ខេត្តកំពង់ឆ្នាំង៖ ពលរដ្ឋជាច្រើនគ្រួសារបានសម្តែងការមិនពេញចិត្តនិងអាជ្ញាធរជាខ្លាំង ជាពិសេសលោកមេឃុំក្រាំងល្វារ ថែមទាំងចោទថា ឃុបឃិតគ្នាជាប្រព័ន្ធ ត្រូវដងត្រូវផ្លែជាមួយឈ្មួញរៀបចំទៅជាឯកសារកាន់កាប់ប្រើប្រាស់ដីធ្លីស្របច្បាប់ ។
ក្នុងនោះដែរពលរដ្ឋជាច្រើនគ្រួសារបានឲ្យដឹងថា៖ ដីស្រែជ័យ ស្ថិតនៅចំណុចម្ជៃ ស្ថិតនៅភូមិជំទាវជ្រែង ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលមាន ទំហំប្រហែលជិត១០០ហិតា ។
ពលរដ្ឋបន្តទៀតថា៖ កាលដើមចមដំបូងដីស្រែជ័យនេះ គឺមានដើមឈើធំៗ ដែលជាជម្រកសត្វព្រៃពុំមាននរណាម្នាក់កាន់កាប់ឡើយ ។ ដល់អំឡុងឆ្នាំ១៩៩២ ប្រជាកសិករចាប់ផ្តើមកាន់កាបជាកម្មសិទ្ធិ បានកាប់គាស់ព្រៃឈើចេញដើម្បីអាស្រ័យផលធ្វើស្រែចម្ការៈនៅលើដីផ្ទាល់តែម្តង ។
ពលរដ្ឋដដែលបានបញ្ជាក់ទៀតថា៖ លុះដល់ឆ្នាំ២០០៦ទៅឆ្នាំ២០០៧ ដីនៅចំណុចនោះចាប់មានហាងឆេង ស្រាប់តែមានអ្នករៀបចំដើរញុះញង់ពលរដ្ឋលក់ដីឲ្យខ្លួន បើសិនពលរដ្ឋមិនលក់ទេ ដីនេះក៏ត្រូវដកយកវិញដែរ យកលុយចាយទៅជាជាងអត់បានលុយ ។
លឺដូច្នេះ ពលរដ្ឋមួយគ្រួសារបានសម្រេចចិត្តលក់ទាំងបង្ខំ ដោយព្រមព្រៀងលក់ដី៤ហិតា២០អាក្នុង១ហិតាតម្លៃ២០០ដុល្លារ និងមានធ្វើលិខិតស្នាមទទួលប្រាក់កក់២០០ដុល្លារ ដោយទទួលស្គាល់ពីអាជ្ញាធរភូមិ-ឃុំត្រឹមត្រូវ ។
លោកឯក មុនី និងបងប្អូនបានបញ្ជាក់ ទៀតថា៖ ដីរបស់ពួកគាត់មានទំហំសរុបជាង១០ហិកតា ស្ថិតនៅចំណុច ម្ជៃ ក្នុងភូមិជំទាវជ្រែង ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំងពួកគាត់មានចំនួន៥គ្រួសារ ។
ក្នុងដី១០ហិកតានោះត្រូវបានលក់ចំនួន៤ហិកតា២០អា ហើយមានចំណារខាងក្រោយដោយដាក់លេខទូរស័ព្ទទាក់ទងថែមទៀតផង ។
លោកពូបានបន្តថា៖ គាត់ភ្ញាក់ព្រឺតដីរបស់គាត់ទទួលបានតែលុយកក់តែ២០០ដុល្លារទេ? ពុំទាន់ទទួលប្រាក់គ្រប់ចំនួនផង ស្រាប់តែ ឈ្មោះ ទេព សាម៉ន និងប្រពន្ធ អ៊ូ កុលលី អ្នកទាំងពីររស់នៅក្នុងភូមិតាកុល ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក្លាយជាម្ចាស់កម្មសិទ្ធិស្របច្បាប់ទៅវិញ ។
គួររំលឹកថា៖ លោកឯម មុនី និងបងប្អូនគាត់បានដាក់ពាក្យប្តឹងឈ្មោះ ទេព សាម៉ន និងប្រពន្ធ អ៊ូ កុលលី អ្នកទាំងពីររស់នៅក្នុងភូមិតាកុល ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ទៅលោកមេឃុំក្រាំងល្វារួចមកហើយពីបទ រំលោភលើទំនុកចិត្ត ។
ឆ្លើយតបនិងការលើកឡើងខាងលោក ឃ្លាំង រុី មេឃុំស្រុកក្រាំងល្វារបានឲ្យដឹងថា៖ ពាក់ព័ន្ធដីខាងលើនេះគាត់ពិតជាបានចុះហត្ថលេខាពិតប្រាកដមែន តែពុំបានចុះវាស់វែងដីនោះឲ្យបានត្រឹមត្រូវទេ ។
ចំពោះលោក វន ស៊ីផា អភិបាលស្រុកសាមគ្គីមានជ័យបានឲ្យដឹងថា៖ ដីចំណុចស្រែជ័យជាដីអនុក្រិត្យពុំមានការទិញលក់ដូរអ្វីទាំងអស់ អាជ្ញាធរភូមិ-ឃុំពុំមានសិទ្ធចុះហត្ថលេខាឬធ្វើប្លង់លើដីនេះទេ៕ សហការី