ព័ត៌មានទាន់ហេតុការណ៍៖

តម្លៃប្រេងកើនឡើង​២ដុល្លារក្នុងមួយបារ៉ែល នាថ្ងៃទី​១១ ខែកក្កដា ដោយភាពតានតឹងនៅតំបន់ឈូងសមុទ្រ

ចែករំលែក៖

ស្ថានភាពនៅតំបន់ឈូងសមុទ្រពែក្ស ដែលជាច្រកផ្លូវ​ដ៏សំខាន់បំផុត ក្នុងការដឹកជញ្ជូនប្រេង​ កំពុងប្រឈមមុខតានតឹងយ៉ាងខ្លាំងបំផុត ក្រោយអ៊ីរ៉ងប៉ុនប៉ងចាប់នាវាដឹកប្រេងរបស់អង់គ្លេស ជាការសងសឹក​ ។ ​ តម្លៃប្រេងនៅលើពិភពលោកនាថ្ងៃទី​១១ ខែកក្កដានេះ​ បានកើនឡើងដល់ទៅ​២ដុល្លារ ក្នុងមួយបារ៉ែល​ ។

តម្លៃប្រេងកើនឡើងក្រោយនាវាអ៊ីរ៉ង់​៥គ្រឿង ប៉ុនប៉ងចាប់នាវាដឹកប្រេងជាង​៣សែនតោនរបស់អង់គ្លេស មិនបានសម្រេច ​កាលពីថ្ងៃទី​១០ ខែកក្កដា ដោយ នាវាចម្បាំង HMS Montrose របស់អង់គ្លេស​បានតម្រង់កាំភ្លើង មានកាណុង​៣០មីលី្លម៉ែត្រ ទៅលើ​ នាវាអ៊ីរ៉ង់ទាំង​៥គ្រឿង ហើយព្រមានវាយប្រហារ បណ្តាលឲ្យនាវាអ៊ីរ៉ង់ទាំងអស់ត្រូវចាកចេញ ។

ចាប់តាំងពីមានហេតុការណ៍បាញ់ប្រហារទៅលើនាវាដឹកប្រេង ពីរគ្រឿងកន្លងមក ក៏ដូចជាការចាប់នាវាដឹកប្រេងរបស់អ៊ីរ៉ង់ ពីសំណាក់ទាហានជើងទឹកអង់គ្លេស ធ្វើឲ្យស្ថានភាពនៅក្នុងតំបន់ កាន់តែតានតឹង​ ។ ប្រទេសជាច្រើនដែលមាននាវាដឹកប្រេងរបស់ខ្លួនឆ្លងកាត់ទីនោះ បានបញ្ជូននាវាចម្បាំងរៀងៗខ្លួន ទៅការពារនាវាដឹកទំនិញ​ ។

អ៊ីរ៉ង់មានគម្រោងចាប់នាវាដឹកប្រេងរបស់អង់គ្លេស ជាការសងសឹកទៅលើអង់គ្លេស ដែលបានចាប់នាវាដឹកប្រេងរបស់អ៊ីរ៉ង់នាពេលកន្លងមក ។ ប៉ុន្តែការឡោមព័ទ្ធចាប់នោះមិនបានសម្រេច ក្រោយនាវាពិឃាតអង់គ្លេស បានតម្រង់កាំភ្លើង ទៅលើនាវាទាំង​៥គ្រឿងរបស់អ៊ីរ៉ង់​ ។

នាវាដឹកប្រេងរបស់អង់គ្លេស ឈ្មោះ British Heritage​កំពុងតែចាកចេញពីឈូងសមុទ្រពែក្ស ក៏ត្រូវនាវាអ៊ីរ៉ង់​៥គ្រឿងឡោមព័ទ្ធ ហើយបញ្ជាឲ្យនាវាដឹកប្រេងនោះបង្វែទិសដៅ​ ​ចូលទៅកាន់ដែនសមុទ្ររបស់អ៊ីរ៉ង់ ។ យន្តហោះស៊ើបការណ៍អាមេរិកនៅក្បែរនោះថតបាននូវទិដ្ឋភាព ទាំង​នោះ​ ។ ភ្លាមៗនោះ នាវាចម្បាំងរបស់អង់គ្លេស​ HMS Montrose ដែលអមការពារនាវាដឹកប្រេង ពីខាងក្រោយ ក៏បានតម្រង់កាំភ្លើង​ទៅលើនាវាអ៊ីរ៉ង់​ ហើយបានព្រមានតាមវិទ្យុទាក់ទង​ ។

ប្រធានាធិបតីអ៊ីរ៉ង់ លោក​ Hassan Rouhani ​កាលពីថ្ងៃទី​១០ ខែកក្កដា បានព្រមានថា អង់គ្លេសនឹងជួបនូវលទ្ធផលអាក្រក់ ក្រោយចាប់នាវាដឹកប្រេងរបស់អ៊ីរ៉ង់ កាលពីសប្តាហ៍កន្លងមក ។ លោក រ៉ូហានី បានបញ្ជាក់ទៀតថា អង់គ្លេសគឺជាអ្នកចាប់ផ្តើមមុន ហើយនឹងទទួលរងនៅលទ្ធផលអាក្រក់ជាមិនខានឡើយ ។

ចំណែកមេបញ្ជាការកងទ័ពអាមេរិក លោក​ Joseph Dunford បានប្រកាសថា ​អាមេរិក និងសម្ព័ន្ធមិត្ត​កំពុងតែសហការ ការពារ សេរីភាពចរាចរណ៍នៅតំបន់សមុទ្រ ជាប់អ៊ីរ៉ង់ ដែលកំពុងតែរងការគំរាមកំហែងពី ទាហានជើងទឹកអ៊ីរ៉ង់ ៕


ចែករំលែក៖