ព័ត៌មានទាន់ហេតុការណ៍៖

ឪពុកចិត្តព្រៃផ្សៃ! ឈ្លោះជាមួយប្រពន្ធចាប់កូនប្រុសអាយុ១ឆ្នាំបោកនឹងសសរផ្ទះបាយបណ្តាលឲ្យស្លាប់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ

ចែករំលែក៖

ខេត្តសៀមរាប៖ នៅវេលាម៉ោង៨និង៤០នាទីព្រឹក ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តសៀមរាប បានសហការ ជាមួយកម្លាំងអធិការស្រុក ប្រាសាទបាគង និងប៉ុស្តិ៍នគរបាលរដ្ឋបាលមានជ័យ ឃាត់ខ្លួនជនសង្ស័យឈ្មោះ ផ្លាយ វិភ័ត ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិតាប្រាក់ ឃុំមានជ័យ ស្រុកប្រាសាទបាគង ដែលប្រព្រឹត្តបទហិង្សាមានស្ថានទម្ងន់ទោស បណ្តាលឲ្យជនរងគ្រោះស្លាប់ (កូនបង្កើត) កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅ ។

សូមជម្រាបថា កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ឈ្មោះ ផ្លាយ វិភ័ត ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិតាប្រាក់ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានឈ្លោះប្រកែកគ្នាជាមួយប្រពន្ធឈ្មោះ សោម សុខុម អាយុ២៨ឆ្នាំ រឿងទិញបន្លែមិនល្អយកមកធ្វើម្ហូប ភ្លាមនោះប្រពន្ធក៏ដើរទៅយកទឹក បន្ទាប់មកជនសង្ស័យជាប្តីបានចាប់លើកកូនប្រុសបង្កើតឈ្មោះ ផាង ផល្លា ភេទប្រុស អាយុ១ឆ្នាំ២ខែ ទៅបោកនិងសសរផ្ទះបាយបណ្តាលឲ្យស្លាប់ តែម្តង ក្រោយសកម្មភាពនេះហើយជនសង្ស័យក៏បាន រត់គេចខ្លួនបាត់។

លុះដល់ល្ងាចថ្ងៃទី០៣ ខែកក្កដា វេលាម៉ោង១៩និង២០នាទី សមត្ថកិច្ចបានទទួលព័ត៌មានថា ជនសង្ស័យបានធ្វើដំណើរតាមឡានក្រុង ចូលមកខេត្តសៀមរាប ហើយសមត្ថកិច្ច ក៏បានដាក់កម្លាំងឃ្លាំមើល ក្នុងមូលដ្ឋានដែលជនសង្ស័យឧស្សាហ៍ចេញ ចូល គឺភូមិឃុំកើតហេតុ រហូតដល់ម៉ោង០៨និង៤០នាទីព្រឹក ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ ទើបសមត្ថកិច្ចបានឃាត់ខ្លួនជង្ស័យខាងលើនេះបានហើយ និងបន្ដយកមកសួរនាំ ៕ ប៊ុនរិទ្ធី


ចែករំលែក៖