ភ្នំពេញ៖ ផ្ទះល្វែងមួយកន្លែង ដែលស្ថិតនៅក្នុងបុរីពិភពថ្មី ជាប់ខាងត្បូងផ្សារអីអន២ សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ ត្រូវបានអគ្គិភ័យ ឆាបឆេះបន្ទប់ឡាវតឿផ្អើលប្រជាពលរដ្ឋ និងសមត្ថកិច្ចជួយធ្វើអន្តរាគមន៍បាញ់ពន្លត់ទាន់ពេលវេលា មិនឆេះរាលដាលខ្លាំងដល់ផ្ទះទាំងមូល ។
ហេតុការណ៍ នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០ និង៣០នាទីព្រឹក ថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០១៩ ផ្ទះលេខ២៦ ផ្លូវលេខ២៥ ដែលមានម្ចាស់ឈ្មោះ ឡាយ ណាឌី ភេទស្រី អាយុ៦២ឆ្នាំ ជាគ្រូបង្រៀនចូលនិវត្តន៍ ។
តាមព័ត៌មានឲ្យដឹងថា នៅមុនពេលកើតហេតុ ស្រាប់តែ ឃើញ ភ្លើង ឆាបឆេះនៅបន្ទប់ឡាវតឿផ្នែកខាងក្រោយ ដែលជាបន្ទប់ដាក់ខោអាវ រួមគ្នា យ៉ាងសន្ធោសន្ធៅ បណ្តាលឲ្យផ្សែងហុយទ្រលោម ទៅលើ បង្កឲ្យមានការភ្ញាក់ផ្អើល ។ ភ្លាមៗ នគរបាល និងអាជ្ញាធរ មូលដ្ឋានក៏បានទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យ ទៅអន្តរាគមន៍ បាញ់ពន្លត់ ។
តាមនគរបាលការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បានឲ្យដឹងថា នៅក្នុងហេតុការណ៍រថយន្តពន្លត់អគ្គិភ័យចំនួន ៥គ្រឿងបានទៅអន្តរាគមន៍ ហើយ ភ្លើង បានរលត់នៅវេលាម៉ោង ១១ និង១៥នាទី ។ សម្ភារះ នៅក្នុងបន្ទប់ឡាវតឿ ត្រូវភ្លើង ឆេះរងការចូចខាតទាំងស្រុង ។
តាមម្ចាស់ ផ្ទះបានឲ្យ ដឹងថា មូលហេតុ ដែលកើតមានអគ្គិភ័យ នេះសង្ស័យ ទុស្សេខ្សែភ្លើង ព្រោះបន្ទប់នោះ ជាបន្ទប់ដាក់ខោអាវ ពុំមានដុតទៀនធូបនោះទេ ៕ តុង សីហា