ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូជ្រុលទៅបុករបងសិប្បកម្មទឹកស្អាតបណ្ដាលឲ្យបុរសម្នាក់ស្លាប់

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈបើកម៉ូតូបោះពួយលឿនដូចហោះ កាច់ចង្កូតមិនទាន់ បានជ្រុលទៅបុករបងសិប្បកម្មផលិតទឹកស្អាតពេញមួយទំហឹង នៅវេលាម៉ោង១៧និង៥៣នាទី ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ លើផ្លូវលេខ៧០A ស្ថិតក្នុងភូមិពាមឃុំរការកោង១ ស្រុកមុខកំពូល ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនរងគ្រោះស្លាប់ឈ្មោះ យឿន សំហាក់ ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិរការកោងឃុំរការកោង១ ស្រុកមុខកំពូល ខេត្តកណ្ដាល ជាអ្នកបើកបរម៉ូតូម៉ាកយូស៊ុង (HYOSUNG) ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 1DB-2929 ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះជាអ្នកបើកបរម៉ូតូខាងលើ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៧០អា ក្នុងទិសដៅពីកើតទៅលិច ដោយល្បឿនលឿនដូចហោះ លុះបើកមកដល់ចំណុចកើតហេតុ ក៏បានជ្រុលទៅបុករបងសិប្បកម្មទឹកស្អាតពេញមួយទំហឹង បណ្ដាលឲ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។

ក្រោយពីមានហេតុការណ៍កើតឡើង នគរបាលជំនាញចរាចរណ៍ស្រុក បានចុះមកពិនិត្យកន្លែងកើតហេតុ រួចធ្វើការវាស់វែង កសាងឯកសារដកហូតយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី ។ ចំណែកសាកសពជនរងគ្រោះ ត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ


ចែករំលែក៖