កំពុងស៊ើបអង្កេត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ ប៊ុនរិទ្ធី


ចែករំលែក៖