ភ្នំពេញ៖ រថយន្តដឹកខ្សាច់ធុនធំចំនួន២គ្រឿង និងរថយន្តតាក់ស៊ីចំនួន២គ្រឿង រួមជាមួយម៉ូតូចំនួន៥គ្រឿង ដែលធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ បង្កភាពរញេរញ៉ៃ លើដងផ្លូវជាតិលេខ១ ត្រូវបានលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ណែនាំឲ្យកម្លាំងសន្តិសុខខណ្ឌ ចាប់យកមករក្សាទុកមួយរយៈដើម្បីជាការព្រមាន កុំឲ្យបំពានលើគោលការណ៍ណែនាំរបស់រដ្ឋបាលខណ្ឌ ។
យុទ្ធនាការរៀបចំសណ្តាប់ធ្នាប់លើដងផ្លូវជាតិ និងផ្លូវមួយចំនួនទៀតក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅនេះធ្វើឡើងជាប្រចាំ សម្រាប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ។ អាជ្ញាធរខណ្ឌច្បារអំពៅបានចុះចាប់រថយន្តដឹកខ្សាច់ធុនធ្ងន់ដែលដឹកជញ្ជូនខ្សាច់សើម ធ្វើឲ្យទឹកហូរលាយខ្សាច់ចេញពីរថយន្តធ្លាក់មកលើផ្លូវជាតិលេខ១ចំនួន២គ្រឿង រថយន្តតាក់ស៊ីដែលឈប់ចតនៅលើចិញ្ចើមផ្លូវជាតិលេខ១ចំនួន២គ្រឿង និងម៉ូតូចំនួន៥គ្រឿងដែលឈប់ចតបំពានបំរាមហាមចតនៅមុខផ្សារព្រែកឯង ។
លោកញៀន ច័ន្ទសោភា នាយករងរដ្ឋបាលដែលដឹកនាំកម្លាំងចុះចាប់យានយន្តដែលធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈបានប្រាប់ដូច្នេះថា ដោយមានការណែនាំផ្ទាល់ពីលោកអភិបាលខណ្ឌ កម្លាំងសន្តិសុខខណ្ឌបានបែងចែកគោលដៅគ្នាចុះយុទ្ធនាការតាមដងផ្លូវ ជាពិសេសផ្លូវជាតិលេខ១ ។ ជាលទ្ធផលសម្រាប់ថ្ងៃទី១១ ខែកក្កដា នេះកម្លាំងសន្តិសុខដែលចុះយុទ្ធនាការ ចាប់បានរថយន្តដឹកខ្សាច់ធុនធ្ងន់ប្រភេទយីឌុបចំនួន២គ្រឿង ដោយសារតែរថយន្តដឹកខ្សាច់ទាំង២គ្រឿងនេះដឹកខ្សាច់សើមហូទឹកលាយខ្សាច់ធ្លាក់មកលើផ្លូវជាតិថែមទាំងអត់គ្របទៀតធ្វើប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ។
ចំណែករថយន្តតាក់ស៊ីទាំង២គ្រឿងទៀត ដែលសមត្ថកិច្ចចាប់យកមករក្សាទុកនៅសាលាខណ្ឌនេះ ដោយសារតែរថយន្តរថយន្តតាក់ស៊ីមិនអនុវត្តតាមការណែនាំរបស់រដ្ឋបាលខណ្ឌនោះឡើយ គឺឈប់ចតនៅលើចិញ្ចើមផ្លូវជាតិលេខ១ហើយរត់ចាប់ម៉ូយដាក់រថយន្តប្រសេចប្រសាចធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ ទើបសមត្ថកិច្ចចាប់យកមករក្សាទុក ៧ថ្ងៃបើមានការអន្តរាគមន៍ លោកអភិបាលខណ្ឌឲ្យរក្សាទុករហូតដល់កន្លះខែដើម្បីឲ្យរាងចាល ។ ដោយឡែកម៉ូតូ៥គ្រឿងដែលចាប់នៅមុខផ្សារព្រែកឯងដោយសារតែម្ចាស់ម៉ូតូឈប់ចតនៅលើចិញ្ចើមផ្លូវបំពាន និងបំរាម ហាមចត ។
ក្នុងនាមរដ្ឋបាលខណ្ឌសូមអំពាវនាវដល់ម្ចាស់យានយន្តដែលធ្វើចរាចរឆ្លងកាត់ភូមិសាស្ត្រខណ្ឌច្បារអំពៅត្រូវចូលរួមអនុវត្តច្បាប់ចរាចរ ក៍ដូចជាអនុវត្តតាមការណែនាំរបស់រដ្ឋបាលខណ្ឌដើម្បីសណ្តាប់ធ្នាប់ល្អ ផ្លូវមានសោភណ្ឌភាព និងបរិស្ថានស្អាត ទីក្រុងស្អាត គឺផ្តើមពីយើងទាំងអស់គ្នា ៕ សណ្តោស