ខេត្តព្រះសីហនុ៖ កាលពីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ មានអគ្គិភយ័ឆេះចេញពីបន្ទប់ជាន់ទី១២ក្នុងអគារកម្ពស់ជាង១០ជាន់មួយកន្លែង ដែលកំពុងសាងសង់ជិតរួចរាល់របស់ក្រុមហ៊ុនជនជាតិចិន នៅតាមផ្លូវហួសពីសណ្ឋាគារខ្សាច់ស អូរឈើទាល ក្រុងព្រះសីហនុ ។
ពេលកើតហេតុ សមត្ថកិច្ចផ្នែកពន្លត់អគ្គិភយ័ ទាំងនគរបាល និងកងរាជអាវុធហត្ថបានអន្តរាគមន៍ទៅជួយពន្លត់ភ្លាមៗដែរ ដែលតាមសមត្ថកិច្ចថា មិនមានមនុស្សរងគ្រោះថ្នាក់អ្វីទេ និងថាដើមហេតុនៃអគ្គិភយ័នេះ សមត្ថកិច្ចបានសន្និដ្ឋានថា អាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។
រីឯការបាញ់ទឹកពន្លត់ភ្លើងដែលឆេះអគារខ្ពស់នេះ សមត្ថកិច្ចប្រាប់ថា ដោយនៅក្នុងអគារនេះ មានរៀបចំប្រពន្ធ័ទុយយោទឹកសម្រាប់ពន្លត់អគ្គិភយ័នៅគ្រប់ជាន់ទាំងអស់ បានបង្កលក្ខណៈងាយស្រួលដល់ប្រតិបត្តិការពន្លត់ ក្នុងនោះ សមត្ថកិច្ចជំនាញបានប្រើបំពង់អុកសុីហ្ស៊ែនឡើងទៅបាញ់ទឹកពន្លត់ដល់ជាន់ដែលឆេះ រហូតរលត់ជាស្ថាពរ ៕ ឆ្លាម សមុទ្រ