ភ្នំពេញ៖ បុរសម្នាក់បើកបររថយន្តក្រឡុកបេតុងរបស់ក្រុមហ៊ុន ហូមម៉ាស្ទ័រគ្រុបមួយគ្រឿងក្នុងល្បឿនយ៉ាងលឿនដោយខ្វះការប្រុងប្រយ័ត្នត្រង់ចំណុចផ្លូវបំបែក ក៏ជ្រុលទៅបុករថយន្តកាមរីគូទស្វិតមួយគ្រឿងទៀតដែលបើកឆ្លងផ្លូវ រួចក៏ជ្រុលបន្តទៅបុក និងបង្គោលភ្លើងស្តុបចរាចរណ៍បណ្ដាលឲ្យបាក់អស់មួយដើម កាលពីវេលាម៉ោង១ និង៤០នាទីរំលងអធ្រាត្រ ឈានចូល ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចស្តុប២៤ម៉ោង ស្ថិតតាមបណ្ដោយផ្លូវហាណូយកែង និងផ្លូវឧកញ្ញ៉ាម៉ុងរិទ្ធី ក្នុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានដឹងថា នៅមុនពេលកើតហេតុគេឃើញប្ដីប្រពន្ធមួយគូបើកបររថយន្តមួយគ្រឿងម៉ាក កាមរីស្វិត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2B-6453 ។ ដោយបើកធ្វើដំណើរតាមបណ្ដោយផ្លូវសម្ដេចជាស៊ីម ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ។ លុះមកដល់ចំណុចកើតហេតុ រថយន្តខាងលើ ក៏បានបើកឆ្លងកាត់ផ្លូវហាណូយ ខណៈពេលដែលភ្លើងស្តុបលែងដំណើរការ ហើយស្របពេលនោះដែរ ក៏ស្រាប់តែមានរថយន្តក្រឡុកបេតុងមួយគ្រឿងទៀតម៉ាក ហ៊្វុយហ្សូរ ពណ៌ស របស់ក្រុមហ៊ុនហូមម៉ាស្ទ័រគ្រប់ ពាក់ស្លាកលេខ ភ្នំពេញ5A-1348 ដែលបើកបរដោយបុរសម្នាក់ក្នុងល្បឿនយ៉ាងលឿន តាមបណ្ដោយផ្លូវហាណូយ ក្នុងទិសពីត្បូងទៅជើង ដោយខ្វះការប្រុងប្រយ័ត្ន រួចក៏ជ្រុលទៅបុក និងរថយន្តកាមរីស្វិតខាងលើចំពាក់កណ្តាលពេញ ។ បណ្ដាលឲ្យរងការខូចខាតក្រពឹតមួយចំហៀងខាងស្ដាំយ៉ាងដំណំ និងបណ្ដាលស្ត្រីដែលជាប្រពន្ធរួមដំណើរលើរថយន្តខាងលើរងរបួសបាក់ដងកាំបិតខាងស្ដាំ ។ ប៉ុន្តែរថយន្តបង្កនៅមិនទាន់អស់ល្បឿនក៏បន្តជ្រុលទៅខាងមុខទៅបុក និងបង្គោលភ្លើងស្តុបចរាចរណ៍មួយដើមរួមជាមួយ និងបង្គោលស្លាកលេខផ្លូវមួយដើមដែលនៅលើចិញ្ចើមផ្លូវបណ្ដាលឲ្យបាក់រាបដល់ដី ចំណែកឯរថយន្តបង្កបានរងការខូចខាតក្រពឹតផ្នែកខាងមុខ ។
ភ្លាមៗនោះក៏មានរថយន្តសង្គ្រោះបន្ទាន់របស់គ្លីនិកឯកជនសម្ភពពន្លឺបានមកធ្វើការដឹកស្ត្រីជនរងគ្រោះទៅសង្គ្រោះភ្លាមៗ ។ បន្ទាប់មកក៏មានសមត្ថកិច្ចមូលដ្ឋានដែលប្រចាំការនៅគោលដៅនោះបានធ្វើការឃាត់ខ្លួនបុរសដែលជាអ្នកបើកបររថយន្តបង្កផងដែរ ។
ក្រោយពេលកើតហេតុ ក៏មានសមត្ថកិច្ចជំនាញបានចុះមកវាស់វែងយករថយន្តទាំងពីរគ្រឿងរួមទាំងអ្នកបើកបរថយន្តបង្កកាន់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរងចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ជាបន្តទៀតនៅពេលក្រោយ៕ តុង សីហា