ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់មានរថយន្តមួយគ្រឿងមិនចាំស្លាកលេខ បានបុកម៉ូតូពីក្រោយអូសម៉ូតូប្រមាណ១០០ម៉ែត្រ ហើយរថយន្តបើកគេចបាត់ស្រមោល ។
ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង១ និង២០នាទីរំលងអធ្រាត្រ ឈានចូល ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវមុនីវង្ស ចំណុចជិតវត្តកោះ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ។ សពរងគ្រោះមានឈ្មោះជិន ស៊ីណែត អាយុជាង២០ ឆ្នាំ មុខរបរសន្តិសុខ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តឡិចស៊ីសពណ៌ស មិនចាំស្លាកលេខធ្វើដំណើរតាមបណ្ដោយផ្លូវមុនីវង្ស ពីត្បូងទៅជើងយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ បានជ្រុលទៅបុកម៉ូតូហុងដា ឌ្រីមសង់២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FL 5191 បើកបរយុវជនម្នាក់ និងមានអ្នករួមដំណើរម្នាក់បើកស្របគ្នាពីក្រោយ ពេញទំហឹងបណ្ដាលឲ្យយុវជនម្នាក់ស្លាប់ និងកន្លែង ចំណែកម្នាក់រងរបួសធ្ងន់ ហើយរថយន្តបង្កមិនព្រមឈប់នោះទេ ព្យាយាមបើករត់អូសម៉ូតូប្រមាណជាងមួយម៉ែត្រទើបរបូតម៉ូតូចេញរថយន្តបានបើកគេចចេញពីកន្លែងបាត់ស្រមោល ហើយជនរងរបួសធ្ងន់ត្រូវរថយន្តសាម៉ុយឯកជនដឹកយកទៅសង្គ្រោះ ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាន ខណ្ឌដូនពេញរង់ចាំដោះស្រាយតាមផ្លវច្បាប់ ។
ចំណែកសពរងគ្រោះសមត្ថកិច្ចទាក់ទងក្រុមគ្រួសារមកយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ជ្រោយពេជ្រ