ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តផ្លូវកោងក្នុងល្បឿនលឿន ទៅបុកទ្រូងផ្លូវ ផ្ទុះឆេះសល់តែគ្រោងដែក

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់រួមដំណើរនឹងបុរសម្នាក់ទៀតបើក រថយន្តម៉ាកកាម៉ារីឆ្លាម១គ្រឿង បើកបរក្នុងល្បឿនលឿនទៅបុកទ្រូងផ្លូវនិង ស្លាកសញ្ញាចរាចរណ៍រួមនឹងបង្គោលភ្លើងបំភ្លឺផ្លូវ បណ្តាលឲ្យ ផ្ទុះឆេះរថយន្តយ៉ាងសន្ធោសន្ធៅសល់តែគ្រោងឆ្អឹង តែអ្នកបើកបរ និងអ្នករួមដំណើររត់ចេញទាន់ រងរបួសស្រាល ។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១១និង៥០នាទីយប់ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ នៅតាមបណ្តោយមហាវិថីឈ្នះ ឈ្នះ ស្ថិតក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពព័ត៌មានពីអ្នកឃើញហេតុការបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញ រថយន្ត១គ្រឿងម៉ាក កាម៉ារីឆ្លាម ពណ៌ត្រីឆ្លូញពាក់ស្លាកលេខ ភ្នំពេញ 2C-3545 បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរម្នាក់ទៀត ក្នុងទិដៅពីជើងទៅត្បូងយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើជួននឹងផ្លូវកោងស្រាប់តែរថយន្តខាងលើបានរេចង្កូតទៅបុកនឹងទ្រូងផ្លូវ និងស្លាកសញ្ញាចរាចរណ៍ និងបង្គោលភ្លើងបំភ្លឺផ្លូវបណ្តាលឲ្យរងការ ខូចខាតហើយអ្នកបើកបរ និងអ្នករួមដំណើបានវាចេញពីក្នុងរថយន្តហើយក៏ផ្ទុះឆេះយ៉ាងសន្ធោសន្ធៅតែម្តង ។

ក្រោយកើតហេតុ ក៏មានរថយន្តពន្លត់អគ្គិភ័យរបស់សាលាខណ្ឌពោធិ៍សែនជ័យ ចេញមកជួយអន្តរាគមន៍ បាញ់ទឹកពន្លត់មិនបណ្តាលអោយរាលដាលដល់អ្នកដទៃនោះទេ តែរថយន្តសល់តែគ្រោងឆ្អឹង ។

ក្រោយមកសមត្ថកិច្ចបានយករថយន្តខាងលើទៅរក្សាទុកនៅអធិការរដ្ឋានខណ្ឌពោធិ៍សែនជ័យ រង់ចាំម្ចាស់មកដោះស្រាយនៅពេលក្រោយ ៕ សុខាសែនជ័យ​


ចែករំលែក៖