ភ្នំពេញ៖ យុវជនមួយក្រុមមានគ្នា៦នាក់ជិះម៉ូតូ២គ្រឿង អង្គុយផឹកស៊ីតាមដងមាត់ទន្លេ ស្រាប់តែមានជនសង្ស័យមួយក្រុម មានគ្នាជាង១០នាក់ ប្រដាប់ដោយដាវសាំម៉ូរ៉ៃ មកកាបប្លន់ម៉ូតូមិនបានសម្រេច ខណៈជនរងគ្រោះស្រែកឲ្យអ្នកជិតខាងជួយ តែសមត្ថកិច្ចបែរជាដកវិទ្យុទាក់ទងពីអ្នកព័ត៌មាន ។
ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលឡើងកាលពីម៉ោង៣និង២០នាទីទៀបភ្លឺ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ នៅមុខវត្តបុទុមសាគរ តាមដងមាត់ទន្លេត្រើយខាងកើត ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុពួកគាត់មានគ្នា៦នាក់ជិះម៉ូតូចំនួន២គ្រឿង ដោយមួយគ្រឿងម៉ាកលេត និងមួយគ្រឿងទៀតម៉ាកហុងដា បានមកអង្គុយលេង និងយកស្រាបៀរមកផឹកជជែកគ្នាលេង ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នាជាង១០នាក់ ប្រដាប់ដោយដាវសាំម៉ូរ៉ៃមកកាបប្លន់យកម៉ូតូភ្លាមនោះមិត្តភក្តិគាត់ជាជនរងគ្រោះបានរត់ស្រែកឲ្យអ្នកជិតខាងជួយ ទើបក្រុមជនសង្ស័យភ័យរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយកើយហេតុជនរងគ្រោះបានរត់ទៅហៅសមត្ថកិច្ចឲ្យជួយ ភ្លាមនោះលោកនាយប៉ុស្តិ៍ជ្រោយចង្វាដឹកនាំកម្លាំងស៊ីវិលចុះទៅអន្តរាគមន៍ រួមជាមួយក្រុមអ្នកយកព័ត៌មានជាច្រើន ស្ថាប័ន ខណៈទៅដល់ចំណុចកើតហេតុ ស្រាប់តែបុរសម្នាក់ស្លៀកពាក់ស៊ីវិលគ្មានទាំងពាក់កាតនគរបាល ដោយអះអាងថា ជាមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលជ្រោយចង្វាផងនោះ បានមកដកហូត ប្រុងស៊ីដាច់ វិទ្យុទាក់ទង (ID) របស់ក្រុមអ្នកសារព័ត៌មានដែលអង្គភាពចែកដើម្បីបំរើការងារក្នុងស្ថាប័នរបស់ខ្លួន ដោយមិនដឹងមូលហេតុ តែត្រូវបានលោកនាយប៉ុស្តិ៍មិនអនុញ្ញាត ឲ្យដកហូតនោះទេ ។
ប្រជាពលរដ្ឋដែលរស់នៅក្បែរ ក្នុងសង្កាត់ជ្រោយចង្វា បានប្រាប់ឲ្រដឹងដែរថា នៅតាមជួរមាត់ទន្លេ យប់ឡើងអនាធិបតេយ្យខ្លាំងណាស់ ដោយមានក្រុមបងតូចបងធំ និងប្លន់ជាញឹក់ញាប់ផងដែរ តែមិនដែលឃើញកម្លាំង នគរបាលបង្ក្រាបបានម្តងទេ ប្រជាពលរដ្ឋសំណូមពរឲ្យសមត្ថកិច្ចជួយពង្រឹងសន្តិសុខនៅតំបន់នេះផង ៕ ជ្រោយពេជ្រ