ព័ត៌មានទាន់ហេតុការណ៍៖

ចោរជំនាញឆក់៤នាក់ អស់ល័ក្ខណ៍ជាប់អន្ទាក់នគរបាលខណ្ឌពោធិ៍សែនជ័យ

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យជាមុខសញ្ញាចោរឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋតាមដងផ្លូវសាធារណៈពីរក្រុមចំនួ​ន៤នាក់ អស់ល័ក្ខណ៍ ត្រូវជាប់អន្ទាក់របស់នគរបាលខណ្ឌពោធិ៍សែនជ័យ ប្រដេញចាប់យកទៅចាត់ការតាមនីតិវិធីច្បាប់ ។

ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ នៅតាមមហាវិថីសហព័ន្ធរុស្ស៊ី​ ភូមិតាងួន​ សង្កាត់កាកាបទី១​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ ។

ជនសង្ស័យមួយក្រុម មានគ្នា​៤នាក់ខាងលើ រួមមាន ៖ ជនសង្ស័យទី១ ឈ្មោះ ឡូញ មីងសែង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ ជនសង្ស័យទី២ឈ្មោះ ប៉ែន វិរះ ភេទប្រុសអាយុ២០ឆ្នាំ មុខរបរមិនពិត ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ជនសង្ស័យទី៣ ឈួន ចំរ៉ុង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។ ជនសង្ស័យទី៤ ចាន់ ប្រុសពេជ្រ ភេតប្រុសអាយុ១៩ឆ្នាំ មុខរបរមិនពិត ស្នាក់នៅភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យទាំងនោះជិះ ម៉ូតូ២គ្រឿង ១ ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរី២០១៥ ពណ៌ខ្មៅពាក់ ស្លាកលេខ ភ្នំពេញ 1FC-4284 ទី២ម៉ូតូម៉ាក ហុងដាសេ ១១០ ស៊េរី ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1FJ-5553 ។

លោករវសេនីយ៍ឯក យឹម សារ៉ាន់ បានប្រាប់ ឲ្យដឹងថា មុនពេលកើតហេតុ​ កម្លាំងរបស់លោកដែលកំពុងល្បាតពួនស្នាក់ ក្នុងមូលដ្ឋាន ក៏ប្រទះឃើញជនសង្ស័យជាមុខសញ្ញាចាស់ក៏បាន ធ្វើការប្រដេញឃាត់ខ្លួនជន សង្ស័យចំនួន៤នាក់តែម្តង ។

តាមចម្លើយសារភាព របស់ជនសង្ស័យថា ក្រុមពួកគេធ្លាប់ធ្វើសកម្មភាព៣នាក់ នៅផ្លូវវេងស្រេង កាលកំឡុងចុងខែមិថុនា និងដើមខែកក្កដា ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ និងធ្វើជាង១០ដង នៅក្នុងខណ្ឌចំការមន មិនចាំថ្ងៃខែ ។

បច្ចុប្បន្នជនសង្ស័យបានបញ្ជូនមកកាន់ ផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រង់ចាំឡើងតុលារការចាត់ការតាមនីតិវិធី ៕ សុខាសែនជ័យ​


ចែករំលែក៖