ភ្នំពេញ៖ កម្លាំងសមត្ថកច្ចចម្រុះរបស់អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានចុះរុះវាយកម្ទេចសំណង់របងរឹងមាំរបស់ប្រជាពលរដ្ឋ២គ្រួសារ ដែលអាជ្ញាធរថា បានសង់លយចូលដីរបស់វត្តពោធិ៍ចិនតុង ។ ខណៈនោះត្រូវបានប្រជាពលរដ្ឋទាំង២គ្រួសាររារាំង និងតវ៉ាយ៉ាងខ្លាំងក្លាដោយដោយនិយាយថា អាជ្ញាធរអត់បានជូនដំណឹងមុននឹងចុះវាយ មិនតែប៉ុណ្ណោះពួកគាត់បានរើសដុំថ្មគប់ទៅលើគ្រឿងចក្របណ្ដាលឲ្យបែកកញ្ចក់រងការខូចខាតយ៉ាងដំណំ ។
ការចុះវាយកម្ទេចសំណង់សង់លយចូលដីវត្តខាងលើបានធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ចំណុចក្នុងវត្តពោធិ៍ចិនតុង ភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដឹកនាំដោយ ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ និងមានការចូលរូមពីមន្ត្រីភូមិបាលខណ្ឌ អាវុធហត្ថខណ្ឌ នគរបាលខណ្ឌ និងមន្ត្រីជាច្រើនរូបទៀតផងដែរ ។
អាជ្ញាធរបាននិយាយថា មុននឹងប្រើធម៌ក្តៅនេះអាជ្ញាធរក៏បានធ្វើលិតអញ្ជើញ និងជូនដំណឹងទៅភាគីពាក់ព័ន្ធពីគ្រួសារខាងលើជាច្រើនលើកឲ្យចូលខ្លួនមកដោះស្រាយតាមបណ្ដឹងរបស់ព្រះសង្ឃប៉ុន្តែពួកគាត់មិនព្រមចូល ទើបពេលនេះអាជ្ញាធរប្រើធម៌ក្តៅតែម្តង ។ ដោយឡែកពលរដ្ឋពីគ្រួសារនោះមានការមិនសុខចិត្តដោយចោទអាជ្ញាធរថាមិនបានជូនដំណឹងទៅកាន់ពួកគេឲ្យបានដឹងជាមុននោះឡើយ ។ ខណៈចុះអនុវត្តនោះក៏មានការប៉ះទង្គេចពីប្រជាពលរដ្ឋ២គ្រួសារខាងលើយកដុំថ្មគប់មកលើគ្រឿងចក្រ និងអាជ្ញាធរថែមទៀតផង ទើបអាជ្ញាធរសម្រេចដកកម្លាំង និងគ្រឿងចក្រចេញមកវិញដើម្បីកុំឲ្យមានការបន្ទុះសារាយ និងស្រែទ្រហ៊ោយំ ពីសំណាក់ពលរដ្ឋថែមទៀតផង ៕ សុខាសែនជ័យ