ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ស្ពាន​នៅផ្លូវជាតិលេខ២ខូច គឺជាការបាត់ចំណូល​របស់លោក ម៉ម ពិសិដ្ឋ

ចែករំលែក៖

គេស្តីបន្ទោស​ថា ស្ពាននៅផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្តាលចាស់ពេកណាស់​ទៅហើយ បានជាខូច មិនអាចឲ្យរថយន្តធំៗធ្វើដំណើរឆ្លងកាត់បាន ។ ប្រការនេះ​ធ្វើឲ្យ​ប្រធានស្ថានីយថ្លឹងរថយន្ត​នៅផ្លូវជាតិលេខ​២ ចំណុចភូមិត្រពាំងត្រសាំង ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលខាតបង់ប្រយោជន៍ជាខ្លាំង ។ នៅលើកំណាត់ផ្លូវជាតិលេខ២ ដ៏ទ្រុឌទ្រោមនេះ មានស្ថានីយថ្លឹងរថយន្តពីរកន្លែង ដែលមួយកន្លែងស្ថិតនៅក្នុង​ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងមួយកន្លែងទៀតស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ ដែលស្ថានីយទាំងពីរមានចម្ងាយពីគ្នាប្រហែលជាង១០គីឡូម៉ែត្រប៉ុណ្ណោះ ។

ប្រភពព័ត៌មានបានរាយការណ៍ថា បើទោះបីជាកំណាត់ផ្លូវជាតិលេខ២ទ្រុឌទ្រោម មើលទៅគ្មានរថយន្តធំៗឆ្លងកាត់ក៏ដោយ ប៉ុន្តែ​ឲ្យតែពាក់ថា ជញ្ជីង​គឺ​តែងតែទទួលបានលាភសក្ការ​ជាធម្មតា ។ មិនតែប៉ុណ្ណោះក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្ហាញអំពីមោទនភាព ពីការ​ដែលទទួលបានផលប្រយោជន៍​ដ៏ច្រើនសន្ធឹកសន្ធាប់ពីការផាកពិន័យ​ចំពោះរថយន្តដឹកលើសទម្ងន់ ។ នៅក្នុងនោះ ស្ថានីយថ្លើងរថយន្ត​នៅ​លើផ្លូវជាតិលេខ២ ក៏បានរួមចំណែកលើកមុខ លើកមាត់លោក សេង ឈួន រដ្ឋលេខាធិការក្រសួង​សាធារណការ ដែល​ទទួលបន្ទុកខាងជញ្ជីងនេះថា បានប្រឹងប្រែងរកចំណូល​បានច្រើន​ពីការ​ផាកពិន័យចំពោះរថយន្តដឹកលើស​ទម្ងន់ ។ មោទនភាពនេះ​បញ្ជាក់ថា រថយន្តដឹកលើសទម្ងន់ ​កាន់តែច្រើន​ដែលកំពុងបំផ្លាញផ្លូវជាតិ ។

គេរាយការណ៍ថា លោក ម៉ម ពិសិដ្ឋ បានដាក់កម្លាំង​ឲ្យដេកចាំយកលុយពីរថយន្តដឹកទំនិញគ្រប់ប្រភេទ ឆ្លងកាត់ផ្លូវជាតិលេខ២ ។ វាជារឿងអាម៉ាស​សម្រាប់​ក្រុមជញ្ជីង​ ពីព្រោះថា ផ្លូវជាតិលេខ២ មានជញ្ជីងថ្លឹងរថយន្តពីរកន្លែង​ក្នុងចម្ងាយផ្លូវជាង១០គីឡូម៉ែត្រពីគ្នានោះ ។ បើផ្លូវនេះល្អ ស្រួលធ្វើដំណើរមិនថាទេ ប៉ុន្តែ​សូម្បីតែអ្នកជិះម៉ូតូក៏រអ៊ូរទាំ​ក្នុងការពិបាកធ្វើដំណើរដែរ ។ ប្រជាពលរដ្ឋនិយាយថា ផ្លូវយ៉ាងនេះសោះ ហេតុអ្វីចាំបាច់មានស្ថានីយថ្លឹងរថយន្ត២កន្លែងក្បែរៗគ្នាយ៉ាងនេះ? ច្បាស់ណាស់ថា ការបង្កើតស្ថានីយថ្លឹងរថយន្តទាំងពីរនេះ ក្នុងបុព្វហេតុ​នៃផលប្រយោជន៍នោះឯង ហើយក្នុងនោះលោក ម៉ម ពិសិដ្ឋ ត្រូវគេរាយការណ៍ថា ក៏ទទួលបានលាភសក្ការមិនស្ទើរដែរ​ក្នុងនាម​ជាប្រធាន​ស្ថានីយថ្លឹងរថយន្តលើផ្លូវជាតិលេខ២ ក្នុងស្រុកកណ្តាលស្ទឺង ខេត្តកណ្តាល ៕


ចែករំលែក៖