ភ្នំពេញ ៖ បក្ខពួកចោរឆក់ទូរស័ព្ទ២នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសជនជាតិចិន កំពុងដើរតាមផ្លូវ តែមិនបានសម្រេច បណ្ដាលឱ្យទូរស័ព្ទជ្រុះ ហើយបានជិះរត់គេចខ្លួន តែនៅសល់បក្ខពួក២នាក់ទៀត ជិះម៉ូតូ Duke ជាអ្នកបិទគូទជិះរត់មិនរួច ត្រូវបានប្រជាពលរដ្ឋនាំគ្នាដេញចាប់បាន រួចរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកនាំយកទៅសាកសួរនៅប៉ុស្តិ៍ភ្លាមៗ ។ ហេតុការណ៍នេះ កើតឡើងកាលពីម៉ោង១១យប់ ថ្ងៃអាទិត្យ ទី០៧ ខែកក្កដា ឆ្នាំ២០១៩នេះ នៅផ្លូវលេខ៤៣០ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន ទី១.មានឈ្មោះ ហេង សម្បត្តិ អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់ នៅផ្ទះម្ដុំជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មុខរបរសិស្សវិទ្យាល័យជម្ពូវ័ន (ជាអ្នកបើកម៉ូតូ) ជនសង្ស័យទី២.មានឈ្មោះ ម៉ុន បញ្ញា អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅម្ដុំជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ (ជាអ្នកជិះពីក្រោយ) ។
ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសជនជាតិចិនម្នាក់ ដើរចុចទូរស័ព្ទ តាមផ្លូវលេខ៤៣០ មកមុចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យចំនួន៤នាក់ ជិះម៉ូតូ២គ្រឿង មួយគ្រឿងម៉ាក YAMAHA QBIX (មិនចាំពណ៌ និងមិនចាំស្លាកលេខ) ជិះម៉ូតូឌុបគ្នា២នាក់ និងមួយគ្រឿងទៀតម៉ាក Duke ពាក់ស្លាកលេខភ្នំពេញ 1CQ-4208 ជិះគ្នា២នាក់ដូចគ្នា បានជិះមកអែបពីក្រោយ រួចធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃរបស់ជនជាតិចិនតែមិនបានសម្រេច ធ្វើឲ្យទូរស័ព្ទជ្រុះលើថ្នល់ ហើយជនជាតិចិននោះក៏ស្រែកឆោឡោ ទើបជនសង្ស័យដែលជិះម៉ូតូ QBIX បានបន្ថែមល្បឿនជិះគេចខ្លួនតែម្ដង បង្កឲ្យមានការភ្ញាក់ដល់បងប្អូនប្រជាពលរដ្ឋនៅជិតនោះ ស្ទុះរត់ចេញមកជួយ ឃើញជនសង្ស័យ២នាក់ ដែលជិះម៉ូតូ Duke បិទគូទកំពុងនៅក្បែរជនជាតិចិននោះ ដោយសង្ស័យជាបក្ខពួក
ទើបនាំគ្នាចាប់ឃាត់ខ្លួនតែម្ដង រួចរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកនាំយកទៅសាកសួរនៅស្នាក់ការប៉ុស្តិ៍ទួលទំពូងទី២ បន្ទាប់ពីសួរចម្លើយទើបដឹងថា ទីតាំងកើតហេតុគឺស្ថិតនៅក្នុងសង្កាត់ផ្សារដើមថ្កូវ ទើបនាំជនសង្ស័យទៅប៉ុស្តិ៍នគរបាលផ្សារដើមថ្កូវវិញ ដើម្បីរសាកសួរបន្ត ។
ជនសង្ស័យបានឆ្លើយសារភាពថា ពួកគេពិតជាបក្ខពួករបស់ជនសង្ស័យដែលជិះធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនជាតិចិននោះ ប្រាកដមែន តែពួកគាត់មិនមែនជាអ្នកឆក់ទេ ចំណែកឯបក្ខពួកដែលធ្វើសកម្មភាពឆក់នោះ ទី១.ឈ្មោះ យុទ្ធ និងទី២.ឈ្មោះ អា នុ មិនដឹងស្នាក់នៅឯណានោះទេ (បានគេចខ្លួនបាត់ហើយ) ពួកគេគ្រាន់តែជាអ្នកជិះបិទគូទតែប៉ុណ្ណោះ ។
សមត្ថកិច្ចបានប្រគល់ទូរស័ព្ទម៉ាក Hauwei ជូនជនរងគ្រោះវិញ ចំណែកឯជនសង្ស័យទាំងពីរនាក់ ត្រូវបានឃាត់ខ្លួននៅប៉ុស្តិ៍ផ្សារដើមថ្កូវ ដើម្បីប្រគល់ឲ្យផ្នែកជំនាញកសាងសំណុំរឿង បន្តតាមនីតិវិធី និងស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យជាបក្ខពួកយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕ ជ្រោយពេជ្រ