ភ្នំពេញ ៖ ជនមិនស្គាល់មុខ គប់បំបែកកញ្ចក់អគារពាណិជ្ជកម្ម ទិញ-លក់ខុនដូរ TIME CENTER ចូលទៅរើកកាយពេញក្នុងអគារ លួចយកបានទូរទស្សន៍ LED ៣គ្រឿង លើក យកចេញមកខាងក្រៅហើយ លើកយកម៉ាស៊ីនកុំព្យូទ័រ២គ្រឿងទៀតចេញមក ស្រាប់តែសំឡេងស៊ីរ៉ែន រោទិ៍លាន់ត្រហឹងពេញអគារ ហើយអំពូលភ្លើងលោតបើកភ្លឺភ្លឹបភ្លែតៗ ធ្វើឲ្យជនសង្ស័យ មានការភ័យស្លន់ស្លោ ទើបស្ទុះចេញមកវិញរត់គេចខ្លួនបាត់ ទើបបង្កការភ្ញាក់ផ្អើលដល់ក្រុមសន្តិសុខប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ESS ចុះមកពិនិត្យមើល និងរាយការណ៍ប្រាប់កម្លាំងល្បាតសហប៉ុស្តិ៍ ខណ្ឌ៧មករា ចុះមកឡោមព័ទ្ធពិនិត្យមើលផងដែរ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងជិត២រំលង អធ្រាត្រ ឈានចូល ថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០១៩នេះ នៅចំណុចអគារពាណិជ្ជកម្ម ទិញ-លក់ខុនដូរ TIME CENTER ជាប់ពហុកីឡដ្ឋានជាតិអូរឡាំពិក លើផ្លូវព្រះសីហនុ ស្ថិតក្នុង សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
បើតាមលោក ហេង សំអូន ប្រធានគ្រប់គ្រងគម្រោង សន្តិសុខ ESS បានរៀបប្រាប់ថា នៅមុនពេលកើតហេតុ ក្រុមចោរបានធ្វើសកម្មភាព គប់ទម្លុះជញ្ជាំងកញ្ចក់អគារពានិជ្ជកម្ម ទិញ-លក់ខុនដូរ TIME CENTER កើតហេតុខាងលើ ហើយបើតាមគាត់បានមើលកាមេរ៉ាសុវត្ថិភាពជាមួយក្រុមបច្ចេកទេសប្រព័ន្ធសុវត្ថិភាព ដែលចុះមកបើកពិនិត្យមើល ឃើញជនសង្ស័យចូលទៅរើកកាយ រករបស់មានតម្លៃពេញក្នុងអគារ តែពុំមានអ្វីយកបាន ព្រោះសុទ្ធតែជារបស់ Show Room ទើបជនសង្ស័យមកលួចយកទូរទស្សន៍ LED ម៉ាក TOSHIBA ចំនួន ៣គ្រឿង លើកយកចេញមកខាងក្រៅតាមកន្លែងដែលបំបែកកញ្ចក់ចូលលួចនោះ និងបានចូលលើកយកម៉ាស៊ីនកុំព្យូទ័រ ២គ្រឿងទៀត ចេញមកទុកក្បែរកន្លែងបំបែកកញ្ចក់នោះទៀត ស្រាប់តែសំឡេងស៊ីរ៉ែនរោទិ៏លាន់ត្រហឹងពេញអគារ ហើយអំពូលភ្លើងលោតបើកភ្លឺភ្លឹបភ្លែតៗ ធ្វើឲ្យជនសង្ស័យ មានការភ័យស្លន់ស្លោ ទើបស្ទុះចេញមកវិញហើយរត់គេចខ្លួនបាត់ បង្កការភ្ញាក់ផ្អើលដល់ក្រុមសន្តិសុខប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ESS ចុះមកពិនិត្យមើល និងរាយការណ៍ប្រាប់កម្លាំងល្បាតសហប៉ុស្តិ៍ ខណ្ឌ៧មករា ចុះមកឡោមព័ទ្ធពិនិត្យមើលផងដែរ ។
ក្រោយមកសមត្ថកិច្ច ខណ្ឌ៧មករា រួមទាំងលោកអធិការ ខណ្ឌ៧មករា ចុះមកកន្លែងកើតហេតុ និងទំនាក់ទំនងទៅម្ចាស់អគារពានិជ្ជកម្ម ចុះមកបើកសោរ ឲ្យសមត្ថកិច្ចចូលទៅត្រួតពិនិត្យ និងរុករកពេញអគារ តែពុំមានស្លាកស្នាមអ្វី គួរឲ្យកត់សំគាល់នោះទេ ឃើញតែស្នាមបាក់ពិដាន ដែលធ្វើពីម្នាងសិលាតែប៉ុណ្ណោះ និងទូរទស្សន៍ LED ទាំង៣គ្រឿង និងម៉ាស៊ីនកុំព្យូទ័រ២គ្រឿង ដែលទុកតាំងលើតុ Show Room ជាន់ផ្ទាល់ដី ត្រូវបានជនស្ស័យលួចយកចេញទៅតែដោយសារតែសំឡេងស៊ីរ៉ែនរោទិ៏លាន់ត្រហឹងពេញអគារ ទើបធ្វើឲ្យជនសង្ស័យរត់គេចខ្លួនបាត់ស្រមោលអស់ បន្សល់ទុកតែទូរទស្សន៍ LED ទាំង៣គ្រឿង នៅខាងក្រៅអគារតែប៉ុណ្ណោះ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន ខណ្ឌ៧មករា និងក្រុមសន្តិសុខប្រព័ន្ធកាមេរ៉ាសុវត្ថិភាព បានរាយការណ៍ជូនថ្នាក់លើរាងខ្លួន ដើម្បីរងចាំខាងសមត្ថកិច្ចស្រាវជ្រាវ តាមជំនាញបន្ត ដើម្បីកំណត់មុខសញ្ញា តាមចាប់យកមកផ្ដន្ទាទោសឲ្យខានតែបាន ៕ ជ្រោយពេជ្រ