ព័ត៌មានទាន់ហេតុការណ៍៖

រំលោភផ្លូវភេទនៅតាមសាលារៀន ជាបញ្ហាក្តៅបំផុតនៅបង់ក្លាដែស

ចែករំលែក៖

ការរំលោភផ្លូវភេទទៅលើ សិស្ស និស្សិត ពីសំណាក់ លោកគ្រូផ្ទាល់ បានបង្កក្តីកង្វល់យ៉ាងខ្លាំង ដល់ពលរដ្ឋបង់ក្លាដែសទំាងមូល ពិសេស គឺអាណាព្យាបាល សិស្ស ដែលមានកូនស្រីទៅរៀន ។ ជនរងគ្រោះមួយចំនួនធំមិនហ៊ានប្តឹងនោះឡើយ ដោយខ្លាច ជនដៃដល់សងសឹក ឬប្តឹងមិនឈ្នះគេ ដោយសារតែជនល្មើសមានលុយ មានអំណាច ។

កន្លងមក និស្សិតដ៏ស្រស់ស្អាតម្នាក់ ត្រូវនិស្សិតជាច្រើននាក់ចាក់សាំងដុតសម្លាប់ទាំងរស់ ព្រោះហ៊ានប្ដឹងនាយកវិទ្យាល័យពីបទបំពានផ្លូវភេទ ។ រឿងរ៉ាវនិស្សិតស្រី វ័យ១៩ឆ្នាំ ត្រូវគេចាក់សាំងដុតទាំងរស់ ដោយសារតែនាងហ៊ានប្តឹងនាយកសាលាពីបទបៀតបៀនផ្លូវភេទនោះ បង្កការខឹងសម្បារយ៉ាងខ្លាំងពីមហាជន គ្រប់ទិសទីពេញពិភពលោក ។

នាង Nusrat Jahan Rafi ជានិស្សិតដែលមានសម្រស់ស្រស់ស្អាតជាងគេនៅក្នុងមហាវិទ្យាល័យ ត្រូវនាយកមហាវិទ្យាល័យ ល្មោភកាម ហៅនាងចូលក្នុងបន្ទប់ រួចបៀតបៀនផ្លូវភេទ ។ តែនាងត្រូវបានក្រុមនិស្សិតប្រុសស្រីជាច្រើននាក់ទៀតចាប់ចាក់សាំងដុតនាងទាំងរស់ នៅក្នុងមហាវិទ្យាល័យ តែម្តង ដោយសារតែនាងបានប្តឹងនាយកមហាវិទ្យាល័យ ពីបទបៀតបៀនផ្លូវភេទនេះ ។ ហេតុការណ៍ខាងលើកើតឡើងនៅភាគខាងត្បូង ទីក្រុង Dhaka ប្រទេសបង់ក្លាដែស ។

នៅពេលនេះ នាយកសាលា​នៅជាយក្រុង​ Dhaka ​ប្រទេសបង់ក្លាដែស ត្រូវបានប៉ូលិសចាប់ខ្លួន ដោយចោទប្រកាន់ពីបទចាប់រំលោភសិស្ស ជាច្រើននាក់នាពេលកន្លងមក ធ្វើឲ្យមហាជនខឹងសម្បារយ៉ាងខ្លាំង ។

កាលពីថ្ងៃទី​៥ ខែកក្កដា ​រដ្ឋាភិបាលបង់ក្លាដែសបានប្រកាសថា កម្លាំងប៉ូលិសបានចាប់ខ្លួន នាយកសាលា ដោយចោទប្រកាន់ពីបទរំលោភបំពានទៅលើសិស្សដល់ទៅ​១២នាក់​ ។ ក្រោយបែកធ្លាយ ព័ត៌មានខាងលើ ពលរដ្ឋខឹងសម្បារយ៉ាងខ្លាំង ដោយនាំគ្នាធ្វើបាតុកម្មប្រឆាំង ។

ប៉ូលិសបានចាប់ខ្លួន លោក​ al Amin ​នាយកសាលា និងជាអ្នកបង្កើតសាលា​ Baitul Huda Cadet Madrassa ​ក្នុងទីក្រុង​ Fatulla ​ជាយក្រុង​ Dhaka។ កន្លងមក ម្តាយរបស់កុមារី អយុ​១០ឆ្នាំម្នាក់បានដាក់លិខិត ប្តឹង នាយកសាលា រំលោភបំពានផ្លូវភេទ លើកូនស្រីរបស់គត់ ។

ការចាប់ខ្លួនធ្វើឡើងនៅថ្ងៃទី​៥ ខែកក្កដា ដោយពេលដំបូង នាយកសាលាខាងលើបានច្រានចោលការចោទប្រកាន់ ប៉ុន្តែក្រោយមកក៏បានសារភាព ។ កុមារីដល់ទៅ​១២នាក់ ក្លាយជាជនរងគ្រោះ​ ក្នុងហេតុការណ៍នោះ ។

កាលពីសប្តាហ៍កន្លងមក ប៉ូលិសបង់ក្លាដែស ក៏បានចាប់ខ្លួនគ្រូបង្រៀនថ្នាក់មធ្យមពីរនាក់ ដែលរំលោភសិស្ស ដល់ទៅ​២០នាក់​ ។ ប្រភពព័ត៌មានបានឲ្យដឹងថា គ្រូបង្រៀនមួយចំនួនជា គ្រូតិរច្ឆាន ដោយបានរំលោភសិស្សជាច្រើន ។ មិនតែប៉ុណ្ណោះ ថែមទាំងរំលោភ​ម្តាយរបស់សិស្ស​មួយចំនួនទៅទៀត​ក្នុងរយៈពេល​៤ឆ្នាំកន្លងមក​ ។

តាមរបាយការណ៍របស់អង្គការណ៍ Manusher Jonno Foundation បានឲ្យដឹងថា​ នៅឆ្នាំ​២០១៨ មានកុមារបង់ក្លាដែស ៤៣៣នាក់ ត្រូវគេរំលោភបំពាន មានអាយុចាប់ពី​៧-១២ឆ្នាំ​ ។ ក្នុងចំណោមនោះ មានការរំលោភ តែ៣ភាគរយប៉ុណ្ណោះ ត្រូវបានចាប់កាត់ទោស​ ក្រៅពីនេះ គឺជនល្មើសរួចខ្លួនជានិច្ច ដោយសារតែមានអំណាច និងមានលុយកាក់ច្រើន៕


ចែករំលែក៖