ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តដឹកស្រីស្នេហ៍ឡើងស្ពាន ជ្រុលបុកឃឿនបង្កគ្រោះថ្នាក់ចរាចរណ៍ និងជេរប្រមាថអ្នកសារព័ត៌មាន រីឯសមត្ថកិច្ចឈរមើល

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាជោកជាំ បានបើករថយន្តមួយគ្រឿងដឹកស្រីស្នេហ៍ ឡើងលើស្ពានជ្រោយចង្វា រេចង្កូតបុកឃឿនស្ពានបណ្តាលឲ្យខ្ទាតរាយប៉ាយបាក់អស់ចំនួន៨កង់ បន្តដំណើរទៅមុខលែងរួច ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤និង១៥នាទីទៀបភ្លឺ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវព្រះមុនីវង្ស នៅចំណុចលើស្ពានជ្រោយចង្វា ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរស ម្នាក់ វ័យប្រហែលជិត30ឆ្នាំ បើកបររថយន្តមួយគ្រឿង ម៉ាក មែកសឺដេស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ សៀមរាប 2A-8454 ដឹកស្រីស្នេហ៍បើកបរតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីលិចទៅកើត ខណៈបើកមកដល់ចំណុចកើតហេតុ ដោយបើកឡើងស្ពានយ៉ាងលឿន ខ្វះការប្រុងប្រយ័ត្នរេចង្កូតជ្រុលទៅបុកនឹងឃឿនដាក់ការពារសម្រាប់ផ្លូវម៉ូតូធ្វើដំណើរបណ្តាលឲ្យបុកបាក់វៀចអស់៧ទៅ៨កង់ ហើយរថយន្តបង្កគាត់មិនព្រមឈប់នៅដោះស្រាយនោះទេ ក៏បន្តបើករត់គេចខ្លួនពីចំណុចកើតហេតុ ទាំងរថយន្តរងការខូចខាត បែកកង់មុខទាំងសងខាងឡើងដល់ពាក់កណ្តាលស្ពាន ក៏ទៅមុខលែងរួចហើយភ្លាមៗនោះដែរ ស្រីស្នេហ៍របស់ម្ចាស់រថយន្តក៏បានចុះចេញមកពីរថយន្តរួចហៅម៉ូតូកង់បីជិះចេញទៅបាត់ស្រមោល ប៉ុន្តែក្រោយមក ក៏មានអ្នកយកព័ត៌មានជាច្រើន មកផ្តឹតយករូបភាពនៅកន្លែងករណីរថយន្តបុកឃឿន បង្កគ្រោះថ្នាក់នៅលើស្ពាន បែរជាម្ចាស់រថយន្តស្រវឹងស្រា ហើយរករឿងនិងគំរាមរកវាយអ្នកសារព័ត៌មានទៀត និងចង្អុលដើមទ្រូង និងទាញម៉ូតូឲ្យដួលថែមទៀត នៅជុំវិញកន្លែងកើតហេតុ គេសង្គេតឃើញមានសមត្ថកិច្ចប៉ុស្តិ៍ និងជំនាញចរាចរណ៍នៅទីនោះផងដែរ តែហាក់គ្មានជួយធ្វើអន្តរាគមន៍សោះ ដូចខ្លាចអំណាចជនបង្ក និងបណ្តោយឲ្យជនបង្កគ្រោះថ្នាក់ជេរប្រមាថគេឯងតាមចិត្តបែបនេះ ។

ក្រោយកើតហេតុខាងលើនេះ រថយន្តបង្កត្រូវបានសមត្ថកិច្ចវាសវែងស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ ៕ ធឿនព្រែកជ័យ


ចែករំលែក៖