ខេត្តកំពង់ចាម ៖ នគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ចខេត្ត សហការជាមួយជំនាញស្រុកកង មាសបានចុះបង្ក្រាបការនេសាទខុសច្បាប់ ប្រើឧបករណ៍ឆក់ត្រី ឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតក្បាលឆក់ចំនួន១ អាគុយចំនួន១ ចង្កិះដែកដងឆក់ចំនួន១គូ ប្រគល់ជូនជំនាញរដ្ឋបាលជលផលអនុវត្តនីតិវិធីបន្ត ។
កិច្ចសហការចុះបង្ក្រាបធ្វើឡើងនៅវេលាម៉ោង៣រសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុច បឹងកោះគោ ស្ថិតក្នុងភូមិកងតាណឹងទី5 ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម ។
លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមបានអោយដឹងថា បន្ទាប់ ពីលោកទទួលបានព័ត៌មានអំពីការលួចប្រព្រឹត្តបទល្មើសខាងលើនេះ លោកបានចាត់ជំនាញ ការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយជំនាញស្រុកកងមាស បង្ក្រាបករណីនេសាទខុសច្បាប់(ឆក់ត្រី) នៅ ចំណុចបឹងកោះគោ ស្ថិតក្នុងភូមិកងតាណឹងទី5 ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម ។
ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ១-ឈ្មោះ សៅ ក្តឹប ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅឡឥដ្ឋ ភូមិកងតាណឹងទី៥ ឃំុកងតាណឹង ស្រុកកងមាស និង២-ឈ្មោះ គី ធី ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅឡឥដ្ឋ ភូមិកងតាណឹងទី៥ ឃំុកងតាណឹង ស្រុកកងមាស។
វត្ថុតាងដែលដកហូតបានរួមមាន ៖ ក្បាលឆក់ចំនួន១ អាគុយចំនួន១ ចង្កិះដែកដងឆក់ចំនួន១គូរ ប្រគល់ជូនជំនាញរដ្ឋបាលជលផលអនុវត្តនីតិវិធីបន្ត ។
ករណីនេះជំនាញបានប្រគល់ជនសង្ស័យ និងវត្ថុតាងខាងលើ ជូនជំនាញរដ្ឋបាលជលផលអនុវត្តនីតិវិធីបន្ត និងយោងតាមបញ្ជាលោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម ៕ ៖វណ្ណៈ