ខេត្តកណ្ដាល៖ បុរសម្នាក់ ស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ខណៈកំពុងបើកបរម៉ូតូ ត្រូវរថយន្ដធុនធំ ប្រភេទបែនដឹកដី បុកពីក្រោយពេញមួយទំហឹង នៅវេលាម៉ោង៦និង៣០នាទី ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ លើផ្លូវលំ ស្ថិតក្នុងភូមិខ្លាកូន ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
មន្រ្ដីនគរបាលចរាចរណ៍ស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះស្លាប់ឈ្មោះ សេង នឿន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុនរបរកម្មកររោងចក្រទី មានទីលំនៅភូមិព្រៃត្បែង សង្កាត់ឪឡោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាអ្នកបើកបរម៉ូតូម៉ាកហុងដាគុបជ្រុង ធុនសេ៥០ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ កណ្ដាល1K-6971 ។ ចំណែករថយន្ដបង្កជាប្រភេទរថយន្ដបែនដឹកដី ធុនធំ គ្មានស្លាកលេខ បើកបរដោយជនមិនស្គាល់អត្ដសញ្ញាណ (រត់គេចខ្លួន) ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះខាងលើ បានបើកបរម៉ូតូគុបជ្រុង តាមបណ្ដោយផ្លូវលំ ក្នុងទិសដៅពីជើងទៅត្បូង លុះបើកមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ដមួយគ្រឿង ធុនធំ ប្រភេទបែនដឹកដី ធ្វើដំណើរមកពីក្រោយម៉ូតូជនរងគ្រោះ ក៏បានបុកជនរងគ្រោះពីក្រោយពេញមួយទំហឹង ធ្វើឲ្យជនរងគ្រោះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯរថយន្ដព្យាយាមបើករត់គេចបានចំងាយប្រហែល៨០០ម៉ែត្រ ទើបជនជាអ្នកបើកបរទុកចោល រួចរត់គេចខ្លួន។
ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុក បានចុះមកធ្វើការពិនិត្យកន្លែងកើតហេតុ និងវាស់វែង កសាងឯកសារដកហូតយកមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ចំណែកសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ