ព័ត៌មានទាន់ហេតុការណ៍៖

ខេត្តស្វាយរៀង នឹងមានពិធីប្រកួតកីឡាទូកប្រពៃណី ខ្នាតអន្តរជាតិ «ទូកនាគ» ពានរង្វាន់សម្តេចក្រឡាហោម ស ខេង នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង នាចុងខែនេះ

ចែករំលែក៖

ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង មានការសប្បាយចិត្តយ៉ាងខ្លាំង ខណៈដែលនាពេលខាងមុខ នឹងមានរៀបចំការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង ភូមិភាគវាលរាប លើកទី១ ឆ្នាំ២០១៩ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ។

លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ក៏បានសម្តែងនូវងនូវការអរគុណ និង​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​ប្រតិភូ​សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​កម្ពុជា ដែល​បានជ្រើសរើស​យក​ទីតាំង​ទន្លេ​វ៉ៃ​គោ ក្រុង​ស្វាយរៀង ខេត្ត​ស្វាយរៀង ធ្វើជា​ម្ចាស់ផ្ទះ​ក្នុងការ​ប្រកួត​ ។

ក្នុងនោះ រដ្ឋបាល​ខេត្ត​ស្វាយរៀង នឹងចូលរួម​សហការ​ទៅលើ​កិច្ច​ការងារ​ផ្សេងៗ​ដូចជា សន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ​បរិស្ថាន និង​ការងារ​សំខាន់ៗ​មួយចំនួនទៀត ដើម្បី​ឲ្យ​ការរៀបចំ​ព្រឹត្តិការណ៍​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន បង្ក​ភាព​សប្បាយ​រីករាយ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​ទទួល​បាន​លទ្ធ​ផល​ជោគជ័យ​ល្អ​ប្រសើរ​ប្រកបដោយ​សុវត្ថិភាព​។​

សូមជម្រាបជូនថា ព្រឹត្តិការណ៍នៃការប្រកួតទូកប្រពៃណីខ្នាតអន្តរជាតិ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង ភូមិភាគវាលរាប លើកទី១ ឆ្នាំ២០១៩នេះ ក៏មានការដាក់តាំងពិពណ៌ផ្សព្វផ្សាយលក់ ផលិតផលជាតិ-អន្តរជាតិ ការប្រគុំតន្ត្រី ព្រមទាំងការហាត់សមរបស់កីឡាករទូកចាប់ពីថ្ងៃទី២២ តទៅ និងដល់ថ្ងៃទី២៧-២៨ខែកក្កដា ឆ្នាំ២០១៩ ជាថ្ងៃប្រកួតផ្លូវការយកចំណាត់ថ្នាក់ផ្តាច់ព្រ័ត្រ ដែលប្រព្រឹត្តទៅនៅតាមបណ្តោយមាត់ទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀងហេតុ​ដូច​បាន​ជម្រាប​ជូន លោក លោកស្រី អ្នកនាង​កញ្ញា​យុវជន យុវតី​និង​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ទស្សនា​ឲ្យ​បាន​ច្រើន​កុះករ​នៅ​ទន្លេ​វ៉ៃ​គោ ៕ យឹម សុថាន


ចែករំលែក៖